មន្ទីរកសិកម្មខេត្ដតាកែវអះអាងថា ទិន្នផលស្រូវប្រាំងក្នុងឆ្នាំនេះមានការកើនជាងឆ្នាំមុន
ប្រធានមន្ទីរកសិកម្មខេត្ដតាកែវ បានអះអាងថា ទិន្នផលស្រូវប្រាំងក្នុងឆ្នាំ២០២០នេះ មានការកើនឡើងបន្តិចបន្តួច បើប្រៀបធៀបទៅឆ្នាំ២០១៩ ដោយទទួលបានទិន្នផល ប្រមាណជាង៦០ម៉ឺនតោន ។ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងត្រីមាសទី១ និងដើមត្រីមាសទី២ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករនៅខេត្ដតាកែវ សម្រេចបានលើផ្ទៃដីចំនួន១១ម៉ឺនហិកតា ប្រមូលផលស្រូវជាង៦០ម៉ឺនតោន។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ផលស្រូវប្រាំងដែលបានប្រមូលនេះ ប្រជាកសិករបានលក់ឲ្យឈ្មួញទាំងក្នុងនិងក្រៅប្រទេស ក្នុងតម្លៃ១គីឡូ៨៨០រៀល ដែលតម្លៃនេះខ្ពស់ជាងឆ្នាំកន្លងមក ។ លោកបន្ដថា ការធ្វើស្រូវប្រាំងរបស់ប្រជាកសិករនេះ ដើម្បីបង្កើនប្រាក់ចំណូល ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែធូរធាជាងមុន។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗខេត្ដតាកែវ បានប្រមូលស្រូវប្រាំង និងស្រូវវស្សាមានប្រមាណជាង១លានតោន លើផ្ទៃដីប្រមាណ៣០ម៉ឺនហិកតា៕