ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មការអង្កេតភូមាថាគ្មានអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
គណៈកម្មការអង្កេតភូមាថាគ្មានអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាទេ គណៈកម្មការអង្កេតភូមាថាគ្មានអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ាទេ

គណៈកម្មការ​អង្កេតភូមា​ បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គ្មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​ចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍លើ​​​ជនជាតិ​ភាគ​តិច​​កាន់​សាសនា​អ៊ីស្លាម​នៅ​ភូមា​ទេ។ គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាលភូមាខ្លួន​ឯង​​ផ្ទាល់ ដើម្បី​អង្កេត​លើ​សំណុំ​រឿង​ហិង្សា​ ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋ​អារ៉ាកាន កាលពី​ឆ្នាំ​២០១៧ ដែល​ជំរុញ​ឱ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ជាង​៧សែន​៥​ម៉ឺន​នាក់​រត់​គេច​ទៅ​ជ្រក​កោន​នៅ​ក្នុង​ជំរំ​ប្រទេស​បង់ក្លាដែស។

​​គ្មាន​ការ​​ផ្សព្វផ្សាយ​ជា​សាធារណៈរបាយការណ៍កម្រាស់​ជាង​ ៤០០ទំព័រ ដែល​ជា​លទ្ធផល​នៃ​ការងារ​របស់​​គណៈកម្មការអង្កេត​​ទេ។ គណៈកម្មការ​បាន​ត្រឹម​ចេញ​សេចក្តី​ថ្លែងការណ៍មួយ នៅ​ថ្ងៃទី ២០​មករា​នេះ​ បញ្ជាក់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ព្រម​​ទទួលស្គាល់​ថា​មាន​ករណី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​រំលោភ​សិទ្ធិមនុស្ស ពី​សំណាក់​ជន​​មួយ​ចំនួន​ ក្នុង​នោះ​ខ្លះ​ជា​យោធា​ភូមា។ ប៉ុន្តែ​ គ្មាន​ ភស្តុតាង​ ណាមួ​យ​គ្រប់​គ្រាន់ អាច​​បញ្ជាក់​ថា ជា​ទង្វើ​ប្រល័យ​ពូជសាសន៍​ លើ​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ាឡើយ។

ពាក្យ​ “រ៉ូហ៊ីងយ៉ា” ដែល​រដ្ឋាភិបាល​ភូមា​បដិសេធ​មិន​ប្រើ​សោះ ដោយ​ហៅ​ត្រឹម​ថា​ជា​ជន​អន្តោប្រវេសន៍​​ខុស​ច្បាប់​មកពី​បង់ក្លាដែស ក៏​ពុំ​ឃើញ​មាន​​​សរសេរ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​អង្កេតនេះ​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន បាន​អំពាវនាវរួច​ជា​ស្រេច​ហើយ ឱ្យគណៈកម្មការ​​ផ្សព្វផ្សាយ​​របាយការណ៍​អង្កេត​របស់​ខ្លួន​ ទាំង​ស្រុង ដើម្បី​តម្លាភាព។ តាំង​ពី​បង្កើត​ឡើង​ភ្លាម គណៈកម្មការ​បាន​រង​ការ​រិះគន់​ ជា​ច្រើន​លើក​ច្រើន​សា ថា​ខ្វះ​ ​តម្លាភាព និងមិន​ឯករាជ្យ​។ ប៉ុន្តែ​សមាជិក​គណៈកម្មការ​ម្នាក់​ ដែល​ជា​អ្នក​ការទូត​ហ្វីលីពីន បាន​ឆ្លើយការពារ​ខ្លួន​ថា​ ​គណៈកម្មការគ្មាន​ភារកិច្ចចាំ​​តែ​បន្ទោស​អ្នក​ទទួល​ខុស​ត្រូវ​ទេ។

សម្រាប់​លោកស្រី​ អ៊ុងសានស៊ូជី ប្រមុខ​ដឹកនាំ​ភូមា​វិញ ការ​បង្កើត​គណៈកម្មការ​​អង្កេត​ ជា​ការ​ចាំបាច់ សម្រាប់​បង្ហាញ​ពិភពលោក​ថា​ភូមា​មិន​ត្រូវការ​តុលាការ​អន្តរជាតិ​ឡើយ។ ឥលូវ​គណៈកម្មការ​បាន​បំពេញការងារ​ចប់ និង​ចេញ​របាយការណ៍​ ដែល​ធ្លាក់​មក​ស្ទើរ​​ទន្ទឹម​ពេល​នឹង​សេចក្តី​សម្រេច​​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខានស្អែក តុលាការក្រុង​ឡាអេ នឹងចេញសេចក្តី​សម្រេច ថា ​ចាត់ ឬមិន​ចាត់​វិធានការ​បន្ទាន់ ​​​ ប្រឆាំង​នឹង​ភូមា ដែលជាប់​ចោទ​ពី​បទ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា៕

RFI

អត្ថបទទាក់ទង