ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឯកសារ 25
កម្ពុជាខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក កម្ពុជាខកចិត្តចំពោះការចោទប្រកាន់ ដោយហេតុផលនយោបាយ របស់សមាជិកសភា និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការចោទប្រកាន់ដោយហេតុផលនយោបាយរបស់ លោក Alan Lowenthal សមាជិកសភា និងលោក Robert A. Destro ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស ទៅលើវិធានការរបស់អាជ្ញាធរកម្ពុជា ក្នុងការធានាសន្តិភាព សណ្តាប់ធ្នាប់ និងសុខភាពសាធារណៈនៅក្នុងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេស បានកត់សម្គាល់ដោយសោកស្តាយយ៉ាងខ្លាំងថា ការវាយតម្លៃរបស់អ្នកទាំងពីរខាងលេី មិនត្រឹមត្រូវទាល់តែសោះ និងមិនបានគិតពីទិដ្ឋភាពអង្គហេតុ និងអង្គច្បាប់នៃបញ្ហានេះ។

លោកបញ្ជាក់ថា ប្រទេសកម្ពុជាលើកតម្កើងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំដោយសន្តិវិធី ដូចដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះយ៉ាងណា ការប្រើប្រាស់សិទ្ធិ និងសេរីភាពបែបនេះ ត្រូវអនុលោមតាមច្បាប់។ សេរីភាពនៃការបញ្ចេញមតិ មិនមែនជាសេរីភាពក្នុងការផ្សព្វផ្សាយការរើសអើង ដែលនាំឱ្យមានការស្អប់ខ្ពើម ការប្រកាន់ពូជសាសន៍ និងអំពើហិង្សានោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «គ្រប់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងក្រុមយុវជន មានសេរីភាពក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ ដរាបណាសកម្មភាពអស់ទាំងនោះស្ថិតនៅក្រោមដែនកំណត់នៃច្បាប់»

អ្នកនាំពាក្យកត់សម្គាល់នូវកម្រិតជាក់លាក់មួយនៃស្តង់ដារទ្វេ ដែលសម្តែងចេញដោយឥស្សរជនទាំងពីរ ដោយម្យ៉ាងអំពាវនាវឱ្យដោះលែងក្រុមពិសេសមួយចំនួនក្រៅប្រព័ន្ធតុលាការ ដែលផ្ទុយទៅនឹងការអនុវត្តនៃដំណើរការនីតិវិធីតុលាការ និងម្យ៉ាងវិញទៀត បែរជាអំពាវនាវឱ្យគោរពនីតិរដ្ឋទៅវិញ។

កម្ពុជារក្សាការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕

Fresh News

អត្ថបទទាក់ទង