ថ្ងៃនេះ កម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មី ហើយក៏ពុំមានជាសះស្បើយថ្មីដែរ, អ្នកកំពុងសម្រាកព្យាបាលបន្តនៅតែ ២នាក់ដដែល
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីទេ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពីការបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅកម្ពុជា។
គួរបញ្ជាក់ថា មកទល់នឹងថ្ងៃនេះ គឺមានរយៈពេល ២៩ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី។
អ្នកដែលនៅតែកំពុងបន្តសម្រាកព្យាបាលគឺស្ត្រីជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តបន្ទាយមានជ័យ និងបុរសជនជាតិខ្មែរចំនួន ១នាក់នៅឯខេត្តកំពង់ឆ្នាំង ។ ពួកគាត់ទាំងពីរពេលនេះកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ ៕