លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូប និងទទួលរង្វាន់មុនគេ ដើម្បីទៅចូលរួមពិធីបូជាសពឪពុក
នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យសិស្សស្រីនិទ្ទេស A ម្នាក់ ថតរូបជាមួយ និងទទួលរង្វាន់អនុស្សាវរីយ៍មុនគេ ព្រោះសិស្សស្រីរូបនេះត្រូវប្រញាប់ត្រលប់ទៅចូលរួមពិធីបូជាសពលោកឪពុក។
គួរបញ្ជាក់ថា ឪពុករបស់សិស្សស្រីរូបនេះ បានបាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ កន្លងទៅ ហើយត្រូវបូជានាព្រឹកនេះ។ លើពីនេះទៀត មុនពេលស្លាប់ បំណងធំរបស់ឪពុកសិស្សស្រីរូបនេះ គឺចង់ឱ្យកូនស្រីបានជួប និងថតរូបអនុស្សាវរីយ៍ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារសិស្សស្រីរូបនេះ និងចូលរួមថវិការក្នុងពិធីបុណ្យសព ចំនួន ៥លានរៀលផងដែរ៕