ខ្មែរប៉ុស្ដិ៍ Close

លោក ផៃ ស៊ីផាន៖​ សូមអាមេរិក និងចិន ចាត់ទុកកម្ពុជាជាប្អូនស្រីមួយរូបស្រឡាញ់សន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
លោក ផៃ ស៊ីផាន៖​ សូមអាមេរិក និងចិន ចាត់ទុកកម្ពុជាជាប្អូនស្រីមួយរូបស្រឡាញ់សន្តិភាព លោក ផៃ ស៊ីផាន៖​ សូមអាមេរិក និងចិន ចាត់ទុកកម្ពុជាជាប្អូនស្រីមួយរូបស្រឡាញ់សន្តិភាព

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានទទួលយកការបកស្រាយរបស់កម្ពុជាជុំវិញការចោទប្រកាន់រឿងមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា។

លោក ម៉ៃក៍ ប៉ុមប៉េអូ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្តាហ៍កន្លងទៅនៅទីក្រុងបាងកក ប្រទេសថៃ បានស្វាគមន៍ចំពោះការបកស្រាយរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលបានច្រានចោលការចោទប្រកាន់ជុំវិញមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានឱ្យប្រទេសសមាជិកអាស៊ានដទៃទៀតយកគំរូតាមកម្ពុជាថែមទៀតផង។

ក្នុងសន្និសីទព័ត៌សារព័ត៌មានលើបញ្ហានាឡិកាស្ទង់អគ្គិសនីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោក ផៃ ស៊ីផាន បានចាត់ទុកការទទួលស្គាល់របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ជាការផ្តល់យុត្តិធម៌ និងទទួលស្គាល់នូវអធិបតេយ្យភាពរបស់កម្ពុជាពីប្រទេសមហាអំណាចដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

«នេះជាការចាប់អារម្មណ៍ខ្ពស់មួយ ដែលមហាអំណាចមួយទទួលស្គាល់មិនដែលមានទេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាប្រវត្តិសាស្ត្រយើងឃើញនៅចុងឆ្នាំទសវត្សរ៍ឆ្នាំ៦០ និងដើម៧០ គេមិនដែលទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាទេ ជំនាន់សម្តេចព្រះបរមរតនកោដ្ឋ។ ប៉ុន្តែជាលើកទី១ ដែលជាមរតករបស់សម្តេចតេជោ ឬមរតក ហ៊ុន សែន នោះ បានធ្វើឱ្យពិភពលោក បានធ្វើឱ្យមហាអំណាចមួយទទួលស្គាល់នូវអធិបតេយ្យភាពកម្ពុជា»។ លោក ផៃ ស៊ីផាន គូសបញ្ជាក់។

លើសំណុំរឿងចោទប្រកាន់មូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជាពីសំណាក់សារព័ត៌មានអាមេរិកនេះ លោក ផៃ ស៊ីផាន ក៏បានអរគុណដល់ប្រទេសចិន ដែលបានប្រឹងប្រែងទប់ទល់ជាមួយព័ត៌មានបំភ្លៃការពិត និងបង្ហាញនូវការពិត។ ជាពិសេសជួយការពារកម្ពុជាឱ្យស្ថិតនៅជាប្រទេសមួយមានអព្យាក្រឹត និងប្រកបដោយអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងស្ថិតក្នុងដង្កៀបនៃការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចលើលោកធំៗពីរ គឺអាមេរិក និងចិន ដែលមិនខុសពីទសវត្សរ៍ឆ្នាំ៦០ និង៧០នោះឡើយ។ ការប្រជែងឥទ្ធិរបស់ប្រទេសទាំងពីរនាពេលនោះ បានធ្វើឱ្យកម្ពុជារអិលធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារបំផុត។

ក្នុងសន្និសីទនាព្រឹកមិញនេះ លោក ផៃ ស៊ីផាន បានទទូចសុំឱ្យអាមេរិក និងចិនចាត់ទុកកម្ពុជា ជាប្អូនស្រីមួយដែលទើបពេញវ័យត្រូវការសុខសន្តិភាព ដែលអាមេរិក និងចិនមិនគួរបង្កការលំបាកឱ្យកម្ពុជានោះឡើយ។

លោក ផៃ ស៊ីផាន បានទទូចសុំយ៉ាងដូច្នេះ «ដូចខ្ញុំបានលើកឡើងហើយថា កម្ពុជា គឺជាប្អូនស្រីមួយដែលទើបពេញវ័យដូច្នេះមិនគួរបងៗ ទាំងបងសហរដ្ឋអាមេរិក ទាំងបងចិនហ្នឹង ធ្វើឱ្យយើងពិបាកទេ។ ប្អូនស្រីគ្រាន់តែសូមរស់នៅក្នុងសុខសន្តិភាពនេះឯង»។

លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា កម្ពុជានាពេលបច្ចុប្បន្នគ្មានអ្វីក្រៅតែពីកិច្ចសហប្រតិបត្តិការ ហើយគ្មានរៀបចំទិសដៅយុទ្ធសាស្ត្រទៅវាយទៅច្បាំងជាមួយប្រទេសណាមួយនោះទេ គឺនៅតែស្ថិតដូចអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាតឱ្យមានទ័ពបរទេសលើដីខ្លួននោះឡើយ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង