ខ្មែរប៉ុស្ដិ៍ Close

ទឹកធ្លាក់ «លែងអង លែងឃិន» សំងំលាក់ខ្លួនក្នុងព្រៃជាទីឋានទេសចរណ៍ធម្មជាតិ នៅខេត្តមណ្ឌលគិរី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 31
ទឹកធ្លាក់ «លែងអង លែងឃិន» សំងំលាក់ខ្លួនក្នុងព្រៃជាទីឋានទេសចរណ៍ធម្មជាតិ នៅខេត្តមណ្ឌលគិរី ទឹកធ្លាក់ «លែងអង លែងឃិន» សំងំលាក់ខ្លួនក្នុងព្រៃជាទីឋានទេសចរណ៍ធម្មជាតិ នៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ មណ្ឌលគិរី ជាខេត្តមួយស្ថិតនៅក្នុងភូមិភាគឦសាន ប្រទេសកម្ពុជា និងជាទីឋានមួយសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ខណៈតំបន់ទឹកធ្លាក់ធម្មជាតិ ក៏មានច្រើនជាអនេក។ ទឹកធ្លាក់ «លែងអង លែងឃិន» ដែលជាកេរ្តិ៍ដំណែលធម្មជាតិ បានសំងំលាក់ខ្លួនក្នុងព្រៃភ្នំ អមជាមួយទេសភាពដ៏ស្រស់ត្រកាលកំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅទីនេះ។

ក៏ប៉ុន្តែគួរស្តាយ តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះ ត្រូវបានភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ភាគច្រើនបានមើលរំលង។ បើបានទៅលេងម្តងនោះពិតជាជាប់ចិត្តជាមួយសម្រស់ធម្មជាតិ ទឹកធ្លាក់ត្រជាក់ ជាប់កាយ រួមជាមួយការទទួលទានអាហាររបស់បងប្អូនជាតិដើមភាគតិចព្នង ដ៏ឆ្ងាញ់ពិសារ និងប្លែកមាត់ជាដើម។

ទឹកធ្លាក់ «លែងអង លែងឃិន» មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីផ្លូជាតិលេខ៧៦ ដោយធ្វើដំណើរតាមច្រកចូលផ្លូវលំក្រហម នៅផ្នែកខាងឆ្វេងដៃ។ ពេលធ្វើដំណើរពីភ្នំពេញហួស ច្រកផ្លូវស្រុកអូរាំង ប្រមាណ១០០ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែកាយ និងងួតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយពីទីក្រុងសែនមនោរម្យ ២៦គីឡូម៉ែត្រ។

ចម្ងាយប្រមាណ ២០០ម៉ែត្រ ពីទីកម្សាន្ដទឹកធ្លាក់ ដោយដើរតាមផ្លូវប៉ុនមួយទំហំខ្លួន ដែលគ្មានស្លាកសញ្ញាបញ្ជាក់អ្វីទាំងអស់។ រមណីយដ្ឋាន «លែងអង លែងឃិន» ហាក់បង្ហាញស្នាមញញឹម រង់ចាំភ្ញៀវមកកម្សាន្ដបំបាត់ភាពស្ងាត់ជ្រងំនៅទីនោះ។ ក្រោមសន្ធឹកទឹកធ្លាក់យ៉ាងទ្រហឹងបែកផ្សែង ទឹកធ្លាក់ «លែងអង លែងឃិន» បានជះចំហាយដ៏ត្រជាក់ស្រេង សម្រាប់ស្រោចស្រពរុក្ខជាតិ ជុំវិញ ដោយរក្សាពណ៌បៃតងខ្ចី និងផ្ដល់សន្សើមដល់ភ្ញៀវដើរចុះសសៀរៗ តាមជម្រាលទៅផ្នែកខាងក្រោម។

លោក តែប ខ្វឺត ជាប្រធានសហគមន៍ភូមិពូហ្សាម បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះទៅផ្តិតយករូបភាពដល់ទីតាំងនោះថា មុនមានជំងឺរាតត្បាតកូវីដ-១៩ តំបន់នេះមានភ្ញៀវ ទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើន ជាពិសេសក្នុងពិធីបុណ្យទានផ្សេងៗ ដូចជា បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកជាដើម ខណៈនៅរដូវប្រាំងក៏មានចំនួនភ្ញៀវមកទស្សនា ជាហូរហែរដោយភ្ញៀវអន្តរជាតិត្រូវចំណាយ ៥០០០រៀល និងភ្ញៀវជាតិ ១០០០រៀល ក្នុងម្នាក់។

ថ្លែងក្នុងសំនៀងរដឺន និងជាជនជាតិភាគតិចព្នង លោក តែប ខ្វឺត បានឱ្យដឹងថា សហគមន៍នេះបានបង្កើតឡើងជាង ៥ឆ្នាំមកហើយ ហើយទីឋានទឹកធ្លាក់នេះជាទីតាំងដែលដូនតារបស់ខ្លួនរកឃើញ និងអាស្រ័យនៅជាយូរយាណាមកហើយ។

ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក តែប ខ្វឺត បានលើកឡើងថា បើតាមការប៉ាន់ស្មាន មុនករណីរាតត្បាតជំងឺកូវីដ-១៩ តំបន់ទឹកធ្លាក់ «លែងអង លែងឃិន» បានទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាង៧០០០ ឬ៨០០០នាក់ នៅក្នុងមួយឆ្នាំ តាមរយៈការមកទស្សនារបស់ភ្ញើវទេសចរនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងអភិវឌ្ឍសហគមន៍របស់ពួកគាត់ជាដើម។

លោកស្រី ស្រឿង សែន ជាចុងភៅជនជាតិដើមភាគតិចព្នង បានបង្ហាញអារម្មណ៍សប្បាយរីករាយ តាំងពីបង្កើតជាសហគមន៍មកធ្វើឱ្យពួកគាត់ រកចំណូលបាន តាមរយៈការធ្វើម្ហូបជូនភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅតំបន់ទឹកធ្លាក់ «លែងអង លែងឃិន» នេះ ជាពិសេសធ្វើឱ្យពួកគាត់មានចំណូលបន្ថែម ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគាត់ជាដើម។

គួរជម្រាបថា នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន ៣៦កន្លែង ក្នុងនោះមានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋាន វប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់ជាដើម៕