ឯកឧត្តម ទិត សុធា ច្រានចោលការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី ដែលថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បង្កើតរឿងទំនាក់ទំនងស្នេហា លោក លួន សុវ៉ាត
(Fresh News): លោក ទិត សុធា ជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការច្រានចោលទាំងស្រុងនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានចោទ ប្រកាន់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបង្កើត Facebook បង្ហោះវីដេអូចោទប្រកាន់ «ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាលួចលាក់រវាងសង្ឃ លួន សុវ៉ាត សេពកាមជាមួយបណ្តាស្រីកំណាន់…»។
ដោយហៅវិទ្យុខាងលើនេះថា ជាវិទ្យុគ្មានវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានដែលតែងតែផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានដែលមានគោលដៅច្បាស់លាស់ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តាមរយៈការអុជអាល ញុះញង់ បំបែកបំបាក់ ដុតកម្តៅ បំផ្លើស បំភ័ន្ត បំភ្លៃ ជាពិសេសការលាបពណ៌ លោក ទិត សុធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបដិសេធចោលទាំងស្រុងនូវការចោទ ប្រកាន់និងការលាបពណ៌ មួលបង្កាច់របស់វិទ្យុនេះ ដែលបំពុលនិងបំភ័ន្តថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបង្កើតហ្វេសប៊ុក បង្ហោះវីដេអូចោទប្រកាន់ “ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាលួចលាក់រវាងសង្ឃ លួន សុវ៉ាត សេពកាមជាមួយបណ្តាស្រីកំណាន់…”»។
លោកលើកឡើងថា នៅពេលដែលវិទ្យុមួយនេះផ្សព្វផ្សាយដោយចោទប្រកាន់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សជាអ្នកបង្កើតនូវវីដេអូបែកធ្លាយនេះ វិទ្យុនេះមិនបានស្តាប់នូវការសារភាពរបស់សង្ឃលួន សុវ៉ាត នៅក្នុងសម្ភាសន៍ជាមួយវិទ្យុបរទេស មួយផ្សេងទៀតដែលផ្សាយជាភាសាខ្មែរដែរ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដែលបាន និយាយថា «…សំឡេងនោះជារបស់ខ្លួន (លួន សុវ៉ាត) ពិតប្រាកដមែន…»។ ទន្ទឹមនឹងនោះ វិទ្យុបរទេសផ្សាយជា ភាសាខ្មែរនេះ គួរតែមានសេចក្តីក្លាហាន លើកទឹកចិត្តនិងជំរុញឱ្យសង្ឃ លួន សុវ៉ាត មកបកស្រាយនិងការពារខ្លួន ដោយផ្ទាល់នៅចំពោះមុខថេរសភាសង្ឃខេត្តសៀមរាបដែលបានសំរេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត ចេញពីភេទជាបុព្វជិត កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នោះបើ «សង្ឃលួន សុវ៉ាត ពិតជាមាសសុទ្ធមិនខ្លាចភ្លើងមែន»។
ផ្ទុយពីអ្វីដែលវិទ្យុមួយនេះតែងតែផ្សព្វផ្សាយអំពីការបិទសិទ្ធិសេរីភាពនៅកម្ពុជា ខ្ញុំសូមជម្រាបជូនថា នៅកម្ពុជាបច្ចុប្បន្ន មានប្រជាជន រួមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាង១០លាននាក់ ក្នុងចំណោមប្រជាជន សរុបជាង១៦លាននាក់ ដែលបាននិងកំពុងប្រើប្រាស់នូវបណ្តាញផ្សព្វផ្សាយសង្គម Online ដោយសេរី ហើយរាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានបិទសិទ្ធិសេរីភាពមិនឱ្យប្រជាពលរដ្ឋបង្កើតគណនី Facebook ផ្ទាល់ខ្លួន ដើម្បីទទួលព័ត៌មាន ផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ឬវីដេអូតាម Online នោះដែរ។ នេះបើតាម លោក ទិត សុធា៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ លោកទិត សុធា៖