ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងស្តីពីការរក្សាទុកឯកសារទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 82

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរក្សាទុកឯកសារទូទាត់ ថ្លៃសេវាប្រមូលសំរាប និងសំណល់រឹង នៅរាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជូនទៅរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មេត្តាជ្រាបថា រាល់ការបង់ប្រាក់សេវាតាមរយៈភ្នាក់ងារទូទាត់នានា ដែលសាលារាជធានីភ្នំពេញ បានកំណត់ក្រុមហ៊ុនត្រូវមានកាតព្វកិច្ច អនុវត្តដូចខាងក្រោម៖

១) ត្រូវផ្តល់អត្តសញ្ញាណក្រុមហ៊ុន ដែលក្នុងនោះមានឈ្មោះក្រុមហ៊ុន លេខអត្តសញ្ញាណកម្មសារពើពន្ធ និងអាសយដ្ឋានឲ្យបានត្រឹមត្រូវ ដល់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ តាមរយៈ Emial: swma@phnompenh.gov.kh ឬផ្តល់ឯកសារដោយផ្ទាល់ដៃ នៅរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម។

២) ក្នុងករណីក្រុមហ៊ុនជួលទីតាំង ត្រូវភ្ជាប់ច្បាប់ចម្លងនៃកិច្ចសន្យាជួល និងវិក្កយត្រប្រើប្រាស់អគ្គិសនី តាមរយៈរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ។

៣) បន្ទាប់ពីបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្រុមហ៊ុនត្រូវថតចម្លងវិក្កយបត្រ និងផ្តល់ឯកសារទូទាត់ទាំងអស់ ដើម្បីរក្សាទុកជាភ័ស្តុតាង សម្រាប់ធ្វើការកាត់កងចំណាយក្នុងគោលដៅសារពើពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ត្រូវអនុវត្តតាមការណែនាំនេះ រហូតដល់មានការជូនដំណឹងថ្មី ។ ក្នុងករណីមិនបានអនុវត្ត អគ្គនាយកដ្ឋានពន្ធដារ មិនទទួលខុសត្រូវ ចំពោះការស្នើសុំកាត់កងចំណាយបង់ថ្លៃសេវាប្រមូលសំរាមនោះឡើយ៕