ខ្មែរប៉ុស្ដិ៍ Close

យាន Solar Orbiter ចេញដំណើរ ទៅសិក្សាអំពីព្រះអាទិត្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1
យាន Solar Orbiter ចេញដំណើរ ទៅសិក្សាអំពីព្រះអាទិត្យ យានបាញ់បង្ហោះ និងយាន​Solar Orbiter ផលុិតដោយ NASAនិង​ទីភ្នាក់ងារ​អវកាសអឺរ៉ុប(ESA) កំពុងឈររង់ចាំពេល​វេលា​បាញ់​បង្ហោះ ​នៅ​ស្ថានីយ​ Cape Canaveral រដ្ឋហ្វ្ល័ររីដា។ ថ្ងៃទី​៨ កុម្ភៈ ២០២០​ REUTERS/Steve Nesius

យានស្រាវជ្រាវវិទ្យាសាស្ត្រឈ្មោះ Solar Orbiter នឹងចេញដំណើរឆ្ពោះទៅកៀកព្រះអាទិត្យ នៅថ្ងៃយប់ថ្ងៃអាទិត្យ ទី៩កុម្ភៈ​ ដើម្បីសិក្សាអំពីព្រះអាទិត្យ។ ការបាញ់បង្ហោះយាននេះ គឺជាគម្រោងរួមគ្នា រវាងក្រុមស្រាវជ្រាវNasa របស់អាមេរិក និងក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាសអឺរ៉ុប។ មានបេសកកម្មប្រមាណ​ជា១០ឆ្នាំ យាននេះនឹងធ្វើការ​ថតរូប សង្កេតដោយផ្ទាល់ទៅលើកាំរស្មីព្រះអាទិត្យ និងព្យុះព្រះអាទិត្យ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ មកលើ​ដែនម៉ាញ៉េទិករបស់ផែនដីយើង។

ថ្ងៃអាទិត្យទី៩កុម្ភៈ ម៉ោង២៣និង៣នាទី យានស្ទង់ឈ្មោះ Solar Orbiter នឹងត្រូវបាញ់បង្ហោះ ចេញពីស្ថានីយអវកាស Cap Canaveral នៅរដ្ឋហ្វ្ល័ររីដា។ ឧបករណ៍ស្ទង់ Solar Orbiter ដែលមានទំងន់ប្រមាណ​២០៩គីឡូក្រាមនេះ គឺជាស្នាដៃផលិតរបស់​ទីភ្នាក់ងារអវកាសអឺរ៉ុប ហើយដែលត្រូវបាញ់បង្ហោះ ទៅក្នុងសុញ្ញកាស ដោយយានមួយទៀត ផលិតដោយ​ទីភ្នាក់ងារអវកាសអាមេរិក Nasa ដោយចំណាយប្រាក់សរុបទាំងអស់ ១៥០០លានអឺរ៉ូ។

មាន​ល្បឿនប្រមាណ២៤៥០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង យាន Solar Orbiter នឹងហោះឆ្លងកាត់​គន្លងតារាវិថីរបស់ភពព្រហស្បតិ៍ និងភពពុធ មុននឹងខិតទៅជិត ចំងាយប្រមាណ​៤២លានគីឡូម៉ែត្រពីព្រះអាទិត្យ​ ពោលគឺជារយៈចំងាយ តិចជាង១ភាគ៣ នៃរយៈចំងាយសរុបពីផែនដី ទៅព្រះអាទិត្យ។ ស្ថិតក្នុង​រយៈ​ចំងាយនេះ យាន Solar Orbiter នឹងស្ថិតក្នុងសីតុណ្ហភាពប្រមាណជា​៦០០អង្សារសេ។

លោក Matthieu Berthomier អ្នកស្រាវជ្រាវផ្នែករូបវិទ្យានៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំង និងជាសមាជិកនៃបេសកកម្មនេះដែរ​ បានបញ្ជាក់ថា អ្វីដែលពិសេស គឺយាន Solar Orbiter នឹងអាចថតរូបភាព តាមដានដោយបែរមុខចំ ទៅនឹងព្រះអាទិត្យដោយផ្ទាល់ បើទោះបីស្ថិតក្នុងសីតុណ្ហភាព​ក្តៅបំផុត និងពន្លឺខ្លាំងបំផុតរបស់ព្រះអាទិត្យក៏ដោយ។ លោក Ian Walters អ្នកជំនាញរបស់ក្រុមហ៊ុនAirbus ដែលជាអ្នកផលិតយាននេះ បានលើកឡើងថា កាលណាខិតទៅជិតព្រះអាទិត្យខ្លាំង ថាមពលគឺមិនខ្វះទេ តែបញ្ហាចោទគឺកំដៅ។ ដើម្បីអាចទប់កំដៅបាន យាន Solar Orbiter ត្រូវការពារដោយ​ប្រព័ន្ធចំហាយទឹក។

យាន Solar Orbiter មានបំពាក់ដោយឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្រចំនួន​១០ ក្នុងនោះមាន​៦គឺជាឧបករណ៍ថតរូបភាព ដោយចំមុខ ក្នុងចំងាយកៀកបំផុតមិនធ្លាប់មាន ហើយអាចឲ្យគេសង្កេតទៅលើផ្ទៃប៉ូលទាំងលើទាំងក្រោម របស់ព្រះអាទិត្យ។ ចំណែកឧបករណ៍៤ទៀត គឺជាឧបករណ៍ស្ទង់ “In Situ” ដែលនឹងស្ទង់បរិយាកាសនៅជុំវិញព្រះអាទិត្យ។

លោកស្រី Anne Pacros អ្នកសម្របសម្រួលបេសកកម្មនេះ បានបញ្ជាក់ថា កម្មវត្ថុចំបងនៃបេសកកម្មនេះគឺស្វែងយល់ថាតើព្រះអាទិត្យ បញ្ចេញ នឹងគ្រប់គ្រងកម្មរស្មី «Héliosphère» ដោយរបៀបណា។ នៅលើបរិយាកាស​ជុំវិញព្រះអាទិត្យ គឺពោរពេញដោយចរន្តថាមពល ដែលផ្ទុះចុះឡើង បង្កជាខ្យល់ ឬព្យុះ ដែលគេហៅថា ព្យុះព្រះអាទិត្យ។ ព្យុះនេះបង្កឲ្យរង្គើ ដល់ចរន្តកាំរស្មី Héliosphère ក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល​។

លោក Matthieu Bethomier អះអាងថា បើតាមការស្រាវជ្រាវ ព្យុះព្រះអាទិត្យនេះ អាចជះឥទ្ធិពលដោយផ្ទាល់ មកលើបរិយាកាសអេឡិចត្រូវម៉ាញ៉េទិក របស់ផែនដីយើង។ កាលពីឆ្នាំ១៨៥៩ ហេតុការណ៍មួយ​​​បានកើតឡើង ដោយបានធ្វើឲ្យខូ​ចប្រព័ន្ធតេឡាក្រាមរបស់សហរដ្ឋអាមេរិកទាំងស្រុង ឆក់ស្លាប់មនុស្ស និងឆេះឯកសារជាច្រើន ដោយសារតែចរន្តអេឡិចត្រូម៉ាញ៉េទិកផែនដី ត្រូវបំផ្លាញដោយព្យុះព្រះអាទិត្យ។ សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលរំពឹងយ៉ាងខ្លាំង ទៅលើប្រព័ន្ធផ្កាយរណប ប្រព័ន្ធរ៉ាដាស្អេកស្កះ បើសិនជាមានករណីរបៀបនេះ កើតឡើង ផែនដីយើងប្រាកដជាជួបបញ្ហធំមិនខាន។ ហេតុដូច្នេះ ឆ្លងកាត់បេសកកម្ម​របស់យាន Solar Orbiterនេះ​ អ្នកវិទ្យាសាស្ត្រនឹងព្យាយាមសង្កេតស្វែងយល់ ហើយ​ស្វែងរកវិធី ត្រៀមខ្លួនទុកជាមុន៕

RFI