ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចដ៏មានខ្លឹមសារទៅកាន់ «បណ្ណាល័យសម្តេចម៉ែ»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នគរគំនិត 45
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចដ៏មានខ្លឹមសារទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចដ៏មានខ្លឹមសារទៅកាន់ «បណ្ណាល័យសម្តេចម៉ែ»

(ភ្នំពេញ)៖ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេល បារយ៉ូស ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកូនស្រី និងក្រុមការងារធ្វើទស្សនកិច្ចមកកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីបង្ហាញអំពីការទទួលស្គាល់ចំពោះវត្តមាននៃបណ្ណាល័យនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកិត្តិយសបានទស្សនាពិព័រណ៍សំខាន់ៗទាំងពីរ របស់បណ្ណាល័យសម្តេចម៉ែ រួមមាន៖ ព្រះឆាយាល័ក្ខណ៍ សម្តេចព្រះបរមរតនកោដ្ឋ និងប្លង់រចនាអគារ វិទ្យាស្ថានស្លឹករឹត ព្រមទាំងបរិក្ខាររក្សាទុក និងចងក្រងឯកសាររាប់សែនទំព័រ ដែលជាសមិទ្ធផល នៃការងារ ក្នុងរយៈកាលជាង២៥ឆ្នាំកន្លងមក របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាវជ្រៅចំពោះពិព័រណ៍ព្រះឆាយាល័ក្ខព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតបណ្ឌិត ហូលីយ៉ូ អេ.ជែលដ្រេស ដែលជាអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុ រៀបរាប់អំពីព័ត៌មានពិស្តារជា ភាសា អេស្ប៉ាញ។

នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានប្រារព្ធគម្រប់ខួបទី៦០ នៃចំណងមិត្តភាពការទូតរបស់ខ្លួន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០មក ម្ល៉េះ។

លោកស្រី លីយូរកា រ៉ូឌ្រីហ្គេល បារយ៉ូស បានលើកឡើងថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តមួយនេះ គឺចាប់ផ្តើមចេញពីទិសដៅស្របគ្នានៃប្រទេសទាំងពីរ គឺកម្ពុជា និងគុយបា ក្រោមការដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ហ្វីឌែល កាស្ត្រូ រូហ្ស ដោយប្រកាន់យកនូវគោលនយោបាយមិនចូលបក្សសម្ព័ន្ធដូចគ្នា នៅអំឡុងពេលសង្រ្គាមត្រជាក់រវាងប្លុកកុម្មុនីស្តនិងប្លុកសេរី។

អគ្គរដ្ឋទូតគុយបារូបនេះ បានគូសបញ្ជាក់ថា ថ្វីត្បិតតែសាធារណរដ្ឋគុយបាមានទីតាំងភូមិសាស្រ្តនៅទ្វីបអ៊ឺរ៉ុប ឯកម្ពុជា ស្ថិតនៅទ្វីបអាស៊ីក្តីចម្ងាយ ភូមិសាស្ត្រនេះ មិនបានបង្កជាការរអាក់រអួល ដល់ទំនាក់ទនងរវាងប្រទេសទាំងពីរទេ។ ប្រទេសទាំងពីរ នៅតែមានភាពជិតស្និទ្ធនឹងគ្នា ហើយបច្ចុប្បន្នប្រទេសទាំងពីរក៏បានប្រកៀកស្មាគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាក់ស្តែង នៅក្នុងសំណេរថ្លែងអំពីចំណងមិត្តភាពនៃប្រទេសកម្ពុជា និងគុយបា ដើម្បីអបអរគម្រប់ខួបលើកទី៦០ លោកស្រីឯកអគ្គរដ្ឋ ទូត បានលើកឡើងថា៖ «យើងនឹងបន្តការងារក្នុងការរឹតចំណងសម្ព័ន្ធភាពរបស់យើងហើយយើងប្រាកដថាចំណងមិត្តភាពរបស់យើងនឹងអាចតស៊ូប្រឆាំងនឹងគ្រប់ប្រភេទជំងឺទាំងអស់»។

តាមរយៈដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាលើប្រធានបទនានាជុំវិញការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រតិភូកិត្តិយសបានបង្ហាញអំពីការគាំទ្រ និងការពេញចិត្តយ៉ាងក្រៃលែងចំពោះបណ្ណាល័យ សម្តេចម៉ែ។ តំណាងឱ្យប្រតិភូកិត្តិយសនិងស្ថានទូតសាធារណរដ្ឋគុយបា លោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស បានរក្សាទុកចំណារអនុស្សាវរីយ៍នៅលើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានសេចក្តីដូចតទៅ៖

«នេះពិតជាកិត្តិយស សម្រាប់ខ្ញុំ និងកូនស្រីរបស់ខ្ញុំ អាល់លីន ក្នុងការទទួលបានបទពិសោធន៍ដ៏វិសេសវិសាលមកកាន់ «បណ្ណាល័យ សម្តេចម៉ែ»។ ក្នុងឱកាសនេះ យើងទាំងពីរអាចយល់ដឹងជាច្រើនអំពីប្រវត្តិសាវតានៃរាជវង្សានុវង្ស និងប្រជាជនកម្ពុជា។ ប្រទេសគុយបា និងកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតសម្ព័ន្ធភាពការទូត រវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ គឺជាផ្នែកមួយ នៃការអបអរគម្រប់ខួបនេះ។ ពីខ្ញុំ លីយូរកា រ៉ូឌ្រីហ្គេល បារយ៉ូស អគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងកូនស្រីរបស់ខ្ញុំ អាល់លីន រ៉ូឌ្រីហ្គេល បារយ៉ូស»៕