ស្វែងយល់ពីមូលហេតុនៃការធ្វើពិធីពូនភ្នំខ្សាច់នាពេលចូលឆ្នាំថ្មី
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការបង្ហាញថា ពិធីពូនភ្នំខ្សាច់ពេលចូលឆ្នាំខ្មែរធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពារហើយទទួលមកវិញនូវបុណ្យកុសលនៅជាតិនេះនិងជាតិខាងមុខ។
ឯកឧត្ដម ញៀណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍ថា តាមទំនៀមទំលាប់ខ្មែរយើងពិធីពូនភ្នំខ្សាច់ តែងធ្វើនៅរដូវចូលឆ្នាំ និងនៅតាមទីវត្តអារាមនានា ក្រៅពីនេះគេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុជូនចំពោះពេលមាតាបិតាឈឺធ្ងន់ដើម្បីរំដោះគ្រោះចង្រៃផ្សេងៗ។
ឯកឧត្តមបន្តថា ការរៀបចំជាគំនរខ្សាច់មានរាងដូចជាកូនភ្នំតូចៗ ចំនួនពី ៣ ទៅ ៥កូនភ្នំតូចៗ ដែលតំណាងឲ្យភ្នំខ្សាច់ ហើយដាក់នៅលើថាសឬលើតុ ។ បើនៅតាមទីវត្តអារាមវិញ គេរៀបចំព័ទ្ធជុំវិញព្រះវិហារតាមទិសទាំង៨ តែជូនកាលគេធ្វើតែចំនួន៥ប៉ុណ្ណោះ គឺធ្វើមួយចំកណ្ដាលគេ ធ្វើធំហើយខ្ពស់ ដែលចាស់ៗតែងនិយមហៅថា ធ្វើដំណាងភ្នំ សិនេរុ ដែលជាទីតាំងនែឋានត្រៃត្រឹង្ស ចំណែកភ្នំខ្សាច់បួនតូចៗជុំវិញគឺដំណាងអោយទិសទាំងបួន បើមាន៨គឺដំណាងអោយទិសទាំង៨ ដោយដាក់ក្អមកប់ឲ្យនៅត្រឹមក ដាក់ត្រង់កំពូល គ្រប់ចេតិយឬភ្នំខ្សាច់ រួចហើយយក ទៀន ធូប ផ្កាឈើមានពណ៌ផ្សេងៗ និងដាក់ទងធ្វើពីក្រដាស់មានពណ៌ផ្សេងគ្នា ទៅដោតនៅចំពីលើកំពូលចេតិយ ឬភ្នំខ្សាច់សំរាប់បូជា ។
ឯកឧត្ដមបន្ថែមថា ការពូនភ្នំខ្សាច់ គឺមានជំនឿរថាបានឡើងឋានសួរ និងដើម្បីផ្ដាច់នូវកម្មពារដែលបានធ្វើ និងរក្សានូវបុណ្យកុសលទៅជាតិខាងមុខទៀត ។
ការពូនភ្នំខ្សាច់គឺដើម្បីផ្សងនិងដើម្បីជាអារម្មណ៍របស់មនុស្សដែលប៉ងប្រាថ្នា ចំពោះអ្នកដែលបានធ្វើខុសឆ្គាំឆ្គង សូមលុនតួរ កម៉ាលាទោស ក្រែងកូនមានសម្ដីសម្ដៅ មិនសមទំនង ជាមួយមាតាបិតា ជីដូនជីតា ញាតិដោយប្រការណាមួយ សូមលុនតួរលាទោស ដូចក្នុងសុភាសិតមួយគេថា គេមិនខ្លាចទេអ្នកធ្វើខុស ខ្លាចតែអ្នកមិនស្កាល់កំហុស ឥលូវប្រសិនជាយើងបានធ្វើខុសឆ្គាំឆ្គង គ្រប់បែបយ៉ាងយើងលាកម្មពារអីចឹងអោយរួចទៅ ហើយយើងកុំធ្វើអាក្រក់ទៀត គឺធ្វើតែអំពើល្អ តៗទៅ ពីណាក៍ខុសដែល តែខុសហើយគេលុបដោយពូនភ្នំខ្សាច់ គឺឈប់ធ្វើអាក្រក់ទៅលើមាតាបិតាតទៅទៀត លាត្រឹមនឹង ហើយធម៌ក្នុងព្រះពុទ្ធសាសនា គឺការចិញ្ជឹម ម៉ែ ឪ និងគោរពរាមច្បងនិងហើយជាធម៌ត្រូវឡើងទៅឋានសួរ ។
សូមបញ្ជាក់ថា ពិធីពូនភ្នំខ្សាច់ គេមិនមែនធ្វើតែនៅក្នុងថ្ងៃចូលឆ្នាំ ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ តែគេអាចធ្វើនៅក្នុងថ្ងៃបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យចំរើនព្រះជន្មជូនមាតាបិតា និងសូត្រមន្តធម្មតានៅតាមផ្ទះនានា ក៍គេអាចរៀបចំពិធីពូនភ្នំខ្សាច់បានផងដែរ ៕