ខ្មែរប៉ុស្ដិ៍ Close

តាមដីការបស់តុលាការ, ទណ្ឌិត សម រង្ស៉ី ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃនេះ លើករណីបណ្តឹងរបស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្តឹងពីបទញុះញង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តបតាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង លោក សម រង្ស៉ី អំពីបទញុះញង់។

ដីកាកោះហៅ លោក សម រង្ស៉ី ចូលបំភ្លឺបានចេញដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក សម រង្ស៉ី មិនចូលបំភ្លឺតាមការកោះហៅនោះឡើយ ដោយសារតែលោក កំពុងរត់គេចខ្លួន នៅក្រៅប្រទេស រយៈពេលជាង៣ឆ្នាំមកហើយ។

សូមបញ្ជាក់ថា ក្រុមមេធាវីលោកឧបនាយករដ្ឋមន្រ្ដី ស ខេង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោក សម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីលោកឧបនាយករដ្ឋមន្រ្ដី ស ខេង។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់លោក ក្នុង១ឆាកជីវិតនេះ។

លោកបានបញ្ជាក់ថា ការដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ីនេះ គឺជាការដាស់តឿនស្មារតីដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ៕

អត្ថបទទាក់ទង