ខ្មែរប៉ុស្ដិ៍ Close

កំណែទម្រង់ផ្ទៃក្នុង៖ កម្ពុជាបោះជំហានទៅមុខជានិច្ចលើការកំណែទម្រង់ដើម្បីភាពសុខដុមរមណីយកម្មសង្គមជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
កំណែទម្រង់ផ្ទៃក្នុង៖ កម្ពុជាបោះជំហានទៅមុខជានិច្ចលើការកំណែទម្រង់ដើម្បីភាពសុខដុមរមណីយកម្មសង្គមជាតិ កំណែទម្រង់ផ្ទៃក្នុង៖ កម្ពុជាបោះជំហានទៅមុខជានិច្ចលើការកំណែទម្រង់ដើម្បីភាពសុខដុមរមណីយកម្មសង្គមជាតិ

ការចាប់ខ្លួនឧកញ៉ា គិត ធាង ពាក់ព័ន្ធសំណុំរឿងអាស្រូវគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ការចាប់ខ្លួនឧកញ៉ា សុខ ប៊ុន ក្នុងសំណុំរឿងឃុបឃិតគ្នាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ការចាប់ខ្លួនឧកញ៉ា សឹង សំអុល និងឧកញ៉ា គង់ គ្រឹង និងមន្ត្រីមេព្រៃនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងសំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើ ការចាប់ខ្លួនមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ និងការបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ការបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់វិធានការប្រឆាំងនឹងអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ការដកហូតតួនាទី​ ដាក់វិន័យលើមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមួយចំនួនដែលបានប្រព្រឹត្តខុសច្បាប់ និងចុងក្រោយនេះតម្រូវឱ្យកងកម្លាំងប្រដាប់អាវុធមិនត្រូវមានងារជាឧកញ៉ា ហើយត្រូវ សម្រេចចិត្តជ្រើសរើសយកតែមួយប៉ុណ្ណោះរវាងងារជាឧកញ៉ា និងតួនាទីនៅក្នុងកម្លាំងប្រដាប់អាវុធ។ ទាំងនេះគឺជាចំណាត់ការដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តប្រឆាំងនឹងការប្រព្រឹត្តបទល្មើសរបស់ជនខិលខូចនិងមន្ត្រីពុករលួយលោភលន់មួយចំនួន ហើយបញ្ជីនៃការវះកាត់បញ្ហាដើម្បីយុត្តិធម៌សង្គម តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារមានច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានសម្រេចវះកាត់ តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» យ៉ាងហ្មត់ចត់បំផុត។

នេះជាដំណើរដ៏វិជ្ជមាននៃការប្រតិបត្តិតាមបាវចនាដឹកនាំប្រទេសដាក់ចុះដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ក្រើនរំឭកមន្ត្រីទាំងអស់របស់សម្តេចថា «ប្រសិនបើយើងធ្វើកំណែទម្រង់ លទ្ធភាពគឺ ៩៩% អាចរស់ ប៉ុន្តែបើសិនជាយើងមិនធ្វើកំណែទម្រង់ទេ នោះលទ្ធភាព ៩៩% អាចស្លាប់»។ ការធ្វើកំណែទម្រង់នេះ ត្រូវបានសម្តេចតេជោនាយរដ្ឋមន្ត្រី អនុវត្តតាំងពីអំឡុងសម័យសង្គ្រាមស៊ីវិលមកម៉្លេះ ទើបរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការកសាងជាតិផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ រហូតឈានដល់ការនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិដូចសព្វថ្ងៃនេះ។ នៅពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល ២០ ឆ្នាំមកហើយ ជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស ហើយក៏ជាឱកាសល្អសម្រាប់ដំណើរការកំណែទម្រង់ខាង ក្នុងដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅតាមរយៈការដាក់​​​អនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលដែលធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ហើយអត្រាភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹម ១០% ក្នុងឆ្នាំ ២០១៤។ កំណែទម្រង់ស៊ីជម្រៅ និងការដាក់ចុះនូវអភិក្រមទាំង ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» គឺជាការពង្រឹងការអនុវត្តនីតិរដ្ឋឱ្យកាន់តែរឹងមាំថែមទៀតស្របតាមការរីកចម្រើនរបស់ប្រទេសហើយបាននិងកំពុងអនុវត្តយ៉ាងក្តៅគគុក​និងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសាធារណមតិជាតិ និងអន្តរជាតិ។

វិធានការដ៏ម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនេះ មិនមែនជា ការប្រើវិធីអារកមាន់ បន្លាចស្វាឡើយ ប៉ុន្តែគឺការបកស្បែកចៀមពីឆ្កែចចកនិងចាប់ឆ្កែចចកដាក់ក្នុងទ្រុងដើម្បីកុំឱ្យលួចស៊ីសាច់ផ្តេសផ្តាសដោយគ្មានខ្លាចញញើត និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាការធ្វើកំណែទម្រង់ពិតប្រាកដដើម្បីបុព្វហេតុភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ព្រមទាំងសម្របនឹងការវិវឌ្ឍនៃស្ថានការណ៍នយោបាយ។ នៅពេលនេះ កម្ពុជាមិនមែនជាប្រទេសក្រីក្រតោកយ៉ាកក្រោយពីរបបខ្មែរក្រហមដួលរលំទៀតឡើយ ហើយក៏ មិនមែនជាប្រទេសដែលពោរពេញដោយសង្គ្រាមស៊ីវិលដែរ ប៉ុន្តែជាប្រទេសដែលមានសុខសន្តិភាពពេញ លេញ មានការអភិវឌ្ឍ និងជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាក៏មិនមែនជាប្រទេសឯកោឡើយ ប៉ុន្តែជាប្រទេសមានទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនានា នៅលើពិភពលោកដោយមានទំនាក់ទំនងស្មើមុខស្មើមាត់ជាមួយប្រទេសនានាលើសកលលោក។ កម្ពុជាត្រូវបានពិភព លោកទទួលស្គាល់ថា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាប្រទេសដែលធ្លាប់តែហែកហួរដោយ សង្គ្រាម មានច្រើនភាគីគ្រប់គ្រងលើប្រទេសតែមួយ បែកចែកទឹកដីគ្នាគ្រប់គ្រងមកជារដ្ឋមួយដែលមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដី ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ ​និងកងយោធពលខេមរភូមិន្ទតែមួយ។ លើសពីនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិដោយបានបញ្ជូនកងទ័ពមួកខៀវរាប់ពាន់នាក់ ចូលរួមបេសកកម្មដ៏មានតម្លៃនេះ។ វាជាមោទនភាពមួយនៃដំណើរការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានប្រើក្លាយពីកម្ពុជាដែលទទួលយកមួកខៀវមកលើប្រទេសរបស់ខ្លួន មកជាប្រទេសបញ្ជូនកងកម្លាំងមួកខៀវទៅកាន់ប្រទេសដទៃវិញ។

នេះជាលទ្ធផលជាក់ស្តែងនៃកំណែទម្រង់ស៊ីជម្រៅដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កំណែទម្រង់បាននិងកំពុងតែធ្វើបន្តទៀតលើគ្រប់វិស័យក្នុងនោះមានទាំងកំណែទម្រង់ ក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់លើវិស័យយុត្តិធម៌ កំណែទម្រង់ លើវិស័យសង្គមកិច្ច ក៏ដូចជាកំណែទម្រង់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ ដើម្បី តម្លាភាព និងគណនេយ្យភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានតឹងរ៉ឹងបំផុតប្រឆាំងនឹងអំពើពុករលួយដោយមិនមានការលើកលែងឡើយ។ ការកសាងជំនឿទុកចិត្តបន្ថែម ក្នុងចំណោមប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យ ហើយច្បាស់ណាស់ទំនុកចិត្តនេះស្តែងឡើង តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតចំនួន ៨៣,២% បានអញ្ជើ្ទទៅបោះឆ្នោតស្មើនឹង ៧ លាននាក់ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងឆ្នោតជិត ៥ លានសំឡេង មានកំណើនសំឡេងច្រើន។ ចំនួនអ្នកអញ្ជើញទៅបោះឆ្នោតដ៏ច្រើន និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៧០%នេះ បង្ហាញថា ពលរដ្ឋបានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃគណបក្សប្រជាជនកម្ពុជា ការសម្រេចបានលទ្ធផលល្អចេញពីកំណែទម្រង់ស៊ីជម្រៅ និងជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ បង្ក្រាបនិងទប់ស្កាត់បានផែនការបដិវត្តន៍ពណ៌របស់ក្រុមជនក្បត់ជាតិ និងបន្តថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់ពលរដ្ឋខ្មែរ។ លទ្ធផលនេះបានធ្វើឱ្យ «យុទ្ធសាស្ត្រដេកផ្ទះ ឈ្នះឯង ឬម្រាមដៃស្អាត»របស់ក្រុមក្បត់ជាតិបរាជ័យយ៉ាងអាម៉ាសជាទីបំផុត។ ពលរដ្ឋខ្មែរមិនស្តាប់ការអំពាវនាវនេះទេព្រោះជាទង្វើប្រាសចាកពីគន្លងប្រជាធិបតេយ្យ និង ជាការញុះញង់នាំឱ្យជាតិធ្លាក់ក្នុងគ្រោះអន្តរាយ។ ពលរដ្ឋខ្មែរមិនដើរតាមពួកគេព្រោះបងប្អូនបានដឹងយ៉ាងច្បាស់ថា បើធ្វើតាមអ្វីដែលក្រុមជនក្បត់ជាតិញុះញង់ លទ្ធផលចុងក្រោយគឺសង្គ្រាម និងចលាចល។ ហេតុ ដូច្មេះហើយបានជាចុងក្រោយនេះ ទោះបីជាក្រុមជនក្បត់ជាតិរត់ចោលស្រុកព្យាយាមញុះញង់បោកប្រាស់ ថាខ្លួននឹងវិលចូលមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក៏ដោយ ក៏ពលរដ្ឋខ្មែរមិនចាប់អារម្មណ៍ ព្រោះពួកគាត់ដឹងថាក្រុមជនក្បត់ជាតិទាំងនោះគ្មានអ្វីនាំមកឱ្យជាតិក្រៅពីបង្កភាពចលាចល បំផ្លាញសុខសន្តិភាពដែលពួកគាត់មានឡើយ។ ពួកគាត់ទាមទារដាច់ខាតត្រូវកម្ចាត់ជនក្បត់ជាតិដែលប៉ងបំផ្លាញជាតិ ឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

ចំពោះមុខនៃការគំរាមកំហែងរបស់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយបរទេសរបស់ពួកគេនេះ ហើយ បានជាចាំបាច់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចាំបាច់ត្រូវតែរួមសាមគ្គីភាពគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន នូវផែនការទុច្ចរិតប៉ុនប៉ងបំផ្លាញខ្មែរ។ កម្ពុជា នឹងនៅតែឈរយ៉ាងត្រដែតជ្រោងទង់មោទនភាពជាតិខ្មែរ ហើយខិតខំបន្តការធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនភាពខ្លាំង និងប្រសិទ្ធភាពការងារ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ។ ទោះបីជាពេលខ្លះកំណែទម្រង់ធ្វើឱ្យមានការឈឺចាប់ ប៉ុន្តែដើម្បីជាតិនិងប្រជាជនរស់ ដើម្បីសន្តិភាព និងការអភិវឌ្ឍមានវត្តមាននៅកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៀត កម្ពុជាត្រូវតែបន្តធ្វើកំណែទម្រង់នេះបន្តទៀត។ កំណែទម្រង់ដែលបាននាំមកនូវភាពរីកចម្រើន កេរ្តិ៍ឈ្មោះល្អ និងទំនុកចិត្តប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជន និងសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍នាពេលថ្មីៗនេះថា «លទ្ធផលនៃការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨ គឺប្រជាពលរដ្ឋខ្មែរបានផ្តល់ឱ្យយើងច្រើនណាស់ ដូច្នេះយើងត្រូវផ្តល់ជូននិងតបស្នងប្រជាពលរដ្ឋវិញតាមរយៈការ ធ្វើអំពើល្អ បម្រើពលរដ្ឋ»

ក្រុមជនក្បត់ជាតិរត់ចោលស្រុកគ្មានអ្វីអួតឡើយ និងគ្មានបានធ្វើអ្វីជួយជាតិឡើយក្រៅពីមួយថ្ងៃៗ នាំគ្នាផ្សព្វផ្សាយពីផែនការខ្យល់នៃការវិលត្រឡប់មកវិញរបស់ជនបោកប្រាស់ និងព្យាយាមបង្កចលាចលបំផ្លាញជាតិខ្មែរ។ កំណែទម្រង់ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើ បានផ្តល់ជំនឿទុកចិត្តទ្វេដងចំពោះរាជរដ្ឋាភិបាលខ្មែរថា ធ្វើបាននិងប្រកបដោយប្រសិទ្ធផលថែមទៀតផង។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តខ្លាំងទាំងនយោបាយ សេដ្ឋកិច្ចនិងការទូត ហើយពលរដ្ឋខ្មែរជាអ្នកដែលបានទទួលពីផ្លែផ្កានៃសន្តិភាព និងកំណែទម្រង់ស៊ីជម្រៅនេះ៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩