លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើនថែមទៀត
នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបានពង្រីកការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការសេវាសុខភាព កំណើនប្រជាពលរដ្ឋ ការវិវត្តប្រជាសា្រស្ត ការប្រែប្រួលសណ្ឋានជំងឺ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវការណែនាំចំនួន៥ចំណុចដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ។
អនុសាសន៍ទាំង៥ចំណុចនោះមានដូចខាងក្រោម៖
ទី១- ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយអំពីគោលនយោបាយសុខាភិបាលសំខាន់ៗ ដោយផ្តោតលើគ្រប់ទិដ្ឋភាពនៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាល រួមមានការធ្វើវិមជ្ឈការ ប្រព័ន្ធសុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្តត់ផ្គង់ឱសថ និងបរិក្ខារសុខាភិបាល ការពង្រឹងគុណភាពសេវាអភិបាលកិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធសុខាភិបាល ការលើកម្ពស់ប្រព័ន្ធគាំញរសុខភាព សង្គមកិច្ច និងភាពជាដៃគូរវាងសុខាភិបាលសាធារណៈនិងឯកជន ។
ទី២- ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវាសុខាភិបាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅ មូលដ្ឋាន បង្កើនគណនេយ្យភាព និងអភិបាលកិច្ចល្អនៅមូលដ្ឋាន ជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងតម្លាភាព ហើយកាន់តែជិតស្និទ្ធនិងកៀកទៅនឹងប្រជាជន។
ទី៣- រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធដើម្បីរៀបចំកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធស្ថាប័នតួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានីខេត្តដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាពដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។
ទី៤- ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
ទី៥- រដ្ឋបាលរាជធានី-ខេត្ត ត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រថវិកាសម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្តដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕