ទីបំផុត! ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២០ ឡើងដល់ ១៩០ដុល្លារ
នៅទីបំផុត! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាការងារ ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។
ការប្រកាសរបស់ក្រសួងការងារ អំពីចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មការប្រឹក្សាការងារ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ ១៨៧ដុល្លារ ហើយបន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានផ្តល់បន្ថែម ៣ដុល្លារទៀតជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើង ១៩០ដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះតែម្តង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ដំឡេីងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជេីង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០២០នេះ មានការកើនឡើង ៨ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម ១៨២ដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ Fresh News