ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ស្នើមីយ៉ាន់ម៉ាគាំទ្រវិស័យកសិកម្ម ជាពិសេសពិចារណានាំចូលម្រេចកំពតដែលកំពុងល្បីល្បាញនៅលើពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
កម្ពុជា ស្នើមីយ៉ាន់ម៉ាគាំទ្រវិស័យកសិកម្ម ជាពិសេសពិចារណានាំចូលម្រេចកំពតដែលកំពុងល្បីល្បាញនៅលើពិភពលោក កម្ពុជា ស្នើមីយ៉ាន់ម៉ាគាំទ្រវិស័យកសិកម្ម ជាពិសេសពិចារណានាំចូលម្រេចកំពតដែលកំពុងល្បីល្បាញនៅលើពិភពលោក

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យមីយ៉ាន់ម៉ា ពិចារណាក្នុងនាំចូលម្រេចកំពតកម្ពុជា ដែលកំពុងតែមានភាពល្បីល្បាញលើពិភពលោក។ ម្រេចកំពត គឺជាទំនិញសម្គាល់ភូមិសាស្ត្រ (GI) លើកដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានចុះបញ្ជី ទទួលស្គាល់ដោយជោគជ័យពីសហភាពអឺរ៉ុប។ តាមរយៈការចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រផ្លូវការរបស់អឺរ៉ុប ម្រេចកំពតត្រូវបានទទួលកិច្ចការពារជាលើកដំបូងប្រកបដោយមោទនភាព ថាជាទំនិញសម្គាល់ភូមិសាស្ត្ររបស់អាស៊ាន។

ការកំណត់អំពីម៉ាកទំនិញ សម្គាល់ភូមិសាស្រ្តនេះ ផ្តល់នូវកិច្ចការពារតាមផ្លូវច្បាប់ដល់ម្រេចកំពតពីការទាមទាររបស់ម្រេចផ្សេងឯទៀត ដែលមិនមែនជាម្រេចកំពតហើយការកំណត់បែបនេះ ផ្តល់កិច្ចការពារផ្សេង និងបង្កើនតម្លៃម្រេចកំពត កាន់តែប្រសើរ ប្រកបដោយសក្តានុពល សម្រាប់លក់នៅលើទីផ្សារពិភពលោកផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក U Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាថ្មី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-មីយ៉ាន់ម៉ា នៅមានកម្រិតនៅឡើយ។

លោកស្រីបញ្ជាក់ថា «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការផ្លាស់ប្ដូរទំនិញ កសិកម្មទៅវិញទៅមក ក្នុងនោះកម្ពុជា មានផលិតផលម្រេចកំពតដែលល្បី នៅក្នុងពិភពលោក ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យខាងភាគីមីយ៉ាន់ម៉ា ពិចារណាក្នុងការនាំចូលម្រេចកំពត ទៅមីយ៉ាន់ម៉ាផងដែរ» ។

លោកស្រី បានថ្លែងថា ទោះបីវិស័យទេសចរណ៍ប្រទេសទាំងពីរនៅមានកម្រិតទាបប៉ុន្តែភាគីទាំងពីរបានប្ដេជ្ញាក្នុងការជំរុញលើវិស័យនេះ។ លោកស្រី គូសបញ្ជាក់ថា ដោយឡែកទាក់ទិនបញ្ហាជនភៀសខ្លួន លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមីយ៉ាន់ម៉ាថា កម្ពុជាមានបទពិសោធន៍ កាលពីកំឡុងឆ្នាំ១៩៩០ ធ្លាប់បានធ្វើមាតុភូមិនិវត្តន៍ និងធ្វើសមាហរណកម្ម ជនភៀសខ្លួនមកក្នុងសង្គម បានជោគជ័យ។

បញ្ហានេះលោកស្រីថា ភាគីកម្ពុជារីករាយនិងត្រៀមខ្លួន ប្រសិនបើមានការស្នើសុំពីមីយ៉ាន់ម៉ា គឺកម្ពុជាអាចចែករំលែកបទពិសោធន៍។ ភាគីមីយ៉ាន់ម៉ា ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលតែងតែគាំទ្រមីយ៉ាន់ម៉ានៅគ្រប់វេទិកាជាពិសេសការដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងរដ្ឋរ៉ាក់ឃីនផងដែរ៕

អត្ថបទទាក់ទង