លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរប្រយុទ្ធនឹងជំងឺ COVID-19 ជាជាងនាំគ្នាភ័យខ្លាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើង និងភ័យខ្លាចជម្ងឺ COVID-19 ពីព្រោះកម្ពុជា មានតែមួយករណីដែលបុរសម្នាក់អាយុ៣៨ ឆ្នាំនៅខេត្តសៀមរាប បានឆ្លងពីបុរសជនជាតិជប៉ុន។ លោកថា បញ្ហានេះ ជាមូលហេតុបិទសាលានៅក្រុងសៀមរាបដោយសារកុមារមិនសូវចេះពីវិធីការពារដូចមនុស្សធំនោះទេ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា រដ្ឋមន្រ្តីក្រសួងអប់រំបានស្នើសុំឱ្យមានការបិទសាលារៀនក្នុងខេត្តទាំងអស់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាតែម្តង ទន្ទឹមនេះផងដែរ បើសិនជាបងប្អូនមានការសង្ស័យកើតមានជម្ងឺ COVID-19 សូមប្រញាប់ប្រញាល់រាយការណ៍ប្រាប់ទៅក្រសួងសុខាភិបាលភ្លាមៗឱ្យបានឆាប់រហ័សបំផុត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ជំរុញដល់ក្រសួងសុខាភិបាលបន្តខិតខំយកចិត្តលើវិធានបន្ទាន់ប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ជាពិសេសរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ត្រូវបង្កើតវិធានពង្រឹងប្រព័ន្ធទំនាក់ទំនងតាមរយៈទូរស័ព្ទឡើងវិញ ឱ្យតែមានការហៅចូល ត្រូវតែលើកទូរស័ព្ទធ្វើការឆ្លើយតបភ្លាមៗ ជាមួយអ្នកបានទូរស័ព្ទចូលសួរពិគ្រោះបល់ទៅនឹងអាការៈជម្ងឺផ្សេងៗ ហើយបើមានអ្នកជំងឺណាសង្ស័យមានផ្ទុកជម្ងឺ COVID-19 ត្រូវទាក់ទងឱ្យបានជាប់លាប់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពីព្រោះមានតែក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដែលមានកិច្ចសហការប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក(WTO) និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ៕