ខ្មែរប៉ុស្ដិ៍ Close

ក្នុង១ឆ្នាំ សហគមន៍ពាមក្រសោបប្រមូលបានគ្រំចំពុះទាជាង១ម៉ឺនតោន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 31
ក្នុង១ឆ្នាំ សហគមន៍ពាមក្រសោបប្រមូលបានគ្រំចំពុះទាជាង១ម៉ឺនតោន ក្នុង១ឆ្នាំ សហគមន៍ពាមក្រសោបប្រមូលបានគ្រំចំពុះទាជាង១ម៉ឺនតោន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុង១ឆ្នាំ សហគមន៍នេសាទផលសមុទ្រនៅពាមក្រសោប ខេត្តកោះកុង ប្រមូលបានគ្រំចំពុះទាពីការចិញ្ចឹមជាង១ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈទីផ្សារក្នុងស្រុកមិនសូវចាប់អារម្មណ៍លើផលិតផលវារីវប្បកម្មមួយនេះ។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ។

ថ្លែងក្នុងឱកាសដឹកនាំក្រុមចុងភៅប្រចាំសណ្ឋាគារ និងភោជនីយដ្ឋានធំៗនៅកម្ពុជាចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមគ្រំចំពុះទានៅសហគមន៍ពាមក្រសោប ខេត្តកោះកុង នាចុងសប្តាហ៍នេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាសហគមន៍នេះ រៀបចំចិញ្ចឹមឲ្យបានល្អ ព្រមទាំងមានការវេចខ្ចប់ឲ្យបានល្អ ដើម្បីបំពេញតាមស្តង់ដារអនាម័យរបស់សណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលនឹងបញ្ជាទិញ សំដៅធ្វើយ៉ាងណាទទួលបានតម្លៃទីផ្សារខ្ពស់។

បើតាមការឲ្យដឹងរបស់លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានបញ្ជាក់ថា គ្រំចំពុះទាមិនទាន់មានទីផ្សារនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ និងវៀតណាម ដែលគេទិញក្នុងតម្លៃចន្លោះពី១.០០០រៀល ទៅ ៣.០០០រៀល ក្នុង១គីឡូក្រាម ទៅតាមទំហំ និងរដូវកាលប្រមូលផល។ លោកបានបន្តថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពីពួកវាធ្វើការការពងកូនក្នុងរយៈពេល៦ខែ។ ប៉ុន្តែលោកថា គ្រំដែលធំល្អ គឺមានអាយុ១២ខែ នៃការចិញ្ចឹម។
បើតាមការបញ្ជាក់ពីក្រុមចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានឲ្យដឹងថា គ្រំចំពុះទានេះមានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយគេអាចច្លៃ ធ្វើម្ហូបដូចជា៖ ស្លរម្ជូរគ្រឿង, ឆាក្រៀម, ញាំ, ឆាក្តៅ ស្ងោជ្រក់, ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប ជាដើម។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ៕

អត្ថបទទាក់ទង