លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបើកប្រាក់ខែសរុបមុនចូលឆ្នាំខ្មែរបូកនឹងប្រាក់ឧបត្ថម្ភ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងទទួលបានប្រាក់ខែសរុបពេញមួយខែ បើកមុនចូលឆ្នាំខ្មែរ បូករួមនឹងប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗមិនតិចជាង៥ម៉ឺនរៀលថែមទៀត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីចូលឆ្នាំខ្មែររួច នៅខែបន្ទាប់នឹងបើកផ្តល់ប្រាក់បៀវត្សឱ្យបានក្នុងសប្តាហ៍ទី២ទាំងអស់ដើម្បីសម្រួលដល់ការចំណាយរបស់មន្រ្តីរាជការផងដែរ។
គួរបញ្ជាក់ថា ប្រាក់ខែមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំឡើងពីរដងគឺនៅដើមឆ្នាំឡើងប្រាក់បៀវត្សមូលដ្ឋាន និងនៅខែមេសា ឡើងប្រាក់បំណាច់មុខងារជារៀងរាល់ឆ្នាំ៕