ខ្មែរប៉ុស្ដិ៍ Close

សេចក្តីបំភ្លឺតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការយកពន្ធលើចំណេញមូលធន!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 26
សេចក្តីបំភ្លឺតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការយកពន្ធលើចំណេញមូលធន! សេចក្តីបំភ្លឺតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការយកពន្ធលើចំណេញមូលធន!

ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែកចាយ លើបណ្តាញសង្គម នូវព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ជាព័ត៌មានមិនពិត មានចរឹតជាការបំភាន់ បំភ្លៃ មួលបង្កាច់ នាំឱ្យសាធារណៈជន មានការយល់ច្រឡំ។ ជាមួយគ្នានេះករណីពន្ធលើចំណេញមូលធន ក៏ត្រូវបានយកមកផ្សព្វផ្សាយខុសពីការពិតផងដែរ។

យោងតាមសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ពន្ធចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤មកម្លេះ។ ជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមកពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធនៅឆ្នាំ១៩៩៧ ហើយការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។

ជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ ដោយឡែក ពន្ធចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

ដូច្នេះការលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌ ក្នុងការសម្រួលការអនុវត្តពន្ធ លើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ៕

អត្ថបទទាក់ទង