ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ បារាំង​​ប្រកាស​បង្កើន​ការ​ផលិត​ម៉ាស់ ឱ្យ​បាន​ជាង​១០លានម៉ាស់​ក្នុង​មួយ​សប្តាហ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 18
កូវីដ-១៩៖ បារាំង​​ប្រកាស​បង្កើន​ការ​ផលិត​ម៉ាស់ ឱ្យ​បាន​ជាង​១០លានម៉ាស់​ក្នុង​មួយ​សប្តាហ៍ កូវីដ-១៩៖ បារាំង​​ប្រកាស​បង្កើន​ការ​ផលិត​ម៉ាស់ ឱ្យ​បាន​ជាង​១០លានម៉ាស់​ក្នុង​មួយ​សប្តាហ៍

ថ្ងៃអង្គារ៍ ទី​ ៣១ខែមីនា ឆ្នាំ២០២០ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាសថាបារាំងត្រូវតែបង្កើនសមត្ថភាពផលិតម៉ាស់ដោយខ្លួនឯងដើម្បីស្តារ​អធិបតេយ្យ​ភាពឡើងវិញ។ នេះបើតាមការ​ឱ្យ​ដឹង​ពីសំណាក់​លោក​ ​ប្រធានាធិបតី​បារាំង នៅ​ក្នុង​ពេលបំពេញ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិតម៉ាស់​មួយ​កន្លែង​ ភាគ​ខាងលិច​ប្រទេស​។ ប្រមុខរដ្ឋ​បារាំងបញ្ជាក់ថា​ចង់​ឱ្យ​ផលិត​ម៉ាស់​បាន​ជាង​១០លានម៉ាស់​ក្នុង​មួយ​សប្តាហ៍ ចាប់ពីឥឡូវ​ទៅ​ដល់ចុង​ខែមេសានេះ។ រដ្ឋ​បារាំង​នឹងប្រើ​​បញ្ចប់ថវិកាប្រមាណ​៤ពាន់លាន​អឺរ៉ូ​ដើម្បី​ចំណាយ​លើ​ ថ្នាំពេទ្យ បំពង់​ដកដង្ហើម និង​ម៉ាស់​។

លោក អេម៉ានុយអែល ​ ម៉ាក្រុង​ បញ្ជាក់​ថា​ រោង​ចក្រ​ផលិត​ម៉ាស់​របស់​បារាំងនឹង​ចាប់​ផ្តើម​ដំណើរ​ការ​​២៤ម៉ោងលើ​២៤ម៉ោង​​ ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​សម្រេច​បំណង​ ផលិត​ម៉ាស់​ឱ្យ​បាន​ជាង១០លានម៉ាស់ក្នុងមួយសប្តាហ៍ នៅ​ចុងខែមេសា​នេះ​។ បើតាម​លោក​ ម៉ាក្រុង, បារាំង​ត្រូវបន្តផលិត​​បែបនេះ ដើម្បី​មានភាព​ម្ចាស់​ការ​លើ​អធិបតេយ្យភាព​ខ្លួនឯង​ ពេញលេញ​ ក្នុងការ​ប្រើប្រាស់​ម៉ាស់​រហូត​ដល់​ចុង​ឆ្នាំ​​។​

ការ​បញ្ជាក់​របស់​លោកប្រធានាធិបតីបែបនេះ​ គឺ​ទន្ទឹម​នឹង​ព័ត៌មានដែល​​ធ្លាក់​មកថា ម៉ាស់ដែល​បារាំង​បញ្ជាទិញ​ពីចិន​ជាង​១ពាន់​លាន​ម៉ាស់ បាន​មក​ដល់បារាំង​​តាមផ្លូវ​អាកាស នៅថ្ងៃចន្ទ​មួយជើង ហើយ​យន្តហោះ​មួយ​ជើង​ទៀត​​ដឹកម៉ាស់ចំនួន​១២លាន មកដល់ប៉ារីស​​​នៅ​ថ្ងៃ​ពុធ​​។

ក្រៅពីប្រកាស​ផលិតម៉ាស់ ថ្នាក់ដឹកនាំបារាំងក៏​ឱ្យដឹងពីការ​ផលិត​ឧបករណ៍​បំពង់​ខ្យល់​ដក​ដង្ហើម។ តាម​លោក អេម៉ានុយអែល ម៉ាក្រុង, ​រោងចក្របារាំងនឹងផលិតឧបករណ៍សម្រាប់ដកដង្ហើម ចំនួន​១ម៉ឺនគ្រឿង​ ពីពេលនេះទៅពាក់កណ្តាលខែឧសភាខាងមុខ​។ ​កិច្ចការប្រញាប់​បន្ទាន់​នេះ​ ត្រូវ​​​មានការ​ចូលរួម​ពី​​រោង​ចក្រ​ធំ​ៗចំនួន​​បួន បែង​ចែក​ការងារ​គ្នាធ្វើ​​ ហើយ​​ផ្នែក​គ្រឿងបរិក្ខារពេទ្យ​ខ្លះមួយចំនួន​​ទៀត​ ត្រូវ​ផលិត​ដោយ​រោងចក្រ​ជា​ច្រើន​ នៅ​ជាយៗក្រុង​ប៉ារីស។

មិនតែប៉ុណ្ណោះ ​​ចំនួនគ្រែសង្គ្រោះបន្ទាន់ក៏ត្រូវ​បង្កើន​​ដែរ។ រដ្ឋមន្ត្រីសុខាភិបាល​ ធ្លាប់បាន​បញ្ជាក់ថា បារាំងត្រូ​វ​បង្កើន​គ្រែសង្គ្រោះបន្ទាន់ចំនួន​១ម៉ឺន​៤ពាន់​គ្រែ ដែល​មុនពេល​កើត​ផ្ទុក​មេរោគ គ្រែនេះ​មានតែ​ចំនួន​តែ​៥ពាន់​ប៉ុណ្ណោះ។

ចំណែក ក្នុងការ​ចោទសួរពីរដ្ឋ​សភា​ជាប្រចាំ​រាល់ថ្ងៃអង្គារ៍ រដ្ឋមន្ត្រីសុខាភិបាល Olivier Véran បាន​ប្រាប់​សមាជិក​សភាថា ឥឡូវ​នេះ បុគ្គលិកសុខាភិបាល ​អាចធ្វើ​តេស្ត​ ទៅលើ​មនុស្ស​ចំនួន​ ២ម៉ឺននាក់ ​ក្នុង​មួយ​ថ្ងៃ ហើយ​បារាំង​នឹង​បង្កើត​ចំនួន​ធ្វើ​តេស្ត ​ឱ្យ​បាន​៥ម៉ឺននាក់ក្នុង​មួយ​ថ្ងៃ នៅ​ចុង​ខែមេសា​នេះ​៕​ RFI

អត្ថបទទាក់ទង