ខ្មែរប៉ុស្ដិ៍ Close

ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ កម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ ឲ្យបញ្ចប់ក្នុងពេលខាងមុខ និងធានាមិនឲ្យបាត់ដីឡើយ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 37
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ កម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ ឲ្យបញ្ចប់ក្នុងពេលខាងមុខ និងធានាមិនឲ្យបាត់ដីឡើយ (Video inside) ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ កម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ ឲ្យបញ្ចប់ក្នុងពេលខាងមុខ និងធានាមិនឲ្យបាត់ដីឡើយ (Video inside)

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋានអចិន្ដ្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា កម្ពុជានឹងខិតខំប្រឹងប្រែងដើម្បីបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦ភាគរយ ជាមួយភាគីវៀតណាម ឲ្យបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយធានាមិនឲ្យបាត់ដីសូម្បីមួយមីល្លីម៉ែត្រនោះឡើយ។

ក្នុងវេទិកាផ្សព្វផ្សាយស្ដីពី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានគូសបញ្ជាក់ថា កិច្ចការបង្គោលព្រំដែននេះមិនមែនជារឿងងាយស្រួលនោះទេ ហើយទាមទារឲ្យមានការសិក្សាលើផែនទីច្បាស់លាស់ជាមួយស្ថានភាពជាក់ស្ដែង។

បើតាមលោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ឧបសគ្គដែលភាគីកម្ពុជា-វៀតណាម ជួបប្រទះក្នុងការងារបោះបង្គោលព្រំដែននេះ គឺមានទាំងឧបសគ្គបច្ចេកទេស ឧបសគ្គផ្លូវច្បាប់ ហើយរហូតដល់នាយករដ្ឋមន្ដ្រីប្រទេសទាំងពីរ ស្នើសុំប្រធានាធិបតីបារាំង បញ្ជូនអ្នកជំនាញបារាំងជួយលើការងារនេះផងដែរ ពិសេសលើការងារបំលែងផែនទីពី ១/១០០ ០០០ មក១/៥០ ០០០។

ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានថ្លែងយ៉ាងដូច្នេះថា «ការងារបោះបង្គោលព្រំដែន ដែលនៅសល់១៦ភាគរយ យើងនឹងខិតខំសម្រេចឲ្យបាននៅក្នុងពេលឆាប់ៗខាងមុខនេះ បើអាចធ្វើទៅបាន ប៉ុន្ដែមានកត្តាច្រើនដែលជាឧបសគ្គត្រូវរកដំណោះស្រាយ មានទាំងឧបសគ្គបច្ចេកទេស ឧបសគ្គផ្លូវច្បាប់»។

ប៉ុន្ដែអ្វីដែលសម្រេចបានរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនបាន៨៤ភាគរយ ទេសរដ្ឋមន្ដ្រី បានចាត់ទុកថា នេះជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះក្នុងប្រវត្តិសាស្ដ្រដែលធ្លាប់មាននោះទេ។

ទេសរដ្ឋមន្ដ្រី បានអះអាងទៀតថា កម្ពុជា-វៀតណាម បានធ្វើពិធីសារមួយស្ដីពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ លោកសង្កត់ធ្ងន់ថា ពិធីសារនេះ គឺធ្វើឡើងដើម្បីបរិយាយអំពីខ្សែព្រំដែនទាំងអស់ ពីតំបន់កន្ទុយនាគ រហូតដល់កំពត (បង្គោលលេខ៣១៤) ដែលមានកម្រាស់ជាង២,០០០ទំព័រ។

ពាក់ព័ន្ធនឹងសំណួរថា តើប្រជាពលរដ្ឋខ្មែរ អាចមានផលលំបាកក្នុងការយល់អំពីបញ្ហាបោះបង្គោលព្រំដែន ដែលសុទ្ធតែការងារបច្ចេកទេសដែរឬទេ? ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានឆ្លើយតប និងបង្ហាញជំនឿថា ប្រជាពលរដ្ឋមិនលំបាកយល់នោះទេ លើការងារព្រំដែន ប្រសិនបើមិនមានអ្នកនយោបាយទៅបំផុសបំផុល និងបំផ្លើសពីការពិតលើការងារនេះ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ណាស់ក្នុងការការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឲ្យខ្មែរបាត់ដីដូចអតីតកាលទៀតនោះឡើយ ពោលរក្សាអ្វីដែលមាននៅពេលបច្ចុប្បន្ននេះ ហើយចំណុចដែលមិនទាន់ព្រមព្រៀងគ្នា ១៦ភាគរយនោះ គឺទាមទារឲ្យមានការឯកភាពគ្នារវាងភាគីទាំងពីរ ព្រោះភាគីនីមួយៗសុទ្ធតែមានភស្ដុតាងច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានឯកភាព និងព្រមព្រៀងគ្នា កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ភាគរយ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្ដ្រីវៀតណាម ចុះហត្ថលេខាទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងដែរថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ គឺមានសារសំខាន់ណាស់ ហើយប្រសិនបើមិនប្រឹងប្រែងបញ្ចប់ បញ្ហាព្រំដែននេះទេ កម្ពុជា និងវៀតណាម នៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត។ បញ្ហានេះងាយក្លាយជាកម្មវត្ថុប្រជែង ផ្នែកនយោបាយទៀតផង ដែលនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែន។

បើទោះបីការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបានលទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បន្តទាមទារឲ្យប្រទេសទាំងពីរ ត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេងមិនត្រឹមតែលើការងារ ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីនតំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីសោះនោះ ឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ៕

អត្ថបទទាក់ទង