លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីវិធានការជួយដល់កម្មករ ក្នុងពេលមានវិបត្តិ COVID-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្មករកាត់ដេរ នឹងទទួលបានប្រាក់ខែ ៦០% នៃប្រាក់ខែអប្បបរមា ១៩០ ដុល្លារ ប្រសិនបើរោងចក្ររបស់ខ្លួន ព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើមពីចិន ក្នុងអំឡុងពេលជួបវិបត្តិជំងឺ COVID-19។
ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលដែលរោងចក្រកាត់ដេរជួបប្រទះនឹងវិបត្តិមិនមានវត្ថុធាតុដើម សម្រាប់ចង្វាក់ផលិតកម្ម ដោយសារតែចិនមានបញ្ហាជំងឺ COVID-19 ប្រសិនបើរោងចក្រកាត់ដេរ ព្យួរការងារ គឺកម្មករកាត់ដេរ នឹងទទួលបានប្រាក់ខែ ៦០% ដោយរោងចក្រផ្តល់ ៤០% និងរាជរដ្ឋាភិបាល ផ្តល់ ២០% នៃប្រាក់ខែអប្បបរមា ១៩០ ដុល្លារ នៅឆ្នាំ២០២០នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ បានបន្ថែមថា ក្នុងករណីរោងចក្រកាត់ដេរបិទទ្វារតែម្តង គឺរាជរដ្ឋាភិបាល ទទួលខុសត្រូវ ក្នុងការផ្តល់ប្រាក់ខែដល់កម្មករកាត់ដេរ រយៈពេល ៦ខែ ដោយក្នុង១ខែ ចំនួន ១២០ ដុល្លារ។ លោកបន្ថែមទៀតថា កម្មករកាត់ដេរ ដែលរោងចក្របិទទ្វារ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំដោយក្រសួងការងារ ក្នុងរយៈពេល ៤ខែ ដើម្បីមានជំនាញ រកការងារថ្មីធ្វើបាន៕