ខ្មែរប៉ុស្ដិ៍ Close

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើមនៅវត្តព្រះឥន្ទទេព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 25

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំប្រារព្ធពិធីដាំកូនឈើនៅវត្តព្រះឥន្ធទេព (ខាងត្បូងប្រាសាទបាយ័ន) ក្រោមកិច្ចនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈកម្មការ ព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ២០០អង្គ-នាក់។

មានសង្ឃដីការក្នុងពិធីនោះ ព្រះអង្គ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានសង្ឃដីការពីអត្ថប្រយោជន៍ដ៏លើសលប់នៃព្រៃឈើចំពោះមនុស្សជាតិ សត្វ ធម្មជាតិ និងប្រាសាទ ប៉ុន្តែដោយយោងលើកត្តាធម្មជាតិ ការកាប់បំផ្លាញរបស់មនុស្ស ធ្វើឲ្យមានការបាត់បង់អស់មួយផ្នែកធំ។ ព្រះអង្គបានអំពាវនាវ សុំឱ្យមានការចូលរួមទាំងបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែម ដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជា។

ពិធីខាងលើនេះបានរៀបចំដាំដើមឈើទាំង១,៥០០ដើមមានដូចជាប្រភេទឈើ គ្រញូង បេង ធ្នង់ ច្រេស សុក្រំ គគីរ ឈើទាល រំដួល និងក្របៅ។ នេះជាកម្មវិធីលើកទី១នៃការដាំកូនឈើនាដើមរដូវវស្សាឆ្នាំ២០២០នេះ ហើយអាជ្ញាធរជាតិអប្សរានឹងបន្តការងារនេះនៅតាមតំបន់ប្រាសាទ វត្តអារាម និងតំបន់គោលដៅជាច្រើនទៀត ក្នុងបំណងបង្កើនគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ។

គួររំលឹកដែរថា គំនិតផ្តួចផ្តើមក្នុងការដាំកូនឈើឡើងវិញនេះ ជាផ្នែកមួយនៃដំណើរការក្នុងកិច្ចការរៀបចំប្លង់បច្ចុប្បន្នភាព និងប្លង់មេ វត្តព្រះឥន្ទទេព របស់ក្រុមកិច្ចការវត្តអារាម នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ ក្នុងការប្រើប្រាស់ផ្ទៃដីវត្តអារាមឲ្យបានសមស្រប ក៏ដូចជាជួយសង្គ្រោះ និងអភិរក្សព្រៃឈើឡើងវិញ ព្រមទាំងបានការនិមន្តចូលរួម និងកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ ចិត្ត ពីសំណាក់ព្រះមេគណខេត្តសៀមរាប ព្រះមន្រ្តីសង្ឃ និងបានការរួមសហការយ៉ាងជិតស្និតជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីឲ្យកិច្ចការងារនេះប្រព្រឹត្តិបានដោយជោគជ័យ៕

អត្ថបទទាក់ទង