ខ្មែរប៉ុស្ដិ៍ Close

បឹងសំរឹទ្ធិជារមណីយដ្ឋានកែច្នៃដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តកំពង់ធំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 46
បឹងសំរឹទ្ធិជារមណីយដ្ឋានកែច្នៃដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តកំពង់ធំ បឹងសំរឹទ្ធិជារមណីយដ្ឋានកែច្នៃដ៏ស្រស់ស្អាតមួយនៅក្នុងខេត្តកំពង់ធំ

រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ ដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ កំពុងមានការការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យទៅលេងកម្សាន្ត នៅថ្ងៃឈប់សម្រាកពីការងារ ព្រោះទីនោះមានទេសភាពស្រស់ស្អាត លាយឡំជាមួយនឹងព្រៃឈើដ៏ខៀវស្រងាត់និងក្រអូបក្លិនផ្កាដ៏ឈ្ងុយ ឈ្ងប់ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះរមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ កំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ព្រោះនៅទីនោះ មានការរៀបចំប្រកបទៅដោយសោភ័ណភាព ស្រស់បំព្រង ព្រមទាំងមានម៉ូតែលសម្រាប់ស្នាក់នៅ មានសេវាម្ហូបអាហារនិងមានកន្លែងកម្សាន្តជាច្រើនដូចជា ជិះខ្សែរ៉តលើផ្ទៃបឹង ជិះទូក ជិះទាទឹក ជិះប៉េដាឡូ ជិះគោយន្តឆ្កួត ជិះកង់ ដើរទស្សនាទេសភាពនៅក្នុងរមណីយដ្ឋាន រួមទាំងមានកន្លែងកម្សាន្តសប្បាយជាច្រើនទៀត ដែលកំពុងទទួលបានការពេញនិយមពីភ្ញៀវទេសចរ ។
លោកបានឲ្យដឹងថា រមណីយដ្ឋានបឹងសំរឹទ្ធិនេះ កាលពីមុនមានភ្ញៀវទេសចរចូលកំសាន្តតិចតួច ដោយសារតែខាងរមណីយដ្ឋាន បានលក់សំបុត្រចូលតម្លៃខ្ពស់រហូតដល់៧ដុល្លារ ដោយបូករួមជាមួយតម្លៃលេងមួយចំនួន។ ប៉ុន្តែបច្ចុប្បន្ននេះម្ចាស់រមណីយដ្ឋានលក់សំបុត្រចូលត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ដើម្បីផ្តល់លទ្ធភាពឲ្យភ្ញៀវគ្រប់កម្រិតអាចចូលទៅលេងកម្សាន្តបានគ្រប់គ្នា ។ លោកបានបន្តថា រមណីយដ្ឋានបឹងសំរឹទ្ធិ គឺជាស្ថាបត្យកម្មដែលសំណង់សាងសង់តាមរចនាបទខ្មែរមានដូចជា ក្លោងទ្វារចូលគឺសង់តាមលំនាំរចនាបទប្រាសាទព្រះវិហារ សំណង់រូបបង្រួមប្រាសាទអង្គរវត្ត រូបផ្តិលសំរឹទ្ធិនិងភ្នំកែច្នៃ ដែលអាចឱ្យភ្ញៀវទេសចរកម្សាន្តសប្បាយ ដោយជិះខ្សែរ៉កទម្លាក់ពីលើភ្នំកាត់ផ្ទៃទឹកបឹង និងរំអិលខ្លួនតាមស្លាយដែលធ្លាក់ពីលើភ្នំចូលទៅទឹកបឹងអាងលេងទឹកសម្រាប់កុមារ អាងលេងទឹកសម្រាប់មនុស្សធំ សួនច្បារដ៏ស្រស់ស្អាត មានទីលានវាយកូនបាល់ ទីលានហាត់វាយកូនហ្គោល និងល្បែងកីឡាជាច្រើនប្រភេទ ។
សំឡេង«នៅក្នុងតំបន់នោះខាងវិស័យឯកជនគាត់បានរៀបចំមានសេវាច្រើន សេវាលេងខ្សែរ៉ត សេវាជិះកង់ជុំវិញរមណីយដ្ឋាន ហើយមានសេវារំអិលទឹក ហើយគាត់បានរៀបចំ មានជាអាងហែលទឹក និងសេវាច្រើនទៀត និយាយទៅគឺគាត់មានសេវាកម្មច្រើននៅរមណីយដ្ឋានបឹងសំរឹទ្ធិហ្នឹង » ។
លោក សេង អាន បានឲ្យដឹងទៀតថា រមណីយដ្ឋានបឹងសំរឹទ្ធិនេះ ចាប់ផ្តើមបើកដំណើរការសាងសង់កាលពីឆ្នាំ២០០៦ដល់ឆ្នាំ២០១២ ហើយបើកដំណើរការឲ្យភ្ញៀវបានចូលកម្សាន្តនៅក្នុងឆ្នាំ២០១៣ ដែលវិនិយោគលើផ្ទៃដីចំនួន៤៧ហិកតា ស្ថិតនៅក្នុងទឹកដី ភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំពោះផ្លូវទៅរមណីយដ្ឋានដោយធ្វើដំណើរតាមផ្លូវជាលេខ៦ ចេញពីក្រុងកំពង់ធំ មានចម្ងាយ៤២គីឡូម៉ែត្រ រួចបត់ស្តាំប្រមាណ៣គីឡូម៉ែត្រ ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន០៦កន្លែង រួមមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត
ប្រាសាទគុកនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ៕