ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន៖ “ភូតច្រើន ចាញ់​អាត្មា!”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
ទស្សនៈមិត្ត​អ្នក​អាន៖ “ភូតច្រើន ចាញ់​អាត្មា!” ទស្សនៈមិត្ត​អ្នក​អាន៖ “ភូតច្រើន ចាញ់​អាត្មា!”

ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹង សម រង្ស៊ី ទៅតុលាការបារាំង ខ្ញុំកត់សម្គាល់ថា លោក សម រង្ស៊ី ហាក់នៅមិនសុខ រសាប់រសល់ ស្លន់​ស្លោរ ភ័យ​ព្រួយហឬទ័យ ត្បិតអីពាក្យបណ្តឹងរបស់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា គឺប្តឹងទៅតុលាការប្រទេសបារាំង ជាប្រទេសកំណើតទីពីររបស់ សម រង្ស៊ី និយាយឲ្យខ្លីស្រួលស្តាប់ ពាក្យបណ្តឹងនេះ គឺជាការបកស្បែកចៀម ចេញពីតួអង្គឆ្កែចចក។ ឆ្កែចចកដែលតែងតែរំខានយាយីដល់សេចក្តីសុខរបស់អ្នកស្រុក។

លោក សម រង្ស៊ី នៅមិនសុខរសាប់រសល់ គឺបង្ហាញឡើងតាមរយៈការស្នើសុំវិទ្យុបរទេសសម្ភាសន៍រូបគាត់ម្តងហើយម្តងទៀត ដើម្បីលាងជម្រះខ្លួន ដូចដែល ជុន ចាន់បុត្រ មេវិទ្យុប្រឆាំង (អាស៊ីសេរី) នឹង​ការរីកចម្រើនរបស់​កម្ពុជា តែងធ្វើកន្លងមក ដោយធ្វើជាហៅ​ សម រង្ស៊ី ទៅសម្ភាសន៍ លាងជម្រះភាពខ្មៅកខ្វក់ក្នុងខ្លួន ពាក់ព័ន្ធបញ្ហាដែលកើតមានឡើងចំពោះរូបគាត់ ឬអាចនិយាយមួយបែបទៀតបានថា ជុន ចាន់បុត្រ គឺជាអ្នកចាំលាងគូថឲ្យ សម រង្ស៊ី។

ចុងក្រោយនេះ សម រង្ស៊ី បានសុំសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងបទសម្ភាសន៍ សម រង្ស៊ី និយាយរបៀបស៊ើងប៉ើងថា ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន មិនអាចរារាំងដល់​ដំណើរវិលចូលស្រុកវិញនៅថ្ងៃទី៩វិច្ឆិកា ​របស់ខ្លួនបានទេ គឺគ្មានការផ្លាស់ប្តូរកាលបរិច្ឆេទជា​ដាច់ខាត ត្រូវតែមកកម្ពុជាវិញចំថ្ងៃបុណ្យឯករាជ្យជាតិ។ ស្តាប់មើលមួយភ្លែត ហាក់ដូច សម រង្ស៊ី ច្បាស់លាស់ណាស់អញ្ចឹងរឿងសន្យាវិលចូលស្រុកវិញ​ ទោះជាត្រូវ​ប្រឈមមុខ​នឹងបញ្ហាផ្លូវច្បាប់ដែលកំពុងរួមរិតរូបគាត់ ហើយខ្នោះនិងគុក ក៏កំពុងរង់ចាំវត្តមានគាត់យ៉ាងអន្ទះសារ។ ក៏ប៉ុន្តែ យើងក៏គួរតែដឹងដែរថា ការសន្យារបៀបក្មេងបៀមដៃបែបនេះ មិនមែនជាលើកទីមួយឡើយ ហើយក៏មិនលើកចុងក្រោយដែរ គឺសន្យារាប់ភ្លេច រាប់ឆ្នាំមកហើយ តែមិនឃើញសូម្បីតែស្រមោល សម រង្ស៊ី វិលចូលស្រុកវិញ។
រឿង សម រង្ស៊ី ប្រកាសវិលចូលស្រុក ទោះវ៉ៃឲ្យងាប់ទៀតក៏គ្មានអ្នកណាគេជឿដែរ ហើយរឿងនេះ វារិតតែ​ឆ្ងាយថែមទៀត ពីពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការ​រងនគរបាល​ជាតិ​ គឺមិនពាក់ព័ន្ធនឹងគ្នានោះទេ ក៏ប៉ុន្តែ វា​គ្រាន់​តែជា​លេស​​របស់​ សម រង្ស៊ី ក្នុងការ​លើកពេល​មិន​វិល​ចូល​ស្រុក​ជាថ្មី​ម្តង​ទៀតតាម​កិច្ច​សន្យា​របស់​ខ្លួន ដូច​ដែលធ្លាប់​ដោះ​សារ​ជាច្រើន​លើក​ នាពេល​កន្លង​មក។

នៅពេលនេះ រឿងធំប្រចាំឆាកជីវិតចុងក្រោយក្នុងវ័យជរារបស់ សម រង្ស៊ី គឺការប្រឈមមុខនឹងតុលា​ការ​នៅឯប្រទេសបារាំង ដែលគាត់អះអាងមិនដាច់ពីមាត់ថា ជាតុលាការឯករាជ្យ។ គួររំលឹកបន្តិចថា លោក សម រង្ស៊ី ធ្លាប់ចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅតុលាការប្រទេសបារាំងនេះដែរ ពីបទបរិហារកេរ្តិ៍ ទាក់ទិនការចោទប្រកាន់លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ សម រង្ស៊ី ចាញ់ក្តីនៅពេលនោះ គេមិនលឺ សម រង្ស៊ី សរសើរថា តុលាការនៅស្រុកបារាំងឯករាជ្យ យុត្តិធម៌សោះឡើយ ក៏ប៉ុន្តែទណ្ឌិត​រត់​ចោល​គុក​ បែរតាំង​ខ្លួនជាអ្នក​ឈ្នះ​ក្តី​ទៅ​វិញ។ ម្តងនេះទៀត នៅពេលដែលតុលាការបារាំងទើបតែទទួលបានពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ លោក សម រង្ស៊ី បានប្រកាស​ថា ខ្លួននឹងឈ្នះលើរឿង​ក្តីនេះ ទាំងដែលតុលាការមិនទាន់ដំណើរការក្តីផង។ ដែលនេះវាឆ្លុះបញ្ចាំងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការ ដែលកន្លងមកខ្លួនគាត់​តែងបានចោទប្រកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា បានបញ្ជាលើតុលាការ ឬក៏ចាត់ទុកថា តុលាការកម្ពុជា ជាតុលា​ការ​តេឡេ។ល។
នៅពេលដែលតុលាការដំណើរការក្តី នីតិវិធីរបស់តុលាការបារាំង គឺមិនមែនធ្វើឡើងក្នុងរយៈពេល ១ខែ ឬ២ខែ ចប់នោះទេ អាចនឹងដំណើការនីតិវិធីរាប់ឆ្នាំទៅមុខ​ទៀត​ ទៅតាមស្ថានភាពជាក់ស្តែង។ ម្យ៉ាង តុលាការបារាំង មិនមែនជាកន្លែងដែលពលរដ្ឋបារាំង ជាពិសេស​ដូច សម រង្ស៊ី ចូលចិត្តទៅទេ ពីព្រោះ​ថ្លៃចំណាយលើ​សេវាកម្ម​ផ្សេង​ៗខ្ពស់ណាស់។ ហើយការដោះស្រាយនៅតុលាការ តាមបណ្ដឹងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងលោក ឌី វិជ្ជា អាចជា​ល្បែងកំដរចុងក្រោយ ដែល សម រង្ស៊ី យកទៅបោកអ្នកគាំទ្របន្តបានទៀត តែមិនបានយកទៅសប្បាយហ៊ឺហារ​ដូចមុនបាន​ទេ គឺ​ត្រូវចំណាយ​លើរឿងក្ដីនេះ​។

សម រង្ស៊ី ទ័លច្រកខាងនយោបាយច្រើនលើកច្រើនសាររួចមកហើយ។ សម រង្ស៊ី ចាញ់ការភ្នាល់ និងចាញ់សម្បថ ​ក៏​មិនតិចដងដែរ។ ទណ្ឌិត​រូប​នេះ គ្មានការទទួលខុសត្រូវ គ្មានសីលធម៌ គ្មានគុណធម៌នយោ​បាយ​ឡើយ សូម្បីតែរឿង​លុយធ្វើទូរទស្សន៍ ក៏ សម រង្ស៊ី ហ៊ានបោកប្រាស់សកម្មជនខ្លួនដែរ។ នេះសុទ្ធតែជារឿង​ច្រំដែល ក្នុងឆាក​ជីវិត​នយោបាយរយៈពេល​ជាង ២៥ឆ្នាំ​ របស់ទណ្ឌិត​រូប​នេះ​។ ​សម រង្ស៊ី នៅតែជាជនកំសាក មិនហ៊ានវិលមកចូលស្រុក​ស្លាប់​ក្នុងគុកទេ។ នយោបាយរបស់ សម រង្ស៊ី គឺមិនមែនដើម្បីផលប្រយោ​ជន៍​កម្ពុជាទេ ប៉ុន្តែដើម្បីតែបម្រើគំនិតទុច្ចរិតផ្ទាល់ខ្លួន គំនុំចងអាឃាត និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ​តែប៉ុណ្ណោះ។

ពាក្យ​ចោល​ពោលថា ភូតច្រើន ចាញ់​អាត្មា។ យ៉ាង​ណា​មិញ សម រង្ស៊ី ក្រៅ​ពីមាន​ជំនាញ​ខាង​ញុះញង់​ បង្ក​ចលាចល​សង្គម ហើយ​រត់​យក​រួច​ខ្លួនទៅ​សម្ងំ​សោយសុខ​​នៅក្រៅ​ប្រទេស​ពេល​ប្រព្រឹត្តបទ​​ល្មើស​ម្តងៗនោះ នៅ​​មាន​​ជំនាញ​មួយ​ទៀត គឺជំនាញ​ភូតភរ បោក​ប្រាស់សកម្ម​ជន​ និង​អ្នក​គាំទ្រ​ខ្លួន។ ត្បិត​ថា មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​ តែ សម រង្ស៊ី មិនដែល​យក​ជំនាញ​ដែល​ខ្លួន​មាន​ទៅ​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​ម្តង​ណា​ឡើយ។ មាន​ជំនាញ​ខាង​សេដ្ឋកិច្ច តែ​ សម រង្ស៊ី ទៅ​សំពះ​សុំ​អង្វរ​ឲ្យ​បរទេស កុំ​ទិញទំនិញ​ពី​កម្ពុជា កុំ​ផ្តល់​ជំនួយ​មក​កម្ពុជា និង​កុំ​មក​វិនិយោគ​នៅ​​កម្ពុជា ដែល​ជា​ទង្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ខ្មែរទៅវិញ។

សរុប​មក​វិញ ការ​ប្រកាស​វិល​ចូល​ស្រុករបស់​ សម រង្ស៊ី និង​អាម៉ីអាថោងមួយ​តំបរស្វារនៅ​ថ្ងៃទី៩វិច្ឆិកា​ខាង​មុខ​នេះ គឺ​គ្រាន់​តែ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​បោក​អ្នក​គាំទ្រ​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ជាវិធី​រៃអង្គាស​ប្រមូ​ល​លុយដាក់​​ក្នុង​ហោប៉ៅផ្ទាល់​ខ្លួន​ផងដែរ​។ ​ម្យ៉ាង ថ្ងៃ៩វិច្ឆិកា ជាទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​សម្តេច​ព្រះបរមរតនកោដ្ឋ​​ដណ្តើម​ឯករាជ្យ​ពី​អាណា​និគមនិយម​បារាំង ហើយ​​មិនគួរ​ សម រង្ស៊ី ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា ​ចាត់​ទុក​ជាជន​ក្បត់ជាតិ​តសណ្តាន​​ស៊ី​ឡាក់​ស្នា​ព្រះហត្ថ​របស់​ព្រះ​បរមរតនកោដ្ឋ​ដែរ។ ការ​ប្រកាស​វិល​ចូល​ស្រុក​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ គ្រាន់​​តែ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​​ក្នុង​ថ្ងៃ​ឈប់​សម្រាក តែ​មិនមែន​ជា​ថ្ងៃ​ដែល​ទណ្ឌិត​ សម រង្ស៊ី ត្រូវ​ស្ម័គ្រ​ស្លាប់​នៅក្នុង​គុកនោះ​ទេ។ យ៉ាង​ណា​ក៏ដោយគេ​មើល​ឃើញ​មាន​ពីរ​ករណី​សម្រាប់​ទណ្ឌិត​រូប​នេះ ​ទី១, សម រង្ស៊ី មិនហ៊ាន​វិល​ចូល​ស្រុក​ទេ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទណ្ឌិត​រូប​នេះខ្លាច​គុក​ណាស់​ មិនហ៊ាន​ប្រថុយ​ប្រថាន​ក្នុង​ជីវិត​នយោបាយ​ចុងក្រោយ​នេះ​ទេ។ ទី​២, ប្រសិន​បើ​ សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន អាជ្ញា​ធរ​មាន​សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វីក្រៅ​តែ​ពីការ​អញ្ជើញ​គាត់​ដោយ​ដាក់​ខ្នោះ​ដៃទៅក្រោយ​តាម​ស្ទីល​បរទេស ហើយ​ក្រៀក​គាត់​បណ្តើរ​បញ្ចូល​គុក​តាម​​សម្រួល។ យ៉ាង​នេះ​ក្តី អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ផ្តល់​ឲ្យ​គាត់​ជ្រើស​រើស​ថា តើ​គុកមួយ​ណា​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​ស័ក្តិ​សម​សម្រាប់​រូប​គាត់​សោយ​សុខ​នៅ​ជីវិត​ចុងក្រោយ​នេះ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង