កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិការលើកទី៣២ សហព័ន្ធអតីតយុទ្ធជនអាស៊ាន
គណៈប្រតិភូសហព័ន្ធអតីតយុទ្ធជនអាស៊ាន បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិការលើកទី៣២ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០១៩ នៅសណ្ឋាគារសុខា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានទទួលធ្វើជាប្រធាននៃសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងកិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់ក្នុងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសមាគមអតីតយុទ្ធជន ក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ ឱ្យកាន់តែល្អប្រសើរក្នុងប្រយោជន៍ជួយដល់អតីតយុទ្ធជន នៃបណ្តាប្រទេសនីមួយៗ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិការលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។ ក្នុងនោះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្ន មានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។ សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់ នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាមនិងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
សហព័ន្ធនេះ ក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រ ទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។
លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយ ព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀត ដែលជាគុណប្រយោជន៍ស ម្រាប់សមាជិក ហើយសហព័ន្ធ នឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕