ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី៖ សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងលើគ្រប់វិស័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី៖ សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងលើគ្រប់វិស័យ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី៖ សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងលើគ្រប់វិស័យ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន ដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក ហ៊ីដេហ៊ីហ្សា បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងចាកចេញពីរាជធានីភ្នំពេញនៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ លោក បានសម្តែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះលោកបានសូមគោរពសំដែងនូវការគោរពនិងកោតសរសើរដល់វីរភាពនៃការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ៊ីដេហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលកន្លងមកនេះ។ លោកបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះសោតគឺទទួលបានអំពីការប្រឹងប្រែងរបស់ ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៨ ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាយើងចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ដោយឡែកនៅឆ្នាំ ២០១៨កម្ពុជាបាននាំចេញទៅប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោក បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មី របស់លោកទៅកាន់ប្រទេសហូឡង់បានទទួលជោគជ័យបន្តទៀត៕

អត្ថបទទាក់ទង