ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរមកពី៥០ប្រទេស ត្រៀមរត់ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ នៅថ្ងៃអាទិត្យនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 43
ភ្ញៀវទេសចរមកពី៥០ប្រទេស ត្រៀមរត់ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ នៅថ្ងៃអាទិត្យនេះ ភ្ញៀវទេសចរមកពី៥០ប្រទេស ត្រៀមរត់ម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ នៅថ្ងៃអាទិត្យនេះ

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ៥០ប្រទេស បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ (Khmer Empire Marathon 2019) នៅតំបន់អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែសីហាចុងសប្ដាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា អ្នកចុះឈ្មោះត្រៀមរត់ម៉ារ៉ាតុងចក្រភពខ្មែរចុងសប្ដាហ៍នេះ គឺមានចំនួនប្រមាណ ៣,១០០នាក់ មកពី ៥០ប្រទេស ក្នុងនោះជនជាតិចិន ឈរលំដាប់ទី១ ហើយជនជាតិជប៉ុន ឈរលំដាប់ទី២ និងម៉ាឡេស៊ី ឈរលំដាប់ទី៣ ។ រីឯប្រជាពលរដ្ឋខ្មែរ ក៏បានចុះឈ្មោះជាង ១,៤០០នាក់ដែរ ។ ចំណែកគណៈកម្មការ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ។

ទន្ទឹមជាមួយគ្នា លោកបានធ្វើការអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ឬធ្វើដំណើរតាមផ្លូវត្រូវរត់ សូមការយោគយល់ និងអធ្យាស្រ័យ ហើយចូលរួមសហការជាមួយគណៈកម្មការ ក្នុងការសម្រួលផ្លូវរត់ នាព្រឹកថ្ងៃអាទិត្យ ដើម្បីផ្ដល់សុវត្ថិភាពជូនភ្ញៀវជាតិ-អន្ដរជាតិ ។ មិនតែប៉ុណ្ណោះ លោកបានលើទឹកចិត្តឲ្យប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ចូលរួមអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់អ្នករត់ទាំងអស់ទៀតផង ។

ចំពោះវិញ្ញាសាត្រូវរត់វិញ រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ដែលត្រូវចេញដំណើរមុនគេ នាវេលាម៉ោង ៤ព្រឹក បន្ទាប់មកមានវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ ។ សម្រាប់ទីតាំងចេញដំណើររក្សានៅដដែល នៅមុខប្រាសាទអង្គរវត្ត ។ តាមគម្រោងក៏នឹងមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ផងដែរ ។

ដោយឡែកគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺផ្ដោតលើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវភ្លៀវ ហើយក៏ផ្សាភ្ជាប់នូវសកម្មភាពមនុស្សធម៌ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ ។ អ្វីដែលពិសេសឆ្នាំនេះ NOCC នឹងបន្ថែមនូវប្រធានបទថ្មីមួយគឺ «យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣» ដើម្បីផ្សព្វផ្សាយអំពីការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា តាមការចង្អុលបង្ហាញរបស់លោករដ្ឋមន្ដ្រី ថោង ខុន ទៀតផង ៕

អត្ថបទទាក់ទង