ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ មនុស្ស១ភាគ៣ក្នុងសកលលោក ត្រូវជាប់បំរាមឲ្យសម្ងំក្នុងផ្ទះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 41
កូវីដ-១៩៖ មនុស្ស១ភាគ៣ក្នុងសកលលោក ត្រូវជាប់បំរាមឲ្យសម្ងំក្នុងផ្ទះ សង្កាត់មួយ​នៅក្រុងញូដេលី ក្រោយការប្រកាស​អនុវត្តវិធានការ​ ឲ្យប្រជាជន​សំងំក្នុងផ្ទះ ដើម្បីបង្ការការឆ្លងរាលដាល Covid-19។ ថ្ងៃទី​២៥​មីនា​២០២០ REUTERS - ANUSHREE FADNAVIS

រដ្ឋាភិបាលប្រទេសជាច្រើន បានចាត់វិធានការបិទខ្ទប់ដោយផ្នែក ឬទាំងស្រុង ទៅលើការធ្វើដំណើរ​បំលាស់ទីរបស់ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩។ យ៉ាងណាមិញ នៅថ្ងៃពុធ ទី២៥មីនា រដ្ឋាភិបាល​ប្រទេសឥណ្ឌា​ ដែលមានប្រជាជនប្រមាណ​ ១៣០០លាននាក់ បានសម្រេច បិទខ្ទប់ប្រទេសទាំងស្រុង តម្រូវឲ្យប្រជាជនឥណ្ឌាសម្ងំនៅក្នុងផ្ទះ ចៀសវាងការចេញទៅខាងក្រៅ។ គិតមកត្រឹមពេលនេះ គឺមាន​មនុស្ស​១ភាគ៣ នៃពិភពលោកយើង ដែល​ត្រូវ​ស្ថិតក្នុងបំរាមនេះ។

ចំនួន​អ្នកឆ្លង និងអ្នកស្លាប់ ដោយកូវីដ-១៩​បន្តកើនឡើង នៅទូទាំងពិភពលោក។ អ៊ីតាលី បារាំង អេស្ប៉ាញ និងប្រទេសជាច្រើនផ្សេងទៀត សុទ្ធតែបានចេញបញ្ជាហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យចេញពីផ្ទះ​ និងចៀងវាងនៅក្បែរប្រាស្រ័យជាមួយមនុស្សដ៏ទៃ ដើម្បីផ្តាច់ផ្លូវចម្លងមេរោគកូវីដ-១៩។

ជាមួយនឹងប្រជាជនប្រមាណ​១៣០០លាននាក់ ឥណ្ឌាទើបតែបាន​សម្រេច​បិទខ្ទប់ប្រទេសទាំងស្រុងដែរ បើទោះបី​ប្រទេសនេះ មានស្ថានភាពឆ្លងរាលដាល ​មិនទាន់ធ្ងន់ធ្ងរខ្លាំងក៏ដោយ។ ចាប់ពី​ថ្ងៃពុធ​ទី​២៥​មីនា​ទៅ ប្រជាជន​ឥណ្ឌា​ត្រូវសម្ងំ​នៅក្នុង​ផ្ទះ ចៀសវាង​ចេញ​ដើរ​ទៅ​ខាងក្រៅ ​ជួប​ប្រាស្រ័យ ឬ​ប៉ះពាល់​ជាមួយ​អ្នកដ៏ទៃ។

លោក​ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែង​ប្រាប់ទៅ​ប្រជាពលរដ្ឋ​ទាំងអស់ថា៖ « ចូរអ្នកចងចាំជានិច្ចថា គ្រាន់​តែ​ឈាន​ជើង​មួយជំហាន​ចេញពីផ្ទះ ក៏អ្នក​អាច​ឆ្លង​មេរោគ​កូវីដ-១៩​ ហើយ​នាំវា​មក​ចម្លង​ដល់​សមាជិក​គ្រួសារ​អ្នក​បានដែរ។ ដូច្នេះ គ្រប់គ្នា​ត្រូវតែ​គោរព​បទ​បញ្ជានេះ​ ដើម្បី​ការពារខ្លួន ​និង​ក្រុមគ្រួសារ »។

គួរកត់សំគាល់ថា ជាមួយ​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ឥណ្ឌានេះ គឺមាន​មនុស្ស​ប្រមាណ​​២៦០០​លាន​នាក់​ហើយ​ ពោល​គឺ​​១ភាគ៣​​នៃ​​មនុស្សជាតិ​​ទាំងមូល ដែល​ត្រូវ​ជាប់​បំរាម​សំងំ​នៅក្នុង​ផ្ទះ។ តែយ៉ាងណា​ក៏ដោយ ការ​ហាម​ឃាត់​មនុស្ស​មិនឲ្យ​ចេញពីផ្ទះ ​បានធ្វើឲ្យ​សកម្មភាព​ការងារ​រកស៊ី​ ដែល​ជា​ចរន្ត​សេដ្ឋកិច្ច ​ត្រូវ​រាំងស្ទះ​លែង​ដំណើរការ។

មេដឹកនាំ​ប្រទេសខ្លះ​ មិនសូវ​ជា​យល់​ពី​សារៈប្រយោជន៍​​​នៃ​វិធានការ​នេះទេ​ ដោយ​គិតតែ​អាទិភាព​លើ​បញ្ហា​សេដ្ឋកិច្ច។ លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​​នៅតាមកញ្ចក់​ទូរទស្សន៍​ Fox News ថា​ការ​​រារាំង​មនុស្ស​ឲ្យនៅ​ក្នុងផ្ទះ ​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រូវ​រំលំរលាយ ​ហើយមនុស្ស​ជាច្រើន​ប្រាកដ​ជា​​ជួបវិបតិ្ត ឈាន​​ទៅ​​ធ្វើ​អត្តឃាត។ ចំណែក ​លោកបុលសូណរ៉ូ ប្រធានាធិបតី​ប្រេស៊ីល​ វិញ បាន​និយាយថា​ ការ​​សម្រេច​ហាម​ប្រជាជន​មិនឲ្យ​ចេញ​ពីផ្ទះ ​គឺជា​នយោបាយ​ភ័យ​ជ្រួលជ្រើម ជ្រុល​ហួសហេតុ។

គួរ​បញ្ជាក់ថា ​សម្រាប់​ពេលនេះ​ នៅ​ពុំទាន់​មាន​ថ្នាំព្យាបាល ​និង​ថ្នាំវ៉ាក់សាំង​ការពារ​មេរោគ​កូវីដ-១៩​ទេ។ អាជ្ញាធរ​សុខាភិបាល និង​អ្នក​ជំនាញ​វិជ្ជសាស្ត្រ​នៅតាម​ប្រទេស​ជាច្រើន រួមទាំង​អង្គការ​សុខភាព​ពិភព​លោកផង ​បាន​យល់​ស្រប​​គ្នា​​ថា ការ​តម្រូវ​ឲ្យមនុស្ស​សំងំក្នុងផ្ទះ​ កុំជួបជុំគ្នា ​កុំ​ប្រាស្រ័យ​ប៉ះពាល់​ជាមួយ​អ្នកដ៏ទៃ​ គឺជា​វិធី​តែមួយ​គត់ ដែល​អាច​ទប់​ល្បឿន​នៃ​ការឆ្លង​រាលដាល ហើយ​អាច​ឲ្យ​ក្រុមគ្រូពេទ្យ ​មាន​ពេលវេលា​និង​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩៕ RFI

អត្ថបទទាក់ទង