រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើកញ្ចប់ថវិកា២៥.២ពាន់លានដុល្លារសម្រាប់អង្គការ NASA និងមានការកែសម្រួលគំរោងធំៗខ្លះ
ក្នុងសំណើកញ្ចប់ថវិកាសហព័ន្ធ របស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ឆ្នាំ២០២១ មានការស្នើឲ្យលុបចោលគម្រោងបេសកកម្មកែវយឺតអវកាស ចំនួនពីររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) សេតវិមានអាមេរិកបានបង្ហាញសំណើកញ្ចប់ថវិការបស់អង្គការ NASA សម្រាប់ ឆ្នាំសារពើពន្ធ២០២១ មានទំហំ ២៥.២ពាន់លានដុល្លារ ដែលជាអត្រាកំណើន ១២ភាគរយលើសពីឆ្នាំសារពើពន្ធ២០២០។ ខណៈទំហំកញ្ចប់ថវិកាមានការកើនឡើង កម្មវិធីសំខាន់ៗមួយចំនួន ទៀត ក៏ត្រូវប្រឈមនឹងការលុបចោលផងដែរ។
ក្នុងនោះចំណោមនោះ កម្មវិធីដែលគួរឲ្យកត់សម្គាល់គឺគម្រោងអភិវឌ្ឍន៍កែវយឺតអវកាស Wide Field Infrared Survey Telescope ហៅកាត់ WFIRST។ មូលហេតុគឺដោយសារការចំណាយដ៏ធំសម្បើម ដែលត្រូវបានផ្តោតទៅលើកែវយឺតអវកាស James Webb។ កម្មវិធីមួយទៀតគឺយន្តហោះដែលដើរតួនាទី ជាប្រព័ន្ធតេឡេស្កូបហៅថា បេសកកម្ម SOFIA។
គួរជម្រាបថា ខណៈសំណើកញ្ចប់ថវិកាខាងលើ នៅតែផ្តល់ការផ្គត់ផ្គង់សម្រាប់ ការអភិវឌ្ឍគ្រាប់រ៉ុក្កែត Space Launch System ហៅថា Block 1 ប៉ុន្តែមានការស្នើឲ្យលុបចោលថវិកាចំនួន ៣០០លានដុល្លារសម្រាប់ការដំឡើងសមត្ថភាពគ្រាប់រ៉ុក្កែតនេះឲ្យទៅជា Block 1B។ Space Launch System ឬ Block 1 គឺជាប្រព័ន្ធដឹកជញ្ជូនធុនធ្ងន់មួយរបស់ NASA ដែលត្រូវបានប្រកាស តាំងតែពីឆ្នាំ២០១១ មកម្ល៉េះ ហើយកាលណោះគឺមានការទាមទារ ថវិការហូតដល់ ៧ពាន់លានដុល្លារឯណោះ ដើម្បីគំរោងទាំងមូលអាចបញ្ចប់ជាស្ថាពរ៕
Fresh News