ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហេង សំរិន៖ ការបំពេញទស្សនកិច្ចរបស់ ប្រធានរដ្ឋឡាវនៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ រឹងមាំឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 82

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប៊ុនញ៉ាំង វរជីត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងសេចក្តីសោមនស្សរីករាយបំផុត និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកប្រធានរដ្ឋ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ សម្តេចប្រធាន បានលើកឡើងថា ទស្សនកិច្ចនេះ នឹងជំរុញបន្ថែមទៀត ក្នុងការបន្តរឹតបន្តឹង ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ និងរីកចម្រើន ទ្វេដងទៀត។

លោក ប៊ុនញ៉ាំង វរជីត បានសម្តែងការកោតសរសើរចំពោះការរីកច្រើនយ៉ាងខ្លំាងរបស់កម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរ។ លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ដើម្បីឱ្យទំនាក់ទំនងដ៏ល្អជាប្រពៃណីនេះ កាន់តែរឹងមាំឡើង ពីថ្នាក់លើដល់ថ្នាក់ក្រោម លោក ប៊ុនញ៉ាំង វរជីត បានស្នើសុំសម្តេចប្រធានរដ្ឋសភា ជំរុញទំនាក់ទំនងប្រជាពលរដ្ឋប្រទេសទំាងពីរ ពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឲ្យកាន់តែមានភាពជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជានិងឡាវ ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍។

សម្តេច ហេង សំរិន បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវ សម្រេចបានក្នុងការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ។ សម្តេចបានបង្ហាញជំនឿមុតមំាថា ក្រោមការដឹកនាំ ដ៏ភ្លឺស្វាងរបស់បក្សប្រជាជនបដិវត្តឡាវ ដែលមាន លោក ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ ប្រជាជនឡាវនឹងបន្តទទួលជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន កាន់តែរីកចម្រើនរុងរឿង។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការពេញចិត្តចំពោះវឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណីយ៍ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ បាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិទាំងសងខាង។

សូមជម្រាថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញ៉ាំង វរជីត (H.E. Mr. Bounnhang VORACHITH) អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ពីរថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

Fresh News