ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងអប់រំ ច្រានចោលព័ត៌មានថា ក្រសួងឱ្យសាលាទាំងអស់ចូលរៀនវិញនៅថ្ងៃទី១៨ ខែមេសា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
អ្នកនាំពាក្យក្រសួងអប់រំ ច្រានចោលព័ត៌មានថា ក្រសួងឱ្យសាលាទាំងអស់ចូលរៀនវិញនៅថ្ងៃទី១៨ ខែមេសា អ្នកនាំពាក្យក្រសួងអប់រំ ច្រានចោលព័ត៌មានថា ក្រសួងឱ្យសាលាទាំងអស់ចូលរៀនវិញនៅថ្ងៃទី១៨ ខែមេសា

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំប៉ូលី បានចេញមកច្រានចោលព័ត៌មានមួយ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមថា ក្រសួងអប់រំ នឹងអនុញ្ញាតឱ្យសាលាទាំងអស់បើកបង្រៀនឡើងវិញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានឲ្យដឹងទៀតថា ក្រសួងធ្លាប់បានប្រកាសឲ្យវិស្សមកាលតូចមុនពេលកំណត់ ប៉ុន្តែការឲ្យបើកបវេសនកាលវិញ មិនទាន់បានកំណត់នោះទេ ដោយសារការរាតត្បាត នៃមេរោគកូវីដ-១៩។

លោក ឌី ខាំប៉ូលី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមសាធារណជនមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ទាំងអស់សូមមេត្តាអនុវត្តន៍ ទៅតាមសេចក្តីណែនាំរបស់ក្រសួង ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងសារជាថ្មី»។ លោក បន្តថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា មិនមានការកំណត់នៅក្នុងការអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាគ្រប់ប្រភេទបើកការចូលរៀនឡើងវិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ទេ ដែលជាព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ សូមរង់ចាំការជូនដំណឹងជាថ្មីពីក្រសួងអប់រំយុវជន និងកីឡា»។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ (វិស្សមកាលតូច) រហូតដល់មានការជូនដំណឹងថ្មី។ ការសម្រេចរបស់ក្រសួងអប់រំនេះ ធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ នូវការរីករាលដាលមេរោគកូវីដ-១៩៕

អត្ថបទទាក់ទង