ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋ៥ភូមិក្នុងតំបន់អង្គរទទួលបានប្រឡាយថ្មីមួយខ្សែសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
ប្រជាពលរដ្ឋ៥ភូមិក្នុងតំបន់អង្គរទទួលបានប្រឡាយថ្មីមួយខ្សែសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ប្រជាពលរដ្ឋ៥ភូមិក្នុងតំបន់អង្គរទទួលបានប្រឡាយថ្មីមួយខ្សែសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជ បានស្តារប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង ដើម្បីទប់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង។

ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោក ព្រៀន ប្រម មេឃុំអំពិលបានបញ្ជាក់ថា ប្រឡាយមួយខែ្សនេះ ជាប្រឡាយបុរាណ ដែលមានជាយូរយារ មកហើយ។ កាលពីមុនប្រជាពលរដ្ឋនៅទីនេះ តែងមានទឹកប្រើប្រាស់គ្រប់ប្រាំងវស្សា ដោយ អាស្រ័យទឹកប្រឡាយនេះ។ ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួល ហើយស្ថានភាពបាតប្រឡាយក៏កាន់តែ រាក់ទៅៗ ដែលធ្វើឲ្យប្រឡាយដ៏ចំណាស់នេះ លែងមាន ទឹកហូរ និងប្រើប្រាស់បានទៀតនៅរដូវប្រាំង។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកពិតជារីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនយុវពាណិជ្ជដែលបានជួយស្តារប្រឡា យនេះឡើងវិញ។

លោក ភូ ភក្តី តំណាងក្រុមហ៊ុនយុវពាណិជ្ជបានលើកឡើងថា ការសម្រេចស្តារប្រឡាយបុរាណនេះឡើង គឺធ្វើតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន និងមានការអនុញ្ញាតព្រមទាំងការចុះពិនិត្យមើល បច្ចេកទេសការងារពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងបញ្ចប់ការងារនេះក្នុងរយៈពេល១ខែយ៉ាងយូរ។

លោក ម៉ក់ សំភារ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងក៏បានបង្ហាញនូវភាពសប្បាយរីករាយដែលប្រជាពលរដ្ឋ នឹងទទួលបាននូវប្រឡាយ សម្រាប់តម្កល់ទឹកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ លោកបញ្ជាក់ថា នេះជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលដ៏លើសលុបដែលកើតឡើងក្នុងសម័យកាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញជាអធិបតីក្នងពិធីបើកការដ្ឋាននេះបានបញ្ជាក់ថា អាជ្ញាធរជាតិតែងគោរពនិងដើរតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយក្នុងកិច្ចអភិរក្ស រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មិនភ្លេចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍និងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកបញ្ជាក់ថា នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេស ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស គឺលោកនាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរដល់សុខសន្តិភាពជាតិ និងការអភិវឌ្ឍគ្រប់វិស័យផ្សារភ្ជាប់នឹងការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់កូនចៅគ្រប់ជំនាន់។

ជាចុងក្រោយ លោកក៏បានសំណូមពរចំពោះក្រុមហ៊ុនក្នុងករណីប្រទះឃើញដោយចៃដន្យនូវវត្ថុបុរាណណាមួយ ក្នុងការជីកស្តារប្រឡាយឡើងវិញ ត្រូវប្រគល់ជូនសមត្ថកិច្ចដើម្បីរក្សាទុកក្នុងទីសុវត្ថិភាព។ ជាមួយគ្នានេះលោកក៏បានសំណូមពរ ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យបានគង់វង្ស ៕

អត្ថបទទាក់ទង