លិខិតចៅចាក់ស្មុក៖ ប្រជារាស្ត្រខ្មែរជាម៉ែឪកម្ពុជា មិនមែនទូតអាមេរិក ឬអឺរ៉ុបឡើយ
អត្ថបទពិសេសគួរអាន!
ខណៈស្ថានទូត និងស្ថានបេសកកម្មបរទេសនៅកម្ពុជាភាគច្រើន លើសលប់ប្រកាន់គោលជំហរត្រឹមត្រូវ និងគោរពតាមច្បាប់ការទូតគេសង្កេតឃើញថា រយៈពេលជាងមួយខែក្រោយពីការចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ ជនបរទេសពីររូបគឺ វិល្លៀម ហេដ ទូតអាមេរិក និង ចច អេហ្គា ទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជាហាក់ដូចជា បានដើរហួសបន្ទាត់ក្រហមនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ ដែលតម្រូវឱ្យមានការគោរពគ្នាទៅវិញទៅមក ដោយស្មើសិទ្ធិ និងស្មើភាពគ្នា គោរពឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា។ ទូតទាំងពីររូបនេះបានព្យាយាមបង្ហាញពីឥទ្ធិពល របស់ខ្លួនជាតំណាងប្រទេសមហាអំណាចនិងដំឡើងឫក ជាម៉ែឪរបស់កម្ពុជាព្យាយាមដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងឱ្យរដ្ឋអធិបតេយ្យមួយដើម្បីទាមទារឱ្យដោះលែងមេក្លោងក្បត់ជាតិ កឹម សុខា ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
តើឯកអគ្គរដ្ឋទូតទាំងពីររូបនេះ ពិតជាបានបំពេញតួនាទីស្របតាមនយោបាយរបស់រដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុប ឬយកអារម្មណ៍ផ្ទាល់ខ្លួនដែល លម្អៀងទៅរកបក្សប្រឆាំងមកលាយឡំក្នុងកិច្ចការស្ថានទូតតំណាងឱ្យរដ្ឋបាល ដូណាល់ ត្រាំ និងស្ថាប័នធំរបស់អឺរ៉ុប? បើសិនដូច្នេះ វានឹងជាការបំពាន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងជាក់ច្បាស់ និងរំលោភលើច្បាប់ការទូតទៀតផង។
គេចាំបានថាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នៅក្នុងជំនួបជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសនានាប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន កឹម សុខា ប្រធានគណបក្សប្រឆាំងដោយកម្លាំង សមត្ថកិច្ចដោយចោទពីបទសន្ទិដ្ឋិភាពបានលើកឡើងថា៖ «ក្នុងទំនាក់ទំនងការទូតរវាងរដ្ឋ និងរដ្ឋ អ្វីដែលកម្ពុជាចង់បានបំផុត គឺការគោរពគ្នាទៅវិញទៅមកដោយគ្មានការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង»។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានទូតមួយចំនួនបានបង្ហាញពីការព្រួយបារម្ភជ្រុលហួសហេតុជុំវិញស្ថានការណ៍នេះ ក្នុងនោះមានទូតអាមេរិក វិល្លៀម ហេដ និងទូតសហភាពអឺរ៉ុប ចច អេហ្គា ខណៈកម្ពុជាបានអនុវត្តច្បាប់ដើម្បីប្រឆាំង នឹងជនក្បត់ជាតិដែលបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌តាមប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ី។
លោក ប្រាក់ សុខុន បានលើកឡើងទៅកាន់ប្រធានបេសកកម្មការទូតបរទេសបែបនេះថា៖ «តើយើងខ្ញុំ ចង់បានអ្វីពីប្រទេសទាំងអស់នោះ? ពីឯកឧត្តម លោកជំទាវ? គឺការគោរពគ្នាទៅវិញទៅមក ការគោរពឯករាជភាព អធិបតេយ្យភាព និងអព្យាក្រឹត្យភាពរបស់យើងខ្ញុំ។ សូមទុកឲ្យប្រជាជនយើងខ្ញុំ សម្រេចចិត្តដោយសេរីថា តើអ្នកណាជាអ្នកដឹកនាំរបស់ពួកគាត់។ សូមកុំជ្រៀតជ្រែក និងសូមគោរពច្បាប់របស់យើងខ្ញុំ»។
ប៉ុន្តែអគ្គរដ្ឋទូតទាំងពីររូបនេះបានព្យាយាមក្នុងការមិនគោរពតាមការស្នើសុំនេះឡើយ។ ក្រោមមូលហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេព្យាយាមបំពាន គំរាម និងដាក់សម្ពាធជំរុញឱ្យកម្ពុជារំលោភច្បាប់ ដោយដោះលែងជនសង្ស័យដោយមិនឆ្លងកាត់ ការជំនុំជម្រះក្តីឱ្យបានជ្រះស្រឡះ។ ពួកគេដើរតួនាទី និងតាំងខ្លួនជាម៉ែឪក្នុងការបង្រៀនលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់ប្រទេសដទៃ ប៉ុន្តែបែរជាបង្ខំឱ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យមួយរំលោភច្បាប់ ដើម្បីគ្រាន់តែជួយកូនជឹងអនុវត្តផែនការបដិវត្តន៍ពណ៌របស់ខ្លួនម្នាក់។ គេនៅចាំបានថា នៅអំឡុងពេលនៃបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ មេបក្សប្រឆាំងទាំងពីររូបគឺ សម រង្ស៊ី និងកឹម សុខា បានចូលទៅស្ថានទូតអាមេរិកជាច្រើនដង។ តើចូលទៅក្នុងបំណងអ្វី?
គេប្រាកដជាអាចស្មានដឹងថា ស្ថានទូតអាមេរិកអាចជាទីបញ្ជាការនៃបដិវត្តន៍ពណ៌ផងក៏មិនដឹង ព្រោះបើតាមសម្តីរបស់ កឹម សុខា ថ្លែងជាមួយសកម្មជន របស់ខ្លួននៅអូស្ត្រាលី អាមេរិកបានជួយលោកក្នុងការរៀបចំផែន ការផ្លាស់ប្តូររបបនិងមេដឹកនាំតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ហើយអាមេរិកថែមទាំងបានជួយ កឹម សុខា យ៉ាងច្រើនរហូតមកទល់សព្វថ្ងៃនេះ។ តំណាងទូតអឺរ៉ុបមួយចំនួនក៏បាន ជួបជាមួយមន្ត្រីគណបក្សប្រឆាំងផងដែរ។ ចំណែកអង្គការសង្គមស៊ីវិលអាមេរិក មួយចំនួនបានជួយបណ្តុះបណ្តាល និងរៀបចំផែនការក្បត់ជាតិជាមួយបក្សប្រឆាំងដូចជាអង្គការ NDI អង្គការ IRI និង CANVAS ជាដើម។
តើនេះជាគោលនយោបាយរបស់អាមេរិក និងអឺរ៉ុបដែលគាំទ្រនិងលើកតម្កើងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? ទាល់តែប្រទេសកម្ពុជាធ្វើតាមអ្វីដែល ខ្លួនចង់បាន ឬគូសបន្ទាត់ឱ្យដើរ ទើបថាជាប្រទេសសេរី និងគោរពលទ្ធិប្រជាធិបតេយ្យ? នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកលើពលរដ្ឋខ្មែរជិត ៣លានតោន អាមេរិកមិនដែលនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ ។ ពេលដែលជនរងគ្រោះខ្មែរបានរំដោះខ្លួនចេញពីរបបខ្មែរក្រហម ខំប្រឹងត្រដររស់ បែរជាក្រុមបស្ទឹមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយប្រឆាំងនឹងការរស់រានរបស់ជាតិ និងប្រជាជនកម្ពុជាដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ពួកគេមិនដែលនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសូម្បីតែមួយមាត់។ ចុះហេតុអ្វីនៅពេលនេះ ពួកគេទន្ទេញជាប់មាត់នូវពាក្យថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ?
នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា៖
«ប្រទេសកម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ប្រទេសមួយចំនួន ស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិ ព្រមទាំងអង្គការក្រៅរដ្ឋាបាលអន្តរជាតិមួយចំនួន ដែលសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែនៅពេលណាដែលតម្លៃនេះបម្រើឱ្យ ផលប្រយោជន៍ជាក់ស្តែង របស់មហាអំណាចធំៗមួយចំនួនដោយយោងតាមកាលានុវត្តភាពនៃពេលវេលា។ បើគ្មានផលប្រយោជន៍ទេ គឺគេរក្សាភាពស្ងប់ស្ងៀម។ ជាញឹកញាប់ ភាពស្ងប់ស្ងាត់គឺស្មើនឹងការឃុបឃិតគ្នា»។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយ សារការប្រើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាឧបករណ៍នយោបាយ អស់ រយៈពេលជាង ១២ ឆ្នាំដែលអំឡុងពេលនោះ អត្ថិភាពនៃឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៃ ការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរ ជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជាជាគោលដៅនៃការរិះគន់ឥតឈប់ឈរដែលត្រូវបានធ្វើ ឡើងដោយយោងតាមតែរបាយការណ៍តែមួយជ្រុង និងលម្អៀង។ របាយការណ៍ទាំង នោះតែងតែបន្ទោសរាជរដ្ឋាភិបាល និងលើកតម្កើងបក្សប្រឆាំងថា ជាអ្នកបូជាក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ របាយការណ៍ទាំងនោះ ជានិច្ចកាល និងជាទូទៅត្រូវបានធ្វើឡើងដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល។ រីឯឥរិយាបថខុសឆ្គង និងខុសច្បាប់របស់ក្រុមបក្សប្រឆាំង មិនដែលត្រូវបានលើកឡើងទាល់តែសោះ ឬក៏បានលើកឡើងដោយកម្រ។ នេះគឺជាការបញ្ជា្កក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងការបរ ទេសកម្ពុជា ដោយបានចោទសំណួរថា៖ «តើប្រទេសណាមួយដែលមានវត្តមាននៅក្នុងមហាសន្និបាតនេះ នឹងមិនចាត់ការអ្វីសោះចំពោះតំណាងនៃគណបក្សប្រឆាំង ដែលញុះញង់ឱ្យប្រជាជនដកបង្គោលព្រំដែន បញ្ឆេះកំហឹងដោយការញុះញង់ រើសអើងពូជសាសន៍ ការបោះពុម្ពនូវសទ្ធិសញ្ញាក្លែងក្លាយ និងផែនទីក្លែងក្លាយ ដើម្បីឱ្យ ប្រជារាស្ត្រទូទៅយល់ច្រឡំថាទឹកដីកម្ពុជាមួយផ្នែកត្រូវបានទន្ទ្រានកាន់កាប់ដោយ ប្រទេសជិតខាងនោះ?»។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការរិះគន់ថ្មីៗបំផុតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺពាក់ព័ន្ធនឹងការបណ្តេញវិទ្យាស្ថានមួយមកពីគណបក្ស នយោបាយបរទេស ដែលជ្រកក្រោមស្លាកនៃការបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យ តែការពិតបានគាំទ្រ គណបក្សប្រឆាំងដោយពេញទំហឹង និងបានរំលោភបំពានច្បាប់ ការបិទសហគ្រាសសារព័ត៌មានបរទេសមួយដែលបដិសេធមិនគោរពច្បាប់ពន្ធដារ រួមទាំងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងដែលបានសារភាពដោយខ្លួននៅក្នុងខ្សែវិដេអូថា «ខ្លួនគឺជា ឧបករណ៍របស់មហាអំណាចមួយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»។ «តើប្រទេសណា ដែលអាចអត់ឱនឱ្យអាកប្បកិរិយារដ្ឋាភិបាលបរទេសបែបនេះបាននោះ?» នេះគឺជា ការចោទសួររបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហើយលោកបានគូសបញ្ជាក់ថា «យើងបានចាត់ការដោយយោងតាមច្បាប់របស់ប្រទេសយើងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ហើយមិនមែនជាការអនុវត្តតាម ទំនើងចិត្តដូចអ្វីដែលគេបានចោទប្រកាន់នោះឡើយ»។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានផ្តល់មេរៀនសំខាន់មួយដល់យើងគឺ «នៅពេលមហាអំណាច លោកខាងលិចមួយចំនួនបានបង្ខំឱ្យកម្ពុជាដើរតាមផ្លូវដែលពួកគេកំណត់នោះ ប្រទេសកម្ពុជាតែជួបនឹង គ្រោះមហន្តរាយដែលនាំដល់សោកនាដកម្ម ដ៏អាក្រក់បំផុតមួយនៅសតវត្សរ៍កន្លងមក។ សន្តិភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដណ្តើមយកបានជាស្ថាពរនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការអនុវត្តនូវវិធីសាស្ត្ររបស់យើងផ្ទាល់។ នេះគឺជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ថាផ្លូវខ្លះដែលត្រូវបានដាក់បង្ខំពីមជ្ឈដ្ឋានខាងក្រៅច្រើនតែបង្កជា បញ្ហាច្រើនជាងដំណោះស្រាយ»។
លោកបន្តថា៖ «សព្វថ្ងៃ គេចោទប្រកាន់យើងថាបាន ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យដោយសារតែយើងអនុវត្តតាមច្បាប់របស់យើងដែលមានស្រាប់ ដោយប្តឹង និងផ្តន្ទាទោសអ្នកដែលបំពានច្បាប់ទាំងនោះ។ អ្នក ដែលរិះគន់យើង ដែលគំរាមកំហែងយើង មិនគិតគូរពីបទឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តដោយអ្នកដែលពួកគេកំពុងការពារនោះឡើយ»។
ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យក្រុមជនក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះ គ្មានបរទេសណារងគ្រោះជាមួយឡើយ! អតីតកាលនៃប្រទេសកម្ពុជាបានបង្ហាញនូវសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូក ដៃរបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងខ្មែរក្នុងនោះ សម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យខ្មែររងការបំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។ ពេលនេះ ការលុបបំបាត់បក្សប្រឆាំងឧទ្ទាមក្នុងប្រជាធិបតេយ្យនៅកម្ពុជាគឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។
កម្ពុជាប្រឆាំងដាច់ខាតការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរូបភាពបដិវត្តន៍ពណ៌។ អរគុណបរទេសទាំងឡាយដែលបារម្ភពីខ្មែរ ប៉ុន្តែក្រោយរំលាយបក្ស សង្គ្រោះជាតិ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជានឹងបោះជំហានទៅមុខលឿនជាងនេះ ព្រោះបក្សក្បត់ជាតិត្រូវបានដួលរលំ គ្មានអ្នកបំផ្លាញជាតិដើម្បីបរទេសទៀតឡើយ។ អ្វីដែលខ្មែរជ្រើសរើសគឺសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិត និងដើរទៅ មុខជានិច្ច។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបានបំផ្លាញដោយដៃបក្សសង្គ្រោះជាតិ ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីប៊ី។ ដូច្នេះវិល្លៀម ហេដ និងចច អេហ្គា គួរយល់ថាខ្មែរ បានយល់យ៉ាងច្បាស់នួវគោលជំហរលម្អៀងរបស់ពួកអ្នកទៅរកគណបក្ស និងសង្គម ស៊ីវិលដែលមាននិន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាលក្នុងអ្វីដែលមនុស្សភាគច្រើនដាក់ ការសង្ស័យថាលោកទាំងពីរមានទំនាក់ទំនងលម្អៀងមួយក្នុងវិជ្ជាជីវៈជាអ្នកការទូត៕
ដោយ៖ ចៅចាក់ស្មុក