ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតជប៉ុនរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ១០នាក់ នៅក្នុងកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដែលផ្ទុកមនុស្សជាង៣,៧០០នាក់!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 43

ក្រសួងសុខាភិបាលជប៉ុននាថ្ងៃពុធនេះបានឲ្យដឹងថា អ្នកដំណើរយ៉ាងតិច ១០នាក់នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយគ្រឿង ដែលជប៉ុនបានឃាត់ទុក ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញថាមានផ្ទុកវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរជប៉ុនបានឃាត់ទុកកប៉ាល់ទេសចរណ៍ខាងលើឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលដឹកមនុស្សចំនួន ៣,៧១១នាក់ ហើយបានធ្វើតេស្តរកវត្តមានវីរុសកូរ៉ូណា 2019-nCoV ក្នុងខ្លួនអ្នកដែលជិះលើនោះ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់របស់កប៉ាល់ Diamond Princess ត្រូវ បានធ្វើរោគវិនិច្ឆ័យឃើញមានវីរុសនេះនៅឯទីក្រុងហុងកុង។ បើតាមរដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក កាតុ កាត់ស៊ូណូប៊ុ (Kato Katsunobu) អ្នកដំណើរទាំង ១០នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បុរសចំណាស់វ័យ ៨០ឆ្នាំម្នាក់ បានធ្វើដំណើរមកកាន់ប្រទេសជប៉ុន ហើយជិះកប៉ាល់នោះដែលជាកម្មសិទ្ធិក្រុមហ៊ុន ជប៉ុនកានីវ៉ល (Carnival Japan Inc) នៅទីក្រុង យ៉ូកូហាម៉ា (Yokohama) ហើយបានចុះនៅទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ បច្ចុប្បន្នចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅជប៉ុនមាន ៣០ករណី ដែលក្នុងនោះ ១៧ករណី សុទ្ធតែជាអ្នកទើបតែត្រឡប់មកពីទីក្រុង វូហាន (Wuhan) របស់ចិន ដែលជាកន្លែងផ្ទុះឡើងដំបូងបំផុតនៃវីរុស៕

អត្ថបទទាក់ទង