ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ រួមកម្លាំងគ្នាថែរក្សា ការពារ សុខសន្តិភាព ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ រួមកម្លាំងគ្នាថែរក្សា ការពារ សុខសន្តិភាព ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ រួមកម្លាំងគ្នាថែរក្សា ការពារ សុខសន្តិភាព ដែលធ្វើឱ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នៅទិសទី៣ យោធភូមិភាគទី៥ ប្រមាណ៥ពាន់នាក់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ចូលមកដល់នាពេលខាងមុខ។ ពិធីនេះស្ថិតនៅទីតាំងគម្រោងទីតាំងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះផងដែរ លោកក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិ មាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឭកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បើទោះបីជាមានក្រុម ឬពួកណាចង់ធ្វើបដិវត្តន៍ពណ៌នោះ ក្នុងនាមយើងជាកងកម្លាំងត្រូវប្រឆាំងដាច់ខាត និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជាពិសេសគឺការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ លោក ទៀ បាញ់ បានសំណូមពរដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អជាមួយបណ្ដាប្រទេសជិតខាងដើម្បីឲ្យព្រំដែនយើងទាំងអស់ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍។ លើសពីនោះ លោកក៏បានប្រគល់ថវិកា ជូនកងកម្លាំងប្រដាប់អាវុធទិសទី៣ យោធភូមិភាគទី៥ និងផ្តល់ថវិកាជូនដល់នារី និងកងកម្លាំងនារី ដែលចូលរួមក្នុងកម្មវិធីនោះ ដើម្បីអបអរសាទរក្នុងទិវាសិទ្ឋិនារី ៨មីនាផងដែរ៕

អត្ថបទទាក់ទង