ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នក​អាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​ខ្ជាប់​វប្បធម៌ចែក​រំលែក គឺ​ខ្មែរជួយ​ខ្មែរ​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 598
    ទស្សនៈមិត្តអ្នក​អាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​ខ្ជាប់​វប្បធម៌ចែក​រំលែក គឺ​ខ្មែរជួយ​ខ្មែរ​ទស្សនៈមិត្តអ្នក​អាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​ខ្ជាប់​វប្បធម៌ចែក​រំលែក គឺ​ខ្មែរជួយ​ខ្មែរ​

    នៅ​ក្នុង​សង្គម​កម្ពុជា ​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ល្អផូរផង់មួយ គឺ​វប្បធម៌​នៃ​ការចែករំលែក​​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅ​មក។ ​ទស្សនវិជ្ជា​នេះ​ មាន​តម្លៃ​ធំធេង​សម្រាប់​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ភាព​​ក្រីក្រ ​​កាត់​​បន្ថយ​ការពឹងពាក់​លើ​ជំនួយ​បរទេស ពិសេស​ខ្មែរ​ជួយ​ខ្មែរក្នុង​គ្រា​អាសន្ន​អន់​ក្រ។ តាមរយៈភាព​សស្រាក់សស្រាំ​ក្នុង​ការជួយ​ជន​​រងគ្រោះ​ក្នុង​​សោកនាដកម្ម​នានាកន្លង​មក​​ ​គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​សិល្បៈ​​នៃ​ការ​ចែករំលែក ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​គួរ​តែ​លើក​តម្កើង ជា​ពិសេស​ វប្បធម៌​ចែក​រំលែក​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ប្រកាន់​ខ្ជាប់​ក្នុង​គ្រប់​កាលៈទេសៈដែល​ប្រទេស​ជាតិ​ជួប​គ្រោះ​អាសន្ន​។​

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បរិច្ចាគ​ប្រាក់​បៀវត្ស​ជា​នាយករដ្ឋមន្ត្រី​ចំនួន ៧ខែ ដោយ​គិត​ចាប់​ខែមីនា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថាន​ភាពនៃការ​វិវត្តនៃជំងឺ​ឆ្លងសកល​​នេះ។ ការ​បរិច្ចាគ​ប្រាក់​បៀវត្ស​ចំនួន ៧ខែ របស់​លោកនាយករដ្ឋមន្ត្រី ត្បិត​ថា មិន​ច្រើន​ណាស់​ណា​ តែ​វា​ជា​ទឹក​ចិត្ត​ដ៏ប្រពៃរបស់​ប្រមុខ​រាជរដ្ឋាភិបាល​ ជូន​​ចំពោះ​ប្រទេស និងជន​រួមជាតិកម្ពុជា។

    ទន្ទឹម​នឹងការ​ដាក់​ចេញ​វិធានការដ្ឋជា​ច្រើន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19 ដែលកំពុង​រាតត្បាត​ពាស​ពេញ​សកល​លោក រួម​ទាំង​ការ​កៀរគរថវិកា​ពី​សប្បុរសជននានាផងនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើម​ខែមេសា ​ឆ្នាំ​២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់លោកទៀត​ផង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​នេះឲ្យ​កាន់​​តែ​មាន​ប្រសិទ្ធិភាព តាម​រយៈការប្រមូល​​ថវិកាមួយ​ផ្នែក​ទៀតជួយ​ដល់​រាជរដ្ឋាភិបាល។​

    ការ​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ជាកាយវិការគំរូ​ដ៏ល្អ​មួយ​ដែល​ថ្នាក់​ដឹកនាំ​ក្នុងជួរ​​រាជរដ្ឋាភិបាល បាន​អនុវត្ត​តាម ក្នុង​គ្រា​ដែល​កម្ពុជា​ និង​ពិភពលោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្ល​ង​សកល COVID-19 ​។ ជាក់​ស្តែង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​លោក​នាយករដ្ឋមន្ត្រី គេឃើញ​មាន​មន្ត្រី​ជាន់​ខ្ពស់​​​រាជរ​ដ្ឋា​ភិបាល​ជា​បន្ត​បន្តាប់​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​ខ្លួន​ផង​ដែរ ជូន​ដល់​គណៈកម្មាការជាតិ​ប្រយុទ្ធ​ប្រឆាំង​​​នឹង​ជំងឺ COVID-19។ អ្នក​ខ្លះ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​ខ្លួនចំនួន ៦ខែ អ្នក​ខ្លះ ៧ខែ មាន​ដូច​ជា លោក ជា វ៉ាន់ដេត, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ជា​ សុផារ៉ា លោក ម៉ម ប៊ុនហេង, លោក អ៊ុក រ៉ាប៊ុន, លោក ម៉ៅ ហាវណ្ណាល់, លោក ប៉ាន់ សូរស័ក្តិ, លោក អ៊ិត សំហេង ជា​ដើម។ គេ​សង្ឃឹម​ថា នឹង​មាន​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ផ្សេងៗទៀតនឹង​សម្រេច​​ផ្តល់​ប្រាក់​បៀវត្សតាម​ការ​ស្ម័គ្រ​ចិត្ត​រៀងៗខ្លួន​ ពោល​គឺ​ជា​វប្បធម៌ចែក​រំលែកដើម្បី​ជួយ​ដល់​ជាតិ​ក្នុង​គ្រា​អាសន្ននេះ។

    ការ​ចែករំលែក គឺ​ជា​សិល្បៈដ៏មាន​តម្លៃ ​ក្នុង​​ទស្ស​នៈ ខ្មែរជួយ​ខ្មែរ ក្នុង​នាម​ជា​ជន​ជាតិ​ដែល​មាន​ឈាម​ជ័រ​ដូចគ្នា។ ក្នុង​ន័យ​នេះ ​ខ្មែរ​អ្នក​មាន​ដែល​បាន​ទទួល​ភាគផល​ច្រើន​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសនៅ​ក្រោយ​សង្គ្រាម​ គួរ​តែ​ចែក​រំលែកភោគ​ផល​ដែល​ខ្លួន​ទទួល​បាន​ពី​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ កំណើន​សេដ្ឋកិច្ចជាតិ ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​រក​ជូន​ដោយ​លំបាកក្នុង​រយៈពេលជា​ច្រើន​ទស្សវត្សរ៍នេះ ជួយ​ចែក​រំលែកដល់​រាជរដ្ឋាភិបាលវិញ ក្នុង​គ្រាលំបាកនេះ ពិសេស​ជួយ​ដល់​ជន​រួម​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា ដែល​កំពុង​ទទួល​រងគ្រោះ​ដោយ​សារ​ជំងឺ COVID-19។​

    តាម​រយៈ​កម្លាំង​សាមគ្គី និង​ការ​ចែក​រំលែក​ដើម្បី​ជួយ​គ្នា ​គេប្រាកដ​ជា​អាច​ជួយ​រំលែក​ទុក្ខលំបាក​ជាមួយ​នឹង​រាជរដ្ឋាភិបាល ពិសេស​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​លំបាក​នេះ។ ម្យ៉ាង​ទៀត សិល្បៈនៃការ​ចែក​រំលែក​នេះ គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មហាចលនា​សង្គម​ទូទាំង​ប្រទេស នៅ​ក្នុង​បរិបទ​ដែល​កម្ពុជា ក៏​ដូច​ជា ពិភពលោក​ទាំង​មូល​កំពុង​តស៊ូប្រយុទ្ធ​ប្រឆាំង​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​សាកល COVID-19 ។

    ដោយ៖ សុខ សុវណ្ណ

    អត្ថបទទាក់ទង