ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ កម្ពុជាចាំបាច់ត្រូវថែរក្សាការពារវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពនៅលើទឹកដីដ៏កម្សត់មួយនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លិខិតមិត្តអ្នកអាន៖ កម្ពុជាចាំបាច់ត្រូវថែរក្សាការពារវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពនៅលើទឹកដីដ៏កម្សត់មួយនេះ លិខិតមិត្តអ្នកអាន៖ កម្ពុជាចាំបាច់ត្រូវថែរក្សាការពារវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពនៅលើទឹកដីដ៏កម្សត់មួយនេះ

«សង្គ្រាមដែលអ្នកជំនាន់មុនបានបង្កើតឡើងត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ នោះហើយគឺជាសោកនាដកម្ម ដែលយើងដកពិសោធន៍ថា ត្រូវធ្វើឱ្យប្រទេសយើងមានវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាពលើទឹកដីដ៏កម្សត់របស់យើង»។ នេះគឺជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅអំឡុងពិធីបុណ្យ សមុទ្រលើកទី៨ នៅលើទឹកដីខេត្តកំពត។ សន្តិភាពដែលជាកត្តាសំខាន់បំផុត និងមិនអាចខ្វះបាន សម្រាប់ដំណើរការអភិវឌ្ឍជាតិ កំណើនសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ មានសុខសន្តិភាព គឺមានឱកាសធ្វើអ្វីៗទាំងអស់ ហើយប្រសិនបើគ្មានសុខសន្តិភាព ប្រទេសជាតិមានសង្គ្រាម មានចលាចល មានអស្ថិរភាព យើងក៏មិនអាចនឹងមានឱកាសធ្វើអ្វីទាំងអស់ គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឡើយ ខណៈសិទ្ធិរស់រានជីវិតក៏គ្មានដែរនោះ។ សត្រូវដ៏ចម្បងបំផុតរបស់សន្តិភាពគឺ «សង្គ្រាម ចលាចលសង្គម។

សង្គ្រាមដែលអាចកើតឡើង ពីគ្រប់កត្តាទាំងអស់ដែលក្នុងនោះសង្គ្រាម អាចកើតឡើងមកពីការញុះញង់និងការបញ្ឆេះកំហឹងរើសអើង ប្រកាន់ពូជសាសន៍ និងជម្លោះផលប្រយោជន៍នយោបាយ ការលាបពណ៌ មួលបង្កាច់ ឬការញុះញង់ គាំទ្រហិរញ្ញវត្ថុនិងនយោបាយ ដល់ក្រុមនយោបាយម្ខាងពីសំណាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលមួយដែលខ្លួន មិនពេញចិត្តជាជាដើម។ ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ប្រទេសខ្លះបានប្រើប្រាស់កម្លាំងប្រឆាំងផ្ទៃក្នុងប្រទេសមួយ ដើម្បីផ្តួលរំរដ្ឋាភិបាល ដែលពួកគេយល់ថាមិនដើរតាមគោលនយោបាយខ្លួន ឬជាឧបសគ្គ នៃការអនុវត្តយុទ្ធសាស្ត្រ បម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។ កម្ពុជាបានហែលឆ្លងកាត់ស្ថានការណ៍នេះរួចមកហើយ ដោយចាប់តាំងពីសម័យសង្គមរាស្ត្រនិយមរបស់ព្រះបរមនរតនកោដ្ឋ នរោត្តម សីហនុ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលផែនការបដិវត្តន៍ពណ៌ ត្រូវបានអនុវត្តក្រោមការគាំទ្រទាំង ហិរញ្ញវត្ថុនយោបាយរបស់បរទេសមួយចំនួនក្នុងទិសដៅបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយពួកគេ។

បដិវត្តន៍ពណ៌គឺមានភាពទន់ភ្លន់ សភាពស្ងប់ស្ងាត់ ធ្វើសកម្មភាពចម្លែកៗ ប៉ុន្តែពោរពេញទៅដោយមហិច្ឆិតាអំណាច ហើយប្រតិបត្តិករបដិវត្តន៍ពណ៌ព្យាយាមគ្រប់គ្រងសតិអារម្មណ៍សាធារណមតិ និងបំផុសបំផុល ដុតបញ្ឆេះកំហឹង ប្រជាពលរដ្ឋលើបញ្ហាសង្គម ឬបញ្ហាព្រំដែនជាដើម និងធ្វើឱ្យប្រជា ពលរដ្ឋបំភ្លេចថាអ្វីៗដែលមានពេលបច្ចុប្បន្ននេះ គឺមកពីកត្តាសុខសន្តិភាព ភ្លេចគិតពីស្ថិរភាពនយោបាយធ្វើឱ្យប្រជាពលរដ្ឋលែងគោរពស្តាប់រដ្ឋអំណាច និងគិតតែម្យ៉ាងគឺចង់បានការផ្លាស់ប្តូរតែមួយមុខគត់ ប៉ុន្តែពួកគេមិនដឹងថាលទ្ធផលនៃការផ្លាស់ប្តូរនោះល្អឬអាក្រក់ឡើយ ហើយក៏ភ្លេចគិតថាទង្វើរបស់ពួក គេរំលោភបំពានច្បាប់ និងប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ។

តើត្រូវធ្វើយ៉ាងណា ដើម្បីធានាថាសន្តិភាពមានវត្តមានជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជាផ្តល់ផល ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា?

ទី១- លើកកម្ពស់ និងតម្កល់សន្តិភាពជាកត្តាចំបាច់ មិនអាចខ្វះបាននៃជីវិតជាតិ និងប្រជាជន៖ បទពិសោធនៃសោកនាដកម្ម ដែលជាតិ និងប្រជាជនកម្ពុជា បានឆ្លងកាត់រយៈពេលកន្លះសតវត្សរ៍ចុងក្រោយនេះគឺបានបង្រៀនពលរដ្ឋខ្មែរយ៉ាងច្បាស់លាស់ថាសង្គ្រាមគ្មានលទ្ធផលល្អឡើយ សង្គ្រាមបានបំផ្លាញអស់នូវខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ ធនធានមនុស្សត្រូវបានសម្លាប់ជាមួយនឹងមនុស្សជាង៣លាននាក់ក្រោមស្នាដៃខ្មែរក្រហម។ ដោយសារតែសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ កម្ពុជាបានបាត់ បង់ឱកាសកសាងជាតិ ធនធានដែលខ្លួនមានត្រូវបានផ្តោតលើការចំណាយលើសង្គ្រាម អ្នកដែលរង ទុក្ខវេទនា របួស ពិការ និងស្លាប់គឺប្រជាពលរដ្ឋខ្មែរ។ ចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ ពេល សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សង្គ្រាមនៅកម្ពុជាបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុ វត្តនយោបាយ«ឈ្នះ-ឈ្នះ»ដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សន្តិភាពពេញលេញ រយៈពេល ២០ ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញ គិតគូរពីការកសាងនិងអភិវឌ្ឍជាតិ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃ ក្នុងនោះសមិទ្ធផលសំខាន់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីរាស្ត្រម្ចាស់ឆ្នោតមិនត្រឹមតែបានជួយសង្គ្រោះជាតិ និងប្រជាជនចេញពីរណ្តៅមរណៈនៃក្រុមខ្មែរក្រហម និងនាំសុខសន្តិភាពពេញលេញទេគឺបាន៖
ក)៖ ការកាត់បន្ថយភាពក្រីក្រឱ្យនៅសល់ក្រោម ១០%
ខ)៖ កសាងហេដ្ឋរចនាសម្ព័ន្ធ សព្វបែបយ៉ាងដើម្បីឆ្លើយតបតម្រូវការសង្គមជាតិ
គ)៖ កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា
ឃ) ផ្តល់អាទិភាពអភិវឌ្ឍទឹក ផ្លូវ ភ្លើង មនុស្សដែលជាកត្តាចាំបាច់ របស់ជាតិ
ង)៖ ធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងបំណងដ៏ល្អពិសិដ្ឋ របស់ប្រជាពលរដ្ឋខ្មែរ
ច)៖ ធ្វើឱ្យកម្ពុជាចាកចេញពីប្រទេសក្រីក្រ មានចំណូលទាបមកជាមានឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
ឆ)៖ ធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក និងបានកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងអង្គការនានាក្នុងតំបន់និងពិភពលោក
ជ)៖ សិទ្ធិមនុស្សត្រូវបានគោរព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានត្រូវបានគោរព
ឈ)៖ លទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ
ញ)៖ សមាគម អង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងារ របស់ខ្លួនដែលស្ថិតក្រោមច្បាប់។ បញ្ជីសមិទ្ធផលដែលកម្ពុជា សម្រេចបានក្រោមម្លប់សន្តិភាពនៅមានវែងជាងនេះទៅទៀត។ ហេតុនេះចាំបាច់ កម្ពុជាត្រូវការពារសុខសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់បន្តអភិវឌ្ឍជាតិ និងកសាងស្នាដៃជូនជាតិនិងប្រជាជន ក៏ដូចជាការពារសមិទ្ធផលដែលបានសម្រេចនាពេលកន្លងទៅ។

ទី២៖ បន្តពង្រឹងការអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ៖
មជ្ឈដ្ឋានក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេស របស់ពួកគេបានប្រើប្រាស់រូបភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីភាពនៃការបញ្ចេញមតិ សេរីភាព សារព័ត៌មានដើម្បីជាលេសក្នុងការផ្តួលរំលំរបបដឹកនាំស្របច្បាប់។ ពួកគេបានធ្វើសកម្មភាពពេលខ្លះបានបំពានច្បាប់ និងរំលោភលើសិទ្ធិអ្នកដទៃ ហើយបង្កប់ទៅដោយរបៀបវារៈនយោបាយដែល មានចេតនាបំផ្លាញសុខសន្តិភាព បំផ្លាញអធិបតេយ្យភាពជាតិ ឯករាជ្យជាតិ និងបំផ្លាញការអភិវឌ្ឍ របស់ជាតិនិងប្រជាជនកម្ពុជាដែលរកបានដោយពិបាកនេះ។ ពួកគេបានញុះញង់ប្រជាពលរដ្ឋសព្វបែបយ៉ាងដោយប្រើប្រាស់វោហារសាស្ត្រញុះញង់ លាបពណ៌ ដុតកំហឹងប្រជាពលរដ្ឋ ដោយយករឿងរ៉ាវតូច តាចមកធ្វើជាធំ ដុតគំនុំក្នុងសង្គមសំដៅធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បារនឹងរាជរដ្ឋាភិបាល ខឹងនឹងគណបក្សប្រជាជនកម្ពុជាដើម្បីងាយស្រួលពួកគេធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របតាមផែនការផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ប៉ុនប៉ងឡើងដឹកនាំអំណាចតាមបែបមិនប្រជាធិបតយ្យ ព្រោះពួកគេ បានបរាជ័យ ៥ អាណត្តិមកហើយក្នុងការបោះឆ្នោត។ បដិវត្តន៍ពណ៌ជាមធ្យោបាយដែលពួកគេប្រើប្រាស់ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ ដើម្បីការពារសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍដែលមាននៅពេលនេះកម្ពុជា ចាំបាច់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះអង្គការ ចាត់តាំងនយោបាយខុសច្បាប់ ដោយមិនលើកលែងឡើយ។

ទិដ្ឋភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងផែនការបដិវត្តន៍ពណ៌មួយចំនួន ដែលកម្ពុជាបានធ្វើដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិរួមមាន៖
ក)៖ ការបោសសម្អាតក្រុមបាតុករអនាធិបតេយ្យនៅសួនប្រជាធិបតេយ្យនៅឆ្នាំ ២០១៤
ខ)៖ ការចាប់ខ្លួនប្រធានបក្សសង្គ្រោះជាតិ កឹម សុខា នៅរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោយពីបានសារភាពពីផែនការផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់ ដោយយកតាមលំនាំបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីដោយមានការគាំទ្រពីបរទេស
គ)៖ ការរំលាយគណបក្សសង្គ្រោះជាតិស្របតាមច្បាប់ស្តីពីគណបក្សនយោបាយដោយតុលាការ កំពូលបន្ទាប់ពីរកឃើញថា គណបក្សនេះបានឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
ឃ)៖ ការចាត់វិធានការច្បាប់ប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយចោទប្រកាន់ជនក្បត់ជាតិ ៩ នាក់ពីបទឧបឃាត និងអ្នកសមគំនិតផ្សេង ទៀតពីបទរួមគំនិតក្បត់បានធ្វើឱ្យផែនការបដិវត្តន៍ពណ៌ក្រោមយុទ្ធសាស្ត្រថ្មីរបស់ពួកគេត្រូវបានបរាជ័យជាថ្មី។ ការអនុវត្តច្បាប់ចំពោះរាល់ផែនការក្បត់ជាតិ ការប៉ុនប៉ងបំផ្លាញសន្តិភាពគួរត្រូវបានលើក កម្ពស់ឱ្យកាន់តែខ្លាំង និងសកម្មដើម្បីបោសសម្អាតក្រុមជនទុច្ចរិតបំផ្លាញសន្តិភាពរបស់កម្ពុជា។

ទី៣៖ កម្ពុជាមិនយកអធិបតេយ្យភាពជាតិ ទៅប្តូរនឹងជំនួយឬការគាំទ្រណាមួយឡើយ៖
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់នូវគោលជំហរដ៏ច្បាស់លាស់ ប្រកបដោយភាពរឹងមាំរួច ហើយថាទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាមិនយកអធិបតេយ្យភពជាតិ របស់ខ្លួនទៅប្តូរនឹង ជំនួយឬការគាំទ្រណាមួយឡើយ។ ជាទំហរដ៏រឹងមាំដើម្បីការពារអធិបតេយ្យជាតិ និងមិនអនុញ្ញាតឱ្យជនបរទេសលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ ខណៈដែល ក្រុមប្រឆាំងក្បត់ជាតិមួយចំនួន បានយកអធិបតេយ្យជាតិខ្មែរ ដាក់ក្រោមបាតជើងបរទេស និងដាក់ខ្លួនបម្រើផលប្រយោជន៍បរទេស ដូចជា រ៉ុង ឈុន ជាដើម ដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ ប៉ុន្តែនិយាយមួយម៉ាត់ណាក៏ចាប់បង្ខំឱ្យកម្ពុជា ទទួលយករាល់លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ឬប្រទេសផ្សេងទៀត។ ក្រុមប្រឆាំងបាននិងកំពុង យកបញ្ហា EBA ទៅធ្វើប្រជាភិថុតិ និងញុញង់បង្កចលាចលសង្គម ដើម្បីបម្រើផលប្រយោជន៍ អំណាច របស់ខ្លួន។ ទង្វើរបស់ រ៉ុង ឈុន ជាទង្វើក្បត់ជាតិ និងបានលក់ក្បាល បម្រើផលប្រយោជន៍ឱ្យបរទេស ហើយក៏មិនបានគិតពីអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិឡើយ។ នេះពួកគេមិនទាន់ បានឡើងកាន់អំណាច ដឹកនាំប្រទេសផង ចុះបើពួកគេឡើងដឹកនាំប្រទេសវិញ ម៉្លេះអធិបតេយ្យភាព ជាតិ និងឯករាជភាពជាតិដែលពលរដ្ឋកម្ពុជាបានបូជាជីវិត និងលះបង់សព្វបែបយ៉ាងដើម្បីការពារឱ្យ បាន នឹងត្រូវគេជាន់ឈ្លីយ៉ាងពិតប្រាកដ។

ដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ទើបសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវបាវចនាដើមបីដឹកនាំប្រទេសគឺ «កំណែទម្រង់ខាងក្នុង បង្កើនមិត្ត ខាងក្រៅក្នុងស្មារតីឯករាជ្យ»។ កម្ពុជា បានប្រកាសហើយថាមិនយកប្រទេសណាមួយជសត្រូវឡើយ គឺប្រកានគោលការណ៍សន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាងនិងប្រទេសផ្សេងទៀត នៅលើពិភពលោក។ កម្ពុជាប្រកាន់នូវទំនាក់ទំនងការទូត ដោយស្មើសិទ្ធិនិងស្មើភាពជាមួយប្រទេសនានា នៅលើ ពិភពលោក។

ទី៤៖ ការយល់ដឹងការគាំទ្រនិងចូលរួមរបស់មហាជនលើកស្ទួយសន្តិភាពនិងស្ថិរភាពជាតិខ្មែរ៖
ប្រជាពលរដ្ឋបានយល់ដឹងយ៉ាងច្បាស់ថាការផ្លាស់ប្តូរនាអតីតកាលបាននាំទុក្ខសោកសៅដល់ជាតិនិងប្រជាជន។ ពលរដ្ឋខ្មែរពិតជាបានដឹងថាការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជារបស់បរទេសមិន បាននាំមកនូវលទ្ធភាពល្អឡើយ។ ឆ្លងកាត់បទពិសោធនាពេលកន្លងទៅ ពលរដ្ឋខ្មែរពិតជាឆ្លងកាត់ឆ្អែតឆ្អន់សង្គ្រាមបង្ហូរឈាម អស្ថិរភាព ភាពក្រីក្រតោកយ៉ាក ការនិររាសព្រាត់ប្រាស់ ការឈឺចាប់ខ្លោចផ្សា។ មកទល់នឹងពេលនេះមេរៀននិងបទពិសោធនៃសង្គ្រាម និងអស្ថិរភាពស្ថិតក្នុងចិត្តអារម្មណ៍ របស់ប្រជាពលរដ្ឋខ្មែរជានិច្ចហើយទម្រាំកម្ពុជា បានបោះជំហានមកដល់ដំណាក់កាលរីកចម្រើន រហូតមកទល់ពេលនេះបានចំណាយពេលវេលា និងមធ្យោបាយ និងមានការលះបង់យ៉ាងច្រើន។ ប្រជាពលរដ្ឋខ្មែរមិនបានជឿតាមការញុះញង់បោកប្រាស់របស់ក្រុមប្រឆាំងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយដែលមាននេះឡើយ។
ជាក់ស្តែងយុទ្ធនាការប្រឆាំងនឹងដំណើរប្រជាធិបតេយ្យ «ដេកផ្ទះ ឈ្នះឯង» អំពាវនាវឱ្យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវទទួលបានបរាជ័យ ខណៈអ្នកមានសិទ្ធិបោះឆ្នោត ៨៣,២% បានអញ្ជើញទៅបោះឆ្នោត មិនខ្វល់នឹងការអំពាវនាវរបស់ ក្រុមអ្នកតាំងខ្លួនប្រជាធិបតយ្យប្រឆាំងប្រជាធិបតេយ្យ។ ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប៉ុនប៉ងធ្វើរដ្ឋប្រហារជ្រកក្រោមស្លាក ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយអះអាងថាមានមនុស្ស ២ លាននាក់រង់ចាំដង្ហែរខ្លួនវិលចូលដីខ្មែរ ទីបំផុតមនុស្សមួយដំបរស្វាបានពួនលាក់ខ្លួនរង់ចាំទទួលមេរដ្ឋប្រហារខុសច្បាប់ សម រង្ស៊ី ដែលបន្តបោកប្រាស់រាស្ត្រ មិនហ៊ានវិលត្រឡប់ មកប្រឈមមុខច្បាប់នៅកម្ពុជាតែប៉ុណ្ណោះ។

គ្មានមនុស្សរាប់លាននាក់ឯណាចាំទទួលទណ្ឌិតមេរដ្ឋប្រហារឡើយ មានតែកម្លាំងសមត្ថកិច្ចត្រៀម អនុវត្តសាលក្រមតុលាការហើយមានតែគុកប៉ុណ្ណោះដែលនៅតែរង់ចាំទណ្ឌិតរត់ចោលគុកដោយមិនជិនណាយ។ ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ ពីល្បិចកលនៃក្រុមជនក្បត់ជាតិ ដែលមានចេតនាមកបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ ប្រជាពលរដ្ឋខ្មែរបានចូលរួមយ៉ាងសកម្មការពារ សុខសន្តិភាព និងស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាថែរក្សាវត្តមានជា អចិន្ត្រៃយ៍នៃសន្តិភាពនៅលើទឹកដីកម្ពុជា ដ៏កម្សត់សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ជយោ! សន្តិភាពជាអមតៈនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា!

ដោយ៖ ចៅចាក់ស្មុក