ខ្មែរប៉ុស្ដិ៍ Close

    កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី បានជាសះស្បើយទាំងអស់ហើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1566
    កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី បានជាសះស្បើយទាំងអស់ហើយកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី បានជាសះស្បើយទាំងអស់ហើយ

    នាយឧត្តមសេនីយ៍​ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ ហើយសម្រាកព្យាបាល នៅប្រទេសម៉ាលី បានជាសះស្បើយអស់ហើយ។ ចំណែកករណីឆ្លងថ្មីលើទាហានកម្ពុជានៅទីនោះ ក៏មិនមានទៀតដែរ។

    លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថា «គិតរហូតដល់ពេលនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ»។

    ប្រទេសម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ និង៩នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀតដែលកម្ពុជាបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មមនុស្សធម៌ដែរនោះ មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ឆ្លងជំងឺកូវីដ-១៩ទេ។

    អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា៖ «ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ»។

    លោកបន្តថា៖ ក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់តាមដាន ណែនាំជាប់ជាប្រចាំ និងបានក្រើនរំលឹកដល់កងកម្លាំងរបស់ខ្លួនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។

    រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕

    អត្ថបទទាក់ទង