ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរ ដែលរងគ្រោះត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរ ដែលរងគ្រោះត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខមន្រ្តីនគរបាលចរាចរ ដែលរងគ្រោះត្រូវរថយន្តបើកបុកពេលកំពុងបញ្ជាចរាចរណ៍

ក្នុងពេលដែលកំពុងមើលថែទាំម្តាយក្មេកនៅមន្ទីរពេទ្យកាល់ម៉ែត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឆ្លៀតចូលសួរសុខទុក្ខ មន្រ្តីនគរបាលចរាចរម្នាក់ ដែលត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសធ្ងន់រហូតធ្វើការវះកាត់ ក្នុងពេលកំពុងបំពេញភារកិច្ចបញ្ជាចរាចរណ៍ជូនថ្នាក់ដឹកនាំ។

ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន នៅល្ងាចថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឆ្លៀតចូលមកសួរសុខទុក្ខមន្រ្តី នគរបាលរបស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ដែលត្រូវរថយន្តបើកបុកកាលពីយប់មិញ ពេលកំពុងឈរការពារក្បួន។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ជូនថា នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការព្យាបាលផងដែរ។ លោកស្នងការ បានចាត់ទុកថា នេះជាកាយវិកាមិនអាចបំភ្លេចបានឡើយ ចំពោះការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំរបស់យើង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។ មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលពេទ្យថតពិនិត្យលទ្ធផលបានបង្ហាញថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២ ហើយពេលនេះក្រុមគ្រូពេទ្យឲ្យសម្រាកតាមដាន ៤៨ម៉ោង ពេលមានកម្លាំងទើបរៀបចំដំណើរការវះកាត់តឆ្អឹងជើង និងលលាដ៍ក្បាលបន្តទៀត។

សម្រាប់ការជួយសង្គ្រោះ និងព្យាបាល ជនរងគ្រោះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ៕

អត្ថបទទាក់ទង