ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អង្គការខុមហ្វ្រែល និងវិទ្យុបរទេសផ្សាយខេមរភាសា បើមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិ គឺជាក្រុមតិរិច្ឆាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អង្គការខុមហ្វ្រែល និងវិទ្យុបរទេសផ្សាយខេមរភាសា បើមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិ គឺជាក្រុមតិរិច្ឆាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ អង្គការខុមហ្វ្រែល និងវិទ្យុបរទេសផ្សាយខេមរភាសា បើមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិ គឺជាក្រុមតិរិច្ឆាន

អង្គការខុមហ្វ្រែល រយៈពេលមួយសប្ដាហ៍មកនេះបានរៀបចំការស្ទង់មតិមួយពាក់ព័ន្ធការចាប់ខ្លួនលោក រ៉ុង ឈុន ក្រោយញុះញង់រឿងព្រំដែនរបស់កម្ពុជា ជាមួយប្រទេសវៀតណាម និងដាក់ខ្លឹមសារថា តើការចាប់ខ្លួននេះបំពានច្បាប់ដែរឬទេ? តាមរយៈការស្ទង់មតិនេះ ស្រាប់តែគេឃើញមានអ្នកចូលបោះឆ្នោត «មិនខុសច្បាប់» យ៉ាងច្រើនលើសលុប រហូតដល់៧៩ភាគរយ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សង្ឃឹមថា អង្គការខុមហ្វ្រែល និងបណ្តាញព័ត៌មានបរទេសនានា យកលទ្ធផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលជុំវិញការចាប់ខ្លួន លោក រ៉ុង ឈុន។ ការស្ទង់មតិនេះ មាន៧៩ភាគរយគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងមាន២១ភាគរយប៉ុណ្ណោះមិនគាំទ្រ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា លោកកំពុងរង់ចាំមើលថា តើអង្គការខុមហ្វ្រែល ក្រុមវិទ្យុបរទេសផ្សាយជាខេមរភាសា និងអង្គការសិទ្ធិមនុស្សនានា ផ្សាយលទ្ធផលស្ទង់មតិលើការចាប់ខ្លួនលោក រ៉ុង ឈុន ដែរឬយ៉ាងណា?

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា បើអង្គការខុមហ្វ្រែល វិទ្យុបរទេសផ្សាយខេមរភាសា និងអង្គការសិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំងផង មិនផ្សាយលទ្ធផលស្ទង់មតិនេះ គឺជាក្រុមតិរិច្ឆានហើយ ដែលហ៊ានផ្សាយតែរឿងអាក្រក់របស់រាជរដ្ឋាភិបាល តែមិនហ៊ានផ្សាយរឿងដែលប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថាខុមហ្វ្រែល សង្ឃឹមថា វិទ្យុផ្សាយសំឡេងនិយាយភាសាខ្មែរ និងសារព័ត៌មានបរទេសនានា យកទៅផ្សាយការស្ទង់មតិនេះផង នេះមិនមែនជាផេករបស់រដ្ឋាភិបាល ឬរបស់អ្នកគាំទ្ររដ្ឋាភិបាល គឺជាផេកនៃអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជានិច្ចជាកាលប្រឆាំងជាមួយរាជរដ្ឋាភិបាល»។

«ខ្ញុំចង់មើលអាខុមហ្វ្រែលវាផ្សាយអត់ ហើយវិទ្យុបរទេសនិយាយភាសាខ្មែរវាផ្សាយឬអត់ អាពួកសិទ្ធិមនុស្សវាផ្សាយឬអត់ អាពួកអ្នកប្រឆាំងវាផ្សាយឬអត់។ ឥលូវឡើងដល់៧៩ភាគរយ ដែលគាំទ្រ តើហ្អែងផ្សាយឬមិនផ្សាយ អាពួកប្រឆាំងនៅក្នុងស្រុកហ្អែងផ្សាយឬមិនផ្សាយ។ នេះ Facebook របស់អាមេរិកកាំង ហើយផេករបស់អ្នកឯង មិនមែនផេករបស់អ្នកគាំទ្ររដ្ឋាភិបាលទេ។ បើមិនហ៊ានផ្សាយទេ ខ្ញុំចាត់ទុកថា ជាតិរិច្ឆាន»។

ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា រឿងព្រំដែននេះ គឺធ្វើឡើងច្បាស់លាស់ក្នុងផ្លូវច្បាប់ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, មានការសច្ចាប័តពីសភាព និងព្រះមហាក្សត្រឡាយព្រះហស្ថលេខា ទៅលើការងារព្រំដែនដ៏ជាក់លាក់មួយនេះ ហេតុអ្វីបានជាក្រុមមួយក្ដាប់តូចនោះហ៊ានប្រើថា ការដោះដូរដីធ្លី គឺជាអំពើក្បត់ជាតិ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានពន្យល់ថា ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែនរបស់បារាំងបានគូសបែបនោះ។ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។ តាមរយៈខ្សែផែនទីនេះ កម្ពុជាទទួលបានដីពីវៀតណាមប្រមាណ២ពាន់ហិកតា ហើយដីនេះត្រូវយកទុកជាដីសម្បទានសង្គមកិច្ច។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ទៀតថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង ហើយសម្ដេចបានចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងណុង? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។

បើតាមប្រសាសន៍របស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។

សូមជម្រាបថា រយៈពេល៧ថ្ងៃនេះ អ្នកដែលបានចូលរួមបោះឆ្នោតសម្តែងមតិមានចំនួន ១៣,៦០០នាក់។ ក្នុងនោះអ្នកបោះឆ្នោតគាំទ្រថា «ការចាប់លោក រ៉ុង ឈុន ជារឿងត្រឹមត្រូវមិនរំលោភច្បាប់ និងសិទ្ធិមនុស្ស» មានរហូតដល់ទៅជាង១ម៉ឺននាក់ ស្មើនឹង ៧៩ភាគរយ ខណៈអ្នកបោះឆ្នោតគាំទ្រថា «ការចាប់លោក រ៉ុង ឈុន ជារឿងរំលោភច្បាប់ និងសិទ្ធិ» មានត្រឹមតែជិត ៣ពាន់នាក់ ស្មើនឹងប្រមាណ ២១ភាគរយប៉ុណ្ណោះ។

អ្វីដែលនាំឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និងហួសចិត្តនោះ ខុមហ្វ្រែល ដែលតែងតែអួតអះអាងថា ខ្លួនជាអង្គការមានសុក្រឹត្យភាពនោះ បែរជាឈប់ដាក់ការស្ទង់មតិឱ្យនៅលើកំពូលនៃទំព័រហ្វេសប៊ុករបស់ខ្លួន (Pin to Top) ក្រោយពេលឃើញការស្ទង់មតិនេះផ្ទុយពីបំណងចង់បានរបស់ខ្លួន ៕

អត្ថបទទាក់ទង