ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ បោះឆ្នោតឆ្នាំ២០១៨ គឺជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 71
ទស្សនៈមិត្តអ្នកអាន៖ បោះឆ្នោតឆ្នាំ២០១៨ គឺជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញដោយមិនបង់ប្រាក់

នៅសល់​ប្រមាណ​១០​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ នឹង​ឈាន​ចូល​មក​ដល់​។ លោក​​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ជាឱឡារឹក​នូវ​កាល​បរិច្ឆេត​នេះ​ក្នុង​នាម​ជា​នាយក​រដ្ឋ​​មន្ត្រី​​ស្រប​ច្បាប់ ​ថា​ការ​បោះឆ្នោតតំណាងរាស្ត្រ អាណត្តិ​ទី៦ ​នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​​​ ជាកំហិត​។​ គេនៅ​ចាំ​បាន​ថាការ​បោះ​ឆ្នោត​កន្លង​មក​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​​មាន​លោក​ ហ៊ុន សែន​ ជាបេក្ខជន​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ការ​ប្រកួត​ប្រជែងយ៉ាង​ស្វិត​ស្វាញ​ ជា​មួយ​​​គណបក្ស​ជាច្រើន​ដែល​ភាគច្រើន​សុទ្ធសឹង​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា និង​ដែល​មាន​ការ​​គាំទ្រ​​ពី​ប្រទេស​មហា​អំណាច​នៅប្លុក​សេរី​​។

ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ ៥អាណត្តិ​កន្លង​មក​ហើយ​ក្នុង​នោះ​គេ​តែង​ឃើញ​មាន​ការ​តវ៉ា​ និង​ការ​ធ្វើ​បាតុកម្ម​ដោយ​អំពើ​​ហិង្សា​ ទាម​ទារ​ឱ្យ​មាន​ការ​បែង​ចែក​អំណាច​​ពី​​គណបក្ស​​​ឈ្នះ​ឆ្នោត​ជារឿយៗ ឬពេលខ្លះឱ្យមេដឹកនាំដែលឈ្នះឆ្នោតចុះចេញពីតំណែងទៀតផង ​​​នៅរាល់​ពេល​​ដែល​លទ្ធផល​ឆ្នោត​ចេញម្តងៗ។​ ទង្វើ​ និងសកម្មភាពរបស់បក្សប្រឆាំងទាំងនេះ គឺសុទ្ធតែមានការគាំទ្រពេញទំហឹងពីប្រទេសមួយចំនួន។ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ​តែង​គិត​ថា​ការ​បោះ​ឆ្នោត​ទាំង​៥អាណត្តិ​កន្លង​មក​នោះ​គឺ​ជាការ​ប្រកួត​ដោយ​ស្មើ​ភាព​​គ្នា​ គ្មាន​ការ​លូកដៃ​ចូល​ពី​បរទេស​​ឡើយ​​។ ប៉ុន្តែ ​ក្រោយ​ពេល​ដែល​ កឹម សុខា ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​ បានសារភាពថា ខ្លួនបានទទួលបញ្ជា និងការឧបត្ថម្ភគាំទ្រគ្រប់យ៉ាងពីអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បី​ការផ្លាស់​ប្តូររបបដឹកនាំ និងមេដឹកនាំនៅកម្ពុជា ទើប​គ្រប់​បក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​កន្លង​មក​ បាន​​នាំ​គ្នា​ភ្ញាក់​ផ្អើល​ និង​ថ្កោលទោស​នូវ​អំពើ​ក្បត់​ជាតិ​របស់​ កឹម សុខា​ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​សុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​រំលាយ​គណបក្ស​មួយ​នេះ​​ជាបន្តបន្ទាប់​ ក្នុង​នោះ​រួម​មាន​​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​ របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ និង​គណបក្ស​យុវជន​កម្ពុជា​ របស់​​លោក​ ពេជ្រ ស្រស់​។ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ គ្រប់​បក្ស​នយោបាយ​ទាំងអស់មានសិទ្ធិ​ធ្វើជាដើមបណ្តឹង​ប្តឹងទៅ​តុលាការ​កំពូល​ ដើម្បី​រំលាយ​​គណបក្ស​ដែល​ធ្វើ​ខុស​​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​។

ផែនការ​ទុច្ចរិត​ដែល​ កឹម សុខា ព្រមទាំងគូកន​ក្នុងបក្ស​សង្គ្រោះជាតិ​បាន​អនុវត្តន៍​ គឺ​ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ និង​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា​ សម្ភារៈ និងបច្ចេកទេស​ពី​អាមេរិក​ដែល​ជា​មេគំនិត​​ ប៉ុន្តែ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​​ចាត់​វិធាន​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា និង​ចាប់​បាន​មេក្លោង​ធំ​ទៀត​ផង​។​ ម្យ៉ាង​ទៀត​ ឈរ​លើ​វីដេអូ​ឃ្លីបដែលផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយ CBN​ ដែល​មានទីតាំង​នៅ​ប្រទេស​អូស្រ្តាលី​​​​ អំពីការថ្លែងដោយ​អំនួត​របស់​ កឹម សុខា​ ​ខ្លួនឯងផ្ទាល់​​នោះ​​​​​គឺ កឹម សុខា​ ជាអ្នក​​អនុវត្តផែនការសម្ងាត់នៃការធ្វើបដិវត្តពណ៌​នៅកម្ពុជា​ ក្នុងដំណាក់កាលទី១ ដោយ​យក​លំនាំតាម​​ការធ្វើបដិវត្តន៍​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​យូហ្គោស្លាវី ក្រោមស្លាក«ការផ្លាស់ប្តូរ​ជា​វិជ្ជមាន»​​ ដែលជា​ពាក្យ​បិទបាំង​​គំនិត​ទុច្ចរឹត​របស់​បក្ស​ខ្លួន​។

ការផ្តល់លុយជាច្រើនសន្ធឹកសន្ធាប់ពី​អាមេរិក​​ដល់អង្គការមិនមែនរដ្ឋាភិបាល ជ្រកក្រោម​ឈ្មោះ​​វិទ្យា​ស្ថាន​ដូច​ជា​ NDI, IRI, CANVAS  ​ជាដើម​ គឺ​ដើម្បីជួយ​ដល់បក្សប្រឆាំង​ក្រោមលេស​លើក​​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ តែតាមពិតប្រឆាំងនឹងរដ្ឋអំណាច​តែប៉ុណ្ណោះ​។ បន្ថែម​លើ​នេះ​ទៀត​ បណ្តាញ​ផ្សព្វ​ផ្សាយ​ដែល​ស៊ីប្រាក់ខែអាមេរិក បាន​ដើរតួផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​​លក្ខណៈបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោង ដើម្បីបញ្ឆេះកំហឹងប្រឆាំងនឹង​រដ្ឋាភិបាល​ ហើយ​ពេល​ខ្លះ​​បាន​បញ្ឆេះ​កំហឹង​វណ្ណះ​​សង្គម​ ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ទៀតផង ដែល​​បញ្ហា​នេះ​សូម្បី​តែ​នៅ​សហរដ្ឋអាមេរិកបច្ចុប្បន្ន​​ ក៏​នៅ​តែ​មាន​ដូច​គ្នា​។ ភស្តុតាង​ទាំង​នេះ​ អាច​ឱ្យ​យើង​សន្និដ្ឋាន​បាន​ថា​ ការ​បោះ​ឆ្នោត​៥អាណត្តិ​កន្លង​មក​គឺ​ហាក់​ដូច​ជា​មិន​មាន​ភាព​យុត្តិធម៌ និង​​តម្លាភាព​​ឡើយ ​សម្រាប់​គណបក្ស​ដែល​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​​បរទេស​ ជាពិសេសគឺ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មួយ​ឯករាជ្យ​មិន​រណប​បរទេស​​ ហើយ​វា​ក៏​ជា​រឿង​​​អយុត្តិធម៌​​ផង​ដែរ​ដែលប្រទេស​កម្ពុជា​ ជា​​រដ្ឋ​ឯករាជ្យ​មួយ​ត្រូវ​បាន​មហាអំណាច​បរទេស​មួយ​មក​លូក​​​ដៃ​កកូរ​កកាយ​កិច្ច​ការ​ផ្ទៃ​ក្នុងដោយ​សំងាត់​បែបនេះ​​​។

ក្រោយ​ពី​​បែក​ធ្លាយ​នូវ​ផែន​ការ​ក្បត់​របស់​ កឹម សុខា​ ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មក​ យើង​អាច​នឹក​ឃើញ​ឡើង​វិញ​ កាល​ពី​ការ​បោះ​ឆ្នោត​ដំបូង​នា​ឆ្នាំ​១៩៩៣​ ដែល​ពេល​នោះ​គឺ​ពិត​ជាមាន​ការ​លូក​ដៃ​ពី​អាជ្ញាធរ​បណ្តោះ​​អាសន្ន​សហប្រជាជាតិ​ ដែល​ហៅ​កាត់​ថា​ អ៊ុនតាក់​ (UNTAC) យ៉ាង​ច្បាស់​ក្រឡែត​ព្រោះ​​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ​ ហិប​ឆ្នោត​​មួយ​ចំនួន​ត្រូវបាន​គេ​រក​ឃើញ​នៅក្នុង​ស្រះ​ទឹក​ និង​ហិប​ឆ្នោត​មួយចំនួន​ទៀត​ត្រូវ​បាន​ជ្រុះ​រប៉ាត់​រប៉ាយតាម​ផ្លូវ​នៅពេល​ដឹក​ជញ្ជូន​ ហើយ​សន្លឹក​ឆ្នោត​ដែល​ជ្រុះ​រប៉ាត់​រប៉ាយ​នោះ​ភាគ​ច្រើន​​នៅ​តំបន់​​ដែលប្រជាជន​​មាន​ការ​គាំទ្រ​ច្រើន​មកលើ​គណប​ក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​ហើយ​ បាន​ជាលទ្ធ​ផល​ឆ្នោត​នៅពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ទទួលយក​​បាន ព្រោះ​វា​ពិត​ជា​មាន​ការ​ឃុប​ឃិត​ និង​លូក​ដៃពី​បរទេស​ក្នុង​ការ​ធ្វើ​ឱ្យ​លទ្ធផល​ឆ្នោត​មាន​ភាព​មិនប្រក្រតី​​​។​​ មក​ដល់​ពេល​នេះ​ ផែន​ការ​សម្ងាត់​នេះ​ត្រូវ​បាន​សារភាព​ដោយ​ កឹម សុខា​ ថា​មហាអំណាច​បរទេស​គឺ​ពិត​ជាបាន​ជួយរៀប​ចំផែន​ការតាំង​ពី​ឆ្នាំ​១៩៩៣​​ ដើម្បី​ធ្វើបដិវត្តពណ៌​នៅកម្ពុជា​ ក្នុង​ដំណាក់កាល​ទី១​ ដោយ​បាន​ជួយ​ កឹម សុខា​ ជាពិសេសជួយ​​គណបក្ស​ សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស​ និង​រហូត​ដល់​មាន​ការ​បញ្ចុះបញ្ចូល​ឱ្យមាន​ការ​​រួម​គ្នា​ជា​​គណបក្ស​​សង្គ្រោះជាតិ​នា​ពេល​​បច្ចុប្បន្ននេះ​។

ដូច្នេះ​ ការ​រៀប​ចំ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣​ មក​ គឺ​មិន​បាន​បង្ហាញ​នូវ​ភាព​ស្មើ​សិទ្ធិ​គ្នា និង​យុត្តិធម៌​​​ក្នុង​ការ​ប្រកួត​ប្រជែង​នោះ​ឡើយ​ ដោយ​ហេតុ​ថា​គណបក្ស​ប្រឆាំង​ដែលជា​កូន​ជឹង​របស់​បរ​ទេ​ស​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ទាំង​ផែន​ការ ​យុទ្ធសាស្ត្រ​ ថវិកា​ និង​ការ​ប្រមូល​កំលាំង​ជាសំងាត់​ តាម​រយៈសម្ព័ន្ធ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ដូចជា​ NDI; IRI; CANVAS ដែ​ល​មានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋអាមេរិក​ ដូចជា​ RFA;​ VOA; VOD និង​កាសែត​ The Cambodia Daily; Phnom Penh Post ជាដើម​ ជា​អ្នក​ជួយបំពង​សំលេង​​ក្នុង​ការ​បំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងស្ថាន​ការណ៍​ពិត​នៅកម្ពុជា។​​

ការ​វែក​មុខ​រក​ឃើញ​នូវ​ប្រភព​ និង​ការ​ទប់​ស្កាត់​បាន​ទាន់​ពេល​ នៃ​ការ​លូក​ដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃ​ក្នុង​ដោយ​បរទេស ​របស់​រដ្ឋាភិបាល​នា​ពេល​នេះ​គឺ​ពិត​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ពង្រឹងតម្លា​ភាព និងភាពយុត្តិធម៌​នៃ​ការ​បោះ​ឆ្នោតនៅ​ឆ្នាំ​២០១៨​ ខាង​មុខ។ គ្រប់​បក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ នឹង​ទទួល​​បាន​នូវ​ការ​បោះ​ឆ្នោត​មួយ​មាន​ភាព​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ ព្រោះ​គ្មាន​ការ​ជ្រៀត​ជ្រែក​ និង​​ការ​កកូរកកាយ​ បង្គាប់​បញ្ជា​ពី​មហាអំណាច​បរទេស និង​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ ប្រតិកិរិយា​ ដែល​កន្លង​មក​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​​​នៅកម្ពុជា​។​

កម្ពុជា​បច្ចុប្បន្ន​ លែង​ក្លាយ​​ជា​ឋាន​សួគ៌​សម្រាប់​សម្ព័ន្ធ​សង្គម​ស៊ីវិល​ ដែល​មិន​គោរព​ច្បាប់​តទៅ​ទៀត​ហើយ​។ គ្រប់​ភាគី​​ទាំង​អស់​ត្រូវ​តែ​យល់​ដឹង​ពី​នីតិរដ្ឋ​។ ច្បាប់​ គឺ​ជា​ច្បាប់​ ដោយ​មិនអាច​បំភ្លៃ​ថា​ជាការគាប​សង្កត់​ ឬជាការ​ដាក់​សម្ពាធ​ខាង​នយោបាយ លើ​បក្ស​ប្រឆាំង​នោះ​ឡើយ​។ ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នឹង​ក្លាយ​ជាការ​ប្រកួត​ប្រជែង​​ដោយ​ស្មើ​ភាព​គ្នា​ ពោល​គឺ​ជា​ការ​បោះឆ្នោត​ដោយ​ សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចូល​រួម​៕​​

ដោយ៖ ពង្ស សុក្រឹត្យ

 

អត្ថបទទាក់ទង