ខ្មែរប៉ុស្ដិ៍ Close

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 53

នៅរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមនេះ លោក ហ៊ុន ម៉ាណែត បានពាំនាំនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីលោកនាយករដ្ឋមន្ត្រីជូនចំពោះលោកអាកាស៊ី ព្រមទាំងជម្រាបជូនអំពីបច្ចុប្បន្នភាពនៅកម្ពុជាជាពិសេសទាក់ទងនឹងស្ថេរភាព និងការអភិវឌ្ឍ។ ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវក្តីរំភើបរីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយលោក ហ៊ុន ម៉ណែត នៅលើទឹកដីជប៉ុននេះ ក្រោយពីបញ្ចប់បេសកកម្ម UNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈការជួបផ្ទាល់នេះលោកក៏បានផ្តាំផ្ញើរក្តីនឹករលឹកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ជាមួយគ្នានេះលោក យ៉ាស៊ូហ្ស៊ី អាកាស៊ី បានរំលឹកឡើងវិញនូវការងារមួយចំនួនដែលកើតមានក្នុងដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៣ និងការលះបង់ធំៗរបស់ប្រជាជនកម្ពុជា ក៏ដូចជារបស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពដ៏លំបាកជូនកម្ពុជានាពេលនោះ។

លោកក៏បានបង្ហាញនូវមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេល២៥ឆ្នាំ ក្រោយការបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ (ដែលរៀបចំដោយ UNTAC) និងការដោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជានាឆ្នាំ ១៩៩៨។

ក្នុងជំនួបនោះ ក៏បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងស្ថានការណ៏នយោបាយពិតនៅកម្ពុជា និងជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងពង្រឹងនូវកិច្ចការសំខាន់បីដែលជាគោលបំណងធំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះគឺការថែរក្សាសន្តិភាព ការពង្រឹងលិទ្ធិប្រជាធិបតេយ្យផ្អែកលើនិតិរដ្ឋ និងការការពារអធិបតេយ្យភាពនិងឯករាជ្យជាតិរបស់កម្ពុជាដែលបំពេញបាននូវតម្រូវការរបស់ប្រជាពរដ្ឋកម្ពុជាប្រាថ្នាចង់បានគឺសន្តិភាពនិងស្ថេរភាព ហើយលោកក៏បានបញ្ជាក់ផងដែរថា បញ្ហារបស់កម្ពុជាគួរទុកអោយកម្ពុជាជាអ្នកដោះស្រាយ។ មុនបញ្ចប់ការសំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅកម្រងអនុស្សាវរីយ៏ស្តីពីការបំពេញបេសកម្មស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងមកជូនចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ។

អត្ថបទទាក់ទង