លោក ហ៊ុន ម៉ាណែត ស្នើឲ្យប្រជាពលរដ្ឋខ្មែរត្រូវរួមកម្លាំងកាយចិត្ត ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដើម្បីអនាគតដ៏រុងរឿងរបស់កម្ពុជា
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែវិច្ឆិកានេះ តាមរយៈ Facebook ផ្លូវការរបស់លោក បានបង្ហោះសារអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវរួមចិត្ត រួមកាយ ការពារឲ្យបានដាច់ខាត នូវសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ដើម្បីអនាគតរបស់ប្រទេសជាតិ និងប្រជាជនខ្មែរ។
ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានឃើញផលផ្លែផ្កា ដែលបានមកពីប្រទេសមានសន្តិភាព ទើបផ្តល់ភាពងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនកុះករ មកចូលរួមក្នុងពីធិបុណ្យអុំទូក យ៉ាងសប្បាយរីករាយ។
លោក ហ៊ុន ម៉ាណែត បានសរសេរក្នុង Facebook របស់លោកយ៉ាងដូច្នេះថា «បុណ្យអុំទូកឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ នេះគឺជាអ្វីដែលជាតិ និងប្រជាជនខ្មែរគ្រប់រូប មិនប្រកាន់និន្នាការ ឬសាសនាចង់បាន ពោលគឺឱកាសរស់នៅជួបជុំគ្រួសារ ក្នុងភាពសប្បាយរីករាយ ក្នុងបរិយាកាសសុខសន្តិភាព។
ហើយអ្វីដែលប្រជាពលរដ្ឋមិនចង់បាន គឺភាពវឹកវរ អសន្តិសុខ អស្ថេរភាព និងការបាត់បង់សន្តិភាព ដែលនាំឲ្យប្រទេសជាតិ និងប្រជាជនខ្មែរធ្លាក់ក្នុងភាពច្របូកច្របល់ បាត់បង់នូវសេចក្តីសុខ និងភាពកក់ក្តៅ។ ហេតុដូច្នេះយើងត្រូវរួមចិត្ត រួមកាយ ដើម្បីការពារអោយបានដាច់ខាតនូវសុខសន្តិភាពដែលយើងមានសព្វថ្ងៃ ដើម្បីអនាគតរបស់ជាតិនិងប្រជាជនខ្មែរយើង»។
សូមជម្រាបថា ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី បាននាំគ្នាដើរលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ខណៈបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាបានយ៉ាងល្អប្រសើរ គ្មានបាតុភាពណាមួយកើតឡើងនោះទេ ៕