ប្រជាពលរដ្ឋ ១៣៥នាក់ បានពិនិត្យរកជំងឺកូរ៉ូណា នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលអវិជ្ជមាន!
ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជា ចំនួន ១៣៥ នាក់ បានមកពិនិត្យរកជំងឺកូរ៉ូណា (COVID-19) នៅវិទ្យាស្ថានប៉ាស្ទ័រ ដែលមានលទ្ធផល ”អវិជ្ជមាន Negative” គឺមិនមានជំងឺកូវីដ១៩ទេ។
ក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី០២មីនា ក្រសួងសុខាភិបាល បានប្រកាសថា ប្រសិនបើពលរដ្ឋ មានការសង្ស័យ ឬមានករណីបន្ទាន់ណាមួយ ចំពោះជំងឺកូរ៉ូណា ១៩ នេះ ប្រជាពលរដ្ឋ អាចខលមកលេខ ១១៥ បានគ្រប់ពេលទាំងអស់។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួង គ្មានហេតុផលអី ដែលត្រូវលាក់បាំង ចំពោះការកើតមានជំងឺកូរ៉ូណា ក្នុងប្រទេសកម្ពុជាទេ។ ផ្ទុយទៅវិញក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាទីបំផុត ដើម្បីផ្តល់ព័ត៌មានប្រាប់ទៅប្រជាពលរដ្ឋ អោយទទួលបានកាន់តែឆាប់បំផុត។
ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីបញ្ហាជំងឺកូវីដ ១៩ នេះ បើមានករណីមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ កុំឆាប់ដាក់ការសង្ស័យជ្រុលថា ខ្លួនមានជំងឺកូវីដ ១៩ ដោយមិនបានពិគ្រោះជាមួយមន្ទីរពេទ្យជំនាញ។ ជាពិសេស សូមពលរដ្ឋ ត្រូវចូលរួមការពារ និងធ្វើអនាម័យខ្លួនឯងផ្ទាល់ និងអនាម័យគ្រួសារជាប្រចាំ ដូចជា លាងដៃអោយបានញឹកញាប់ រស់នៅស្អាត និងហូបស្អាត ជាដើម។
ក្រសួងសុខាភិបាល បានលើកឡើងបន្តថា ជារៀងរាល់ថ្ងៃ វិទ្យាស្ថានប៉ាស្ទ័រ បានទទួលអ្នកមកធ្វើតេស្តរកជំងឺកូវីដ១៩នេះ យ៉ាងហោចណាស់មាន ២ ឬ ៣នាក់ ក្នុង ១ថ្ងៃ។ មកទល់ពេលនេះ គឺមិនទាន់មានពលរដ្ឋខ្មែរយើងណាម្នាក់ មានឆ្លងជំងឺកូវីដ ១៩ នេះ ទេ។
ក្រសួងសុខភិបាលកម្ពុជា ក៏បានបញ្ជាក់ថា សព្វថ្ងៃនេះ ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រ ដែលទទួលពិនិត្យសំណាក (កំហាក) នោះ យើងក៏មានវិទ្យាស្ថានសុខភាពសាធារណៈមួយទៀតដែរ ក្នុងការទទួលជួយពិនិត្យរោគសញ្ញាជំងឺកូវីដ១៩ ដែលយើងមានមន្ទីរពិសោធន៍ហើយសហការគ្នាជាមួយវិទ្យាស្ថានប៉ាស្ទ័រផងដែរ៕
ប្រភព៖ Swift News