ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណះសំណាលជាមួយយុវជន ហុង ភារិន ដើម្បីស្វែងយល់ពីបំណង និងគោលដៅអនាគត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណះសំណាលជាមួយយុវជន ហុង ភារិន ដើម្បីស្វែងយល់ពីបំណង និងគោលដៅអនាគត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណះសំណាលជាមួយយុវជន ហុង ភារិន ដើម្បីស្វែងយល់ពីបំណង និងគោលដៅអនាគត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅព្រឹកថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជា​មួយយុវជនអច្ឆរិយៈ​ ហុង​ ភារិន ដើម្បីស្វែងយល់ពីបំ​ណង និងគោលដៅរបស់យុវជន ភារិន ដែលគាត់ប្រាថ្នាចង់បានសម្រាប់អនាគត។

យុវជនហុង ភារិន ជាយុវជនខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនាពេលថ្មីៗ នេះ តាមរយៈកម្មវិធីមួយរបស់ទូរ​ទស្សន៍ថៃ ដែលគេបានឆ្លើយសំណួរដ៏អស្ចារ្យដែលមនុស្សទូទៅមិនអាចធ្វើបាន។ យុវជនភារិន បានដឹងពីប្រតិទិនដែលមានអាយុកាល ៧០០ឆ្នាំផងដែរ។ យុវជនភារិន ជាយុវជនខ្មែរទទួលអាហាររូបករណ៍សិក្សានៅសាកលវិទ្យាល័យ ល្បីឈ្មោះរបស់ថៃ រយៈពេល៤ឆ្នាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងហ្វេសប៊ុកថា “ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិន​ និងបងប្រុសរបស់គាត់ឈ្មោះ ហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ”។​ លោកបានបន្តថា គោលបំណងនៃការជួបគឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ធ្វើ ដើម្បីងាយស្រួលដល់ការជួយរបស់លោកឲ្យស្របជាមួយបំណងដែលយុវជនភារិន ចង់ទៅ និងចង់បាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងទៀតថា លោកក៏បានជួយហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកពន្ធដារឲ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់៕

អត្ថបទទាក់ទង