ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ លើបុរសជនជាតិហុងគ្រីម្នាក់ ដែលកំពុងរត់គេចខ្លួន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 59
ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ លើបុរសជនជាតិហុងគ្រីម្នាក់ ដែលកំពុងរត់គេចខ្លួន ក្រសួងសុខាភិបាលរកឃើញករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ លើបុរសជនជាតិហុងគ្រីម្នាក់ ដែលកំពុងរត់គេចខ្លួន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានដោយបញ្ជាក់ពីករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រីម្នាក់ នៅខេត្តសៀមរាប ដែលកំពុងរត់គេចខ្លួនបាត់ពីកន្លែងស្នាក់នៅ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា ជាបុរសដែលសង្ស័យឆ្លងជំងឺកូវីដ-១៩នេះ ជាជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅ កន្លែងស្នាក់នៅរបស់តាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា១១៖០០យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចនៃថ្ងៃដដែល។

ទន្ទឹមនឹងពេលនៃការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាង លើរបស់គាត់បាត់តែម្ដង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ ហុងគ្រីរូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។

ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ (តាំងពីម៉ោងប្រហែលជា៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន។ ក្រុមឆ្លើយតបបន្ទាន់ និងធ្វើការស្រាវជ្រាវភ្លាមៗ នៅពេលរកឃើញបុរសនេះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនមេត្តា ប្រសិនបើបានឃើញ ឬដឹងព័ត៌មានអំពីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំនេះ សូមលោកអ្នក មេត្តាជួយផ្តល់ព័ត៌មានឱ្យបាន ឆាប់ជាទីបំផុតមកអាជ្ញាធរមានសមត្ថកិច្ច (មានការអំពាវនាវស្រាវជ្រាវរករបស់អធិការដ្ឋានស្នងការនគរបាលក្រុង សៀមរាបតាំងពីយប់ម៉ិញ) ឬតាមលេខ ១១៥ ដើម្បីក្រសួង អាចចាត់វិធានការសុ ខាភិបាល បានទាន់ពេលវេលា ហើយបងប្អូនដែលបានប៉ះពាល់ជាមួយបុរសខាងលើនេះ សូមចូលរួមមកបង្ហាញខ្លួន នៅមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដើម្បីរួមគ្នាអាចនឹងបញ្ចៀសបាននូវការចម្លង ចូលសហគមន៍។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៥នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕

អត្ថបទទាក់ទង