ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួន៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 37
រដ្ឋសភាអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួន៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋសភាអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួន៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិ បានអនុម័តទាំងស្រុងនូវ សេចក្តីព្រាងច្បាប់ចំនួន៨ ដែលរៀបចំឡើងដោយរដ្ឋាភិបាល។

ការបន្តសម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសភាសរុប ១១៤នាក់ផងដែរ។

ក្នុងចំណោមសេចក្តីព្រាងច្បាប់ទំាង៨ ដែលរដ្ឋសភាអនុម័តនោះ សុទ្ធសឹងតែមានសារសំខាន់នៅក្នុងសង្គមជាតិ ពង្រឹងកិច្ចការសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងប្រទេសនិងអន្តរជាតិ ព្រមទំាងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ក្នុងវិស័យពាណិជ្ជកម្ម ច្បាប់និងបរិស្ថានទៀតផង។

ដូចជាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជាដើម។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានអភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារតវិញ, សេចក្តីព្រាងច្បាប់នេះ ជំរុញការចូលរួមរបស់កម្ពុជាកាន់តែសកម្ម នៅក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិការពារបរិស្ថាន។ អនុសញ្ញានេះ នឹងចូលរួមចំណែកបំពេញបន្ថែម ដល់ការអនុវត្តអនុសញ្ញាពហុភាគី ក្នុងវិស័យគំាពារបរិស្ថានដែលកម្ពុជាបានចូលជាភាគី ហើយព្រមទំាងចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ចគំាពារបរិស្ថាន សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ីវិញ មានគោលបំណងពង្រឹងមូលដ្ឋានច្បាប់ នៃការផ្តល់ការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដោយឈរលើគោលការណ៍គោរពនូវអធិបេត្យភាព សមភាព សុចរិតភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទំាងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាអាទិ៍ ដោយអនុលោមតាមច្បាប់ជាតិរបស់គូភាគី និងគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់។

ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនវិញ កម្ពុជាទទួលបានសារប្រយោជន៍ជាច្រើនពីសេចក្តីព្រាងច្បាប់នេះ។ សារៈសំខាន់ៗ ដែលកម្ពុជាទទួលបានសេចក្តីព្រាងច្បាប់នេះ មានដូចជា ធ្វើឲ្យពាណិជ្ជកម្មរវាងអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន មានភាពប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃសេដ្ឋកិច្ចសកល។ ធ្វើឲ្យកាន់តែស៉ីជម្រៅ នូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានាជាដើម។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ទាំង៨ ដែលរដ្ឋសភាបានពិភាក្សានិងអនុម័តនៅថ្ងៃនេះ រួមមាន៖

១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៉ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី។

៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។

៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

៨៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើ រដ្ឋសភាបានដំណើរតាមនីតិវិធីដោយចាប់ផ្តើមពីម៉ោង ៨៖០០នាទីព្រឹក ដំណើរការកិច្ចប្រជុំរហូតដល់ម៉ោង ១៤៖៥០នាទីរសៀល ទើបបិទបបញ្ចប់នៃកិច្ចប្រជុំ៕

អត្ថបទទាក់ទង